អានតួអត្ថបទ
ប្រែប្រួលអាកាសធាតុ

ដើម្បី​ទប់ការឡើងកំដៅផែនដី​ឲ្យនៅត្រឹម​២អង្សា គេត្រូវការវិនិយោគទឹកប្រាក់ ២៧០ទ្រីលានដុល្លារ

កិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុ ឬ​Cop​១៥ ​មាន​គោលដៅ ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព មធ្យម​លើ​ផែនដី កើនឡើង​ លើស២អង្សា ពីពេលនេះ​រហូតដល់​ឆ្នាំ ២០៥០។ ប៉ុន្តែ ជាមួយ​សកម្មភាព​នយោបាយ​សព្វថ្ងៃ គេអាច​សម្រេច​គោលដៅ នៅ​ឆ្នាំ ២០៦៩ ពោល​គឺ ២០ឆ្នាំ​ក្រោយ តាមកាលកំណត់។ នេះបើតាម​ការវាយតម្លៃ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រ៉ង​ស្វ៊ីស Swiss Re នៅក្នុង​របាយការណ៍​ចេញផ្សាយ កាលពីថ្ងៃ​សុក្រទី ៧​តុលា។ បើតាម​ក្រុមហ៊ុនធានារ៉ាប់រង​ស្វ៊ីសខាងលើ គេ​ត្រូវការ​វិនិយោគ​បន្ថែម ប្រមាណ ២៧០​ទ្រីលាន​ដុល្លារ ដើម្បី អាច​សម្រេច​តាមគោលដៅ​នៃកិច្ចព្រមព្រៀងប៉ារីស​ស្តីពីអាកាសធាតុ។

ភ្លើងឆេះព្រៃ​នៅ​រដ្ឋកាលីហ្វនីញ៉ា នៅខែ​កញ្ញា ឆ្នាំ ២០២២
ភ្លើងឆេះព្រៃ​នៅ​រដ្ឋកាលីហ្វនីញ៉ា នៅខែ​កញ្ញា ឆ្នាំ ២០២២ AP - Andrew Selsky
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីឆ្នាំ ២០១៦ ការវិនិយោគ​ដើម្បីកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក បាន​កើនឡើង​ជាមធ្យម ៥% ក្នុងមួយឆ្នាំៗ ប៉ុន្តែ ទោះជាយ៉ាងណា វានៅតែ​តិចតួចណាស់ បើសិន​គេ​ចង់​សម្រេច​គោលដៅ​នៃកិច្ចព្រមព្រៀង​ក្រុងប៉ារីស។ នេះជា​ការវាយតម្លៃ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រងស្វ៊ីស Swiss Re មុន​នឹង​បន្ថែមថា ជាមួយសកម្មភាព និង​ការវិនិយោគ​សព្វថ្ងៃ ពិភពលោក​នឹង​អាច​សម្រេចគោលដៅ នៅ​២០ឆ្នាំ ក្រោយ នៃកាលកំណត់(ឆ្នាំ ២០៥០)។

កិច្ចព្រមព្រៀង​ក្រុងប៉ារីស ស្តីពីអាកាសធាតុ​ឆ្នាំ ២០១៥ បាន​ចែង​ពីគោលដៅ ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាពមធ្យម​លើ​ផែនដី កើនឡើង​២អង្សា ឬឲ្យ​នៅត្រឹម ១,៥អង្សា ពីពេលនេះ ដល់​ឆ្នាំ ២០៥០។

តាមការគុណគណនា​របស់​ក្រុមហ៊ុន​ធានារ៉ាប់រងស្វ៊ីស ដើម្បី​សម្រេច​តាម​គោលដៅ​នៃកិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុ ដែលមាន​ចែង​ពី​ហ្សេរ៉ូ កាបូន ឬ​កាបូនសូន្យ គេចាំបាច់ ត្រូវ​ចាក់ទឹកប្រាក់ វិនិយោគ ២៧០ ទ្រីលាន​ដុល្លារ​បន្ថែមទៀត ទៅលើ​វិស័យ ដឹកជញ្ជូន ថាមពល សំណង់ និង​ឧស្សាហកម្ម។ វិស័យដឹកជញ្ជូន​ត្រូវការ​ទឹកប្រាក់វិនិយោគច្រើនជាងគេ ដល់ទៅ ១១៤​ទ្រីលានដុល្លារ ក្នុងហេតុផលថា គេ​នឹង​ត្រូវការចំណាយច្រើន​ទៅលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មី សម្រាប់​ការចរាចរណ៍​រថយន្ត​អគ្គិសនី។ ចំណែក ទឹកប្រាក់ ៦៥ពាន់លានដុល្លារ​បន្ថែមទៀត នឹង​ត្រូវ​វិនិយោគ​លើ​វិស័យសំណង់ ខណៈដែល​វិស័យឧស្សាហកម្ម នឹង​ត្រូវការទឹកប្រាក់វិនិយោគ បន្ថែម ១៤ពាន់លាន​ដុល្លារ។ ការវិនិយោគទឹកប្រាក់ដ៏មហាសាល​នឹង​ផ្តោត​សំខាន់​ទៅ​លើយន្តការ កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក​នៅក្នុង​វិស័យ​សំណង់ និង​ឧស្សាហកម្ម តាមរយៈ​ការប្រើប្រាស់​ថាមពល ប្រកបដោយ​ប្រសិទ្ធិភាព។

សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រងស្វ៊ីស ការវិនិយោគបន្ថែម ក្នុងទឹកប្រាក់ ២៧០ទ្រីលាន​ដុល្លារ នឹងទៅ​ជួយ​កាត់បន្ថយ​ហានិភ័យ នៃវិបត្តិសេដ្ឋកិច្ច​សកល។ ផ្ទុយទៅវិញ បើសិនគេ​មិនធ្វើអ្វីសោះ ឬ​នៅតែ​បន្ត វិនិយោគ​តិចតួច​ដូចសព្វថ្ងៃ នោះពិភពលោក​នឹង​អាច​បាត់បង់​ កំណើនសេដ្ឋកិច្ច ពី​៧ ទៅ ១០% ពីពេលនេះ រហូតដល់​ពាក់កណ្តាល​សតវត្សរ៍​ទី​២១។

ក្រុមហ៊ុនធានារ៉ាប់រង​ស្វ៊ីស បាន​បញ្ចេញ​របាយការណ៍ ទាក់ទាញ ចំណាប់អារម្មណ៍​ឲ្យ​គេបង្កើនការវិនិយោគ​បន្ថែម ដើម្បីទប់ស្កាត់​ការឡើងកំដៅផែនដី ដែលជា​ដើមហេតុ នាំឲ្យមានការប្រែប្រួលអាកាសធាតុ។ ដូចជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ដទៃទៀត ក្រុមហ៊ុន​ស្វ៊ីស Swiss Reត្រូវ​ធានារ៉ាប់រង​បង់សង​ថ្លៃខូចខាត កាន់តែច្រើន ដែល​បង្កឡើង​ដោយ​គ្រោះមហន្តរាយ ធម្មជាតិ ដូចជា​ទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះព្រៃ និង​រលកកំដៅជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ