អានតួអត្ថបទ
ទីផ្សារមូលបត្រ

សង្គ្រាមអ៊ុយក្រែន ៖ ទីផ្សារភាគហ៊ុន​អឺរ៉ុបជ្រួល រុស្ស៊ី​​ចាប់​រង​ឥទ្ធិពល​នៃ​ទណ្ឌកម្ម

តម្លៃ​ប្រេង​ឡើង​ថ្លៃ កំណើន​សេដ្ឋកិច្ច​រង​ការ​គំរាមកំហែង ​អ្នក​វិនិយោគផ្តើម​​ព្រួយ​បារម្ភ​... ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី ពី​សំណាក់​ក្រុម​បស្ចឹម​លោក ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែររបស់​លោក​ពូទីន បាន​និង​កំពុងអង្រួន​​ទីផ្សារ​ភាគហ៊ុន​អឺរ៉ុប​​ឱ្យ​ស្ថិត​ក្នុង​ភាព​មិន​ជាក់​លាក់ និង​ជ្រួល​ច្របល់​ទៅ​តាម​ស្ថានភាព​វិវឌ្ឍ​នៃ​សង្គ្រាមនៅ​អ៊ុយក្រែន។ ចំណែក​ក្នុង​ផ្ទៃ​ប្រទេស​រុស្ស៊ី ទណ្ឌកម្ម​ចាប់សាយ​ឥទ្ធិពល​។ លុយ​រូប្លិ៍​បាន​ដាំក្បាល​ចុះ​អស់​៣០%។

​លុយ​រូប្លិ៍​រុស្ស៊ី​បាន​ធ្លាក់​ថ្លៃ​អស់​៣០%​ នៅ​ថ្ងៃ​ចន្ទទី ២៨កុម្ភៈ ២០២២
​លុយ​រូប្លិ៍​រុស្ស៊ី​បាន​ធ្លាក់​ថ្លៃ​អស់​៣០%​ នៅ​ថ្ងៃ​ចន្ទទី ២៨កុម្ភៈ ២០២២ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្ម​មួយ​ខ្សែ​​របស់​សហភាព​អឺរ៉ុប​ព្រមទាំង​​​ក្រុមប្រទេសមហាអំណាច​G៧ សម្រេច​កាលពី​ចុងសប្តាហ៍​ ដូច​ជា​ បង្ក​ក​លុយ​របស់​ធនាគារ​កណ្តាល​រុស្ស៊ីនៅ​បរទេស ផ្តាច់​រុស្ស៊ីពីប្រព័ន្ធ SWIFT បិទ​ព្រំដែនអាកាស​អឺរ៉ុប​មិន​ឱ្យយន្តហោះ​រុស្ស៊ី​ឆ្លង​កាត់ ព្រមទាំង​បញ្ចេញ​ថវិកា ៤៥០​លាន​អឺរ៉ូ ដើម្បី​ទិញ​អាវុធ​ឱ្យ​អ៊ុយក្រែន ជា​ទណ្ឌកម្ម​​គាបក​​​​​រុស្ស៊ីជា​អតិបរិមារ។ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ បូក​និង​ពាក្យ​គំរាម​របស់​លោក​ពូទីន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ បាន​​ជះ​ផលវិបាក​ខ្លាំង​លើ​ទីផ្សារ​ភាគហ៊ុន​របស់​អឺរ៉ុប​ខ្លួន​ឯង​ដែរ ជាពិសេស​គឺទីផ្សារ​​​​វត្ថុ​ធាតុ​ដើម​ និងបាន​​ធ្វើ​ឱ្យ​មាន​វិបត្តិ​អតិផរណា​កាន់​តែ​ខ្លាំងឡើង​។

វត្ថុ​ធាតុ​ដើម​​បាន​ឡើង​ថ្លៃជា​ថ្មី ៖ ​​ប្រេងឡើង​ថ្លៃ​៥%​ក្នុង​មួយធុង។ ឧស្ម័ន​ធម្មជាតិ​អឺរ៉ុប​ឡើង​ថ្លៃ​២៣% ស្រូវ​សាឡី​ឡើង​៤,៤៨%។

គ្រប់​ទីផ្សារ​ភាគហ៊ុនសំខាន់ៗ​របស់​​អឺរ៉ុប​បាន​ដាំក្បាល​ចុះ​ស្ទើរ​ទាំង​អស់​នៅថ្ងៃ​ចន្ទទី ២៨ កុម្ភៈនេះ។ ភាគ​ហ៊ុន​CAC40 ប៉ារីស​បាន​ធ្លាក់​ថ្លៃ​អស់​ ៣,០៥% និង​អស់​២,៣៩% សម្រាប់​ភាគហ៊ុនDAXហ្វ្រង់ហ្វ័រ​អាល្លឺម៉ង់ -១,៥៤% នៅឡុងដ៍ មីឡង់-២,៥៩និង-៣,១៨%​សម្រាប់​EuroStoxx50។ ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​ធន់​គួរ​សម ៖ តូក្យូ​ឡើង​បាន​០,១៩% សៀងហៃ ០,៣២% ​តែ​ហុងកុង​ធ្លាក់​ថ្លៃ​បន្តិច (-០,២៤%)។

នៅ​ប៉ារីស វិស័យ​ធនាគារ​រង​ផល​ប៉ះពាល់​ជាពិសេស​តែ​ម្តង ព្រោះ​ធនាគារ​ខ្លះ​មានរកស៊ី​ពាក់ព័ន្ធនឹង​រុស្ស៊ី ជាក់​ស្តែង​¨ភាគហ៊ុន​របស់​ធនាគារ​ Société générale និង​ធនាគារ​BNP បាន​ធ្លាក់​ចុះ​៧% ធនាគារ​Crédit agricole -៥%​។ ផ្ទុយ​ទៅ​វិញ​ ក្នុង​វិស័យ​ការពារ​ជាតិ​និង​អាកាសចរណ៍ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិតសព្វាវុធ​បារាំង Thalès បាន​ស្ទុះ​ឡើង​១៥% និង៨,៤%​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ​Dassault។

ចំណែកខាង​​រុស្ស៊ីវិញ ប្រាក់​រូប្ល បាន​ធ្លាក់​ថ្លៃ​អស់​៣០%​។ នៅ​ថ្ងៃ​ចន្ទ​ទី ២៨កុម្ភៈ​នេះ លុយ​រូប្ល​ធ្លាក់​ថ្លៃ​ទាប​បំផុត​ជា​ប្រវត្តិសាស្ត្រ ​១១៩,៥០រូប្ល ទើបទិញ​បាន​មួយ​​ដុល្លារ ​។ កាតធនាគារ​បរទេស​គាំង​ប្រើ​លែង​កើត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​តាំង​ពី​ថ្ងៃ​អាទិត្យ​មក ហើយ​លុយ​សុទ្ធ​កាត់​ក្រៗ​ទៅ ដោយ​គេ​លែង​អាច​ទាញដូរ​យក​​លុយ​ដុល្លារ ឬ​អឺរ៉ូ​ពី​ធនាគារ​រុស្ស៊ី​បាន​ទៀត​ហើយ។ គឺ​មាន​តែ​​លុយ​រូប្ល​ប៉ុណ្ណោះ។

លុយ​រូប្ល​ធ្លាក់​ថ្លៃ​ខ្លាំងមិន​ធ្លាប់​មាន បាន​ជំរុញ​ឱ្យ​ធនាគារ​កណ្តាល​រុស្ស៊ី ផ្អាក​រាល់​គ្រប់​សកម្មភាព​ដោះដូរ​លុយ រហូត​ដល់​ម៉ោង​៣រសៀល ឬ​ពេញមួយ​ថ្ងៃ​នេះ​តែ​ម្តង​ផង។ Sberbank ធនាគារ​ជាតិ​រុស្ស៊ី កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង និង​អាច​បើក​ប្រាក់​បៀរវត្សរ៍​ឱ្យ​​តែ​អ្នក​រដ្ឋការណា​មាន​​គណនី​ក្នុង​ធនាគារ​ជាតិ​នេះ​ទេ។ ប៉ុន្តែ​នេះ​មិន​មែន​​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ឡើយ​ទេ នៅ​មាន​ផលវិបាក​មើល​មិន​ឃើញ​ជា​ច្រើន​ផ្សេង​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ