ប្រជាជនម៉ាលីបោះឆ្នោតប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មី ដែលពង្រឹងអំណាចរបបសិក
ថ្ងៃអាទិត្យទិ១៨មិថុនានេះ ប្រជាជនម៉ាលី ត្រូវចូលរួមបោះឆ្នោតប្រជាមតិ ដើម្បីសម្រេចទទួលយល់ព្រម ឬមិនយល់ព្រម ទៅលើរដ្ឋធម្មនុញ្ញថ្មី ដែលក្រុមយោធាម៉ាលីបានរៀបចំតាក់តែង។ របបសិកម៉ាលី បានអះអាងថា រដ្ឋធម្មនុញ្ញថ្មីនេះ នឹងនាំម៉ាលីទៅកាន់លទ្ធិប្រជាធិបតេយ្យ ដោយរដ្ឋនឹងមានអំណាចរឹងមាំ ដើម្បីការពារអធិបតេយ្យភាពម៉ាលី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៤
ប្រជាជនម៉ាលីជាង៨លាននាក់ ត្រូវសម្រេចចិត្តតាមរយៈសន្លឹកឆ្នោត ព្រម ឬ មិនព្រម ទទួលយករដ្ឋធម្មនុញ្ញថ្មី។ រដ្ឋធម្មនុញ្ញដែលត្រូវបានតាក់តែងឡើង ដោយក្រុមយោធាដឹកនាំដោយលោកមេបញ្ជាការ Assimi Goïta ។ រដ្ឋធម្មនុញ្ញថ្មីនេះ មានខ្លឹមសារពង្រឹងអំណាចប្រធានាធិបតី ឲ្យកាន់តែណែនក្នុងដៃ។ តាមការវិភាគ តាមរយៈរដ្ឋធម្មនុញ្ញថ្មីនេះ គឺលោកមេបញ្ជាការ Assimi Goïta ដែលបានធ្វើរដ្ឋប្រហារយោធាកាលពី២០២០ នឹងឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅខែកុម្ភៈឆ្នាំ២០២៤។
លទ្ធផលប្រជាមតិនេះ នឹងត្រូវប្រកាស នៅរវាង៣ថ្ងៃទៀត។ ប៉ុន្តែតាមការរំពឹងទុក គឺសន្លឹកឆ្នោត យល់ព្រម ទំនងជាអាចបានជ័យជំនះ។ តែយ៉ាងណា អ្នកសង្កេតការណ៍កំពុងតាមដានអំពីទំហំចំនួននៃអ្នកទៅបោះឆ្នោត។ អត្រាចំនួនអ្នកទៅបោះឆ្នោត អាចជាតួលេខបញ្ជាក់ថា តើប្រជាជនម៉ាលី គាំទ្រការគ្រប់គ្រងអំណាចរបស់ក្រុមយោធាកម្រិតណា។ ជានេះទៀត រដ្ឋធម្មនុញ្ញថ្មីនេះ គឺប្រាកដណាស់ ដែលវាជាមធ្យោបាយដើម្បីអនុញ្ញាតឲ្យក្រុមយោធា បន្តដឹកនាំម៉ាលីតទៅទៀត ក្រោមរូបភាពសន្យាថានឹងពង្រឹងលទ្ធិប្រជាធិបតេយ្យ។
ការពង្រឹង “អធិបតេយ្យភាពជាតិម៉ាលី” លែងស្ថិតនៅក្រោមឥទ្ធិពលរបស់មហាអំណាចបរទេស គឺជាអ្វីដែលក្រុមយោធាម៉ាលី តែងតែប្រកាសក្តែងក្តែង ដើម្បីប្រមូលអូសទាញប្រជាជនម៉ាលី ឲ្យគាំទ្ររដ្ឋធម្មនុញ្ញថ្មីនេះ។ តែទន្ទឹមនឹងនេះ ប្រទេសម៉ាលី នៅតែប្រឈមនឹងបញ្ហាអសន្តិសុខដ៏គ្រោះថ្នាក់បំផុត ដោយសារតែក្រុមជីហាតភេរវកម្ម។ បន្ថែមពីនេះ ប្រទេសនេះប្រឈមនឹងបញ្ហាច្រើនជំពូកទៀត ដូចជាសេដ្ឋកិច្ចក្រីក្រ ខ្វះស្បៀងអាហារ បញ្ហាសុខាភិបាលទន់ខ្សោយ និងប្រព័ន្ធអប់រំដែលបាក់ស្រុត។
សូមរំលឹកថា របបសិកម៉ាលីបានបណ្តេញកងទ័ពបារាំង ដែលទៅធ្វើប្រតិបត្តិការទប់ស្កាត់ក្រុមជីហាតអ៊ីស្លាម ឲ្យចាកចេញពីទឹកដីខ្លួន។ ផ្អែកតាមប្រភពព័ត៌មានច្បាស់ការណ៍ជាច្រើន បានអះអាងថា ធាតុពិតគឺក្រុមយោធាម៉ាលី បានងាកទៅសហការ ជាមួយក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី ហើយរកលេសបណ្តេញកងទ័ពបារាំងចេញ។ ជាងនេះទៀត ការបោះឆ្នោតប្រជាមតិនៅថ្ងៃអាទិត្យទី១៨មិថុនានេះ ធ្វើឡើង១ថ្ងៃក្រោយ ដែលរបបសិកម៉ាលីនេះ បានប្រកាសបណ្តេញកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ ឲ្យចេញពីទឹកដីខ្លួន ដោយអះអាងថា ខ្លួនអាចមានសមត្ថភាពការពារសន្តិសុខ ដោយមធ្យោបាយផ្ទាល់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ