អានតួអត្ថបទ
ចិន-អចលនវត្ថុ

តុលាការ​ហុងកុង​សម្រេច​​រំលាយ​ក្រុមហ៊ុន​អចលនវត្ថុ​ចិនEvergrande

តុលាការ​ហុងកុង​បាន​ចេញ​បញ្ជា​នៅ​ថ្ងៃ​ចន្ទទី​២៩​មករា​២០២៤នេះ ឱ្យ​រំលាយ​ក្រុមហ៊ុន ​អចលនវត្ថុ​ដ៏​ធំ​បង្អស់​របស់​ចិន Evergrande​។ ក្រុមហ៊ុន​ជួប​ការ​លំបាក​ហិរញ្ញវត្ថុ​អស់​ជា​ច្រើន​ខែមកហើយ​ និង​បាន​ក្លាយ​ជា​និម្មិតរូប​នៃ​វិបត្តិ​អចលនវត្ថុ​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​Evergrande បាន​អះអាងថា​​នឹងនៅ​តែ​​បន្ត​សកម្មភាព​ដដែល។

តុលាការ​ហុងកុង​សម្រេច​​រំលាយ​ក្រុមហ៊ុន​អចលនវត្ថុ​Evergrande
តុលាការ​ហុងកុង​សម្រេច​​រំលាយ​ក្រុមហ៊ុន​អចលនវត្ថុ​Evergrande AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

ជា​មហាក្រុមហ៊ុន​អចលនវត្ថុ​និង​សំណង់ដ៏​ធំ​បំផុត​នៅ​ចិន Evergrande​មាន​បំណុល​ឡើង​ដល់​ជាង​៣២៨ពាន់​លាន​ដុល្លារ​អាមេរិក និងបាន​ធ្វើ​ឱ្យ​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោកវិលវល់​​ក្នុង​វិបត្តិ​អចលនវត្ថុ​។ ​“ក្រុមហ៊ុន​គ្មាន​វឌ្ឍនភាព​​ គ្មាន​​ផែនការ​សង្គ្រោះ​គួរ​ជា​ទី​ទុក​ចិត្ត​ ទើប​តុលាការ​សម្រេច​ចេញ​ដីកា​ឱ្យ​រំលាយ​សហគ្រាស​នេះ”។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ចៅក្រម​ហុងកុង​ លោកស្រី​ លីនដា ចាន់ ដែល​ត្រូវ​ប្រកាស​តែង​តាំង​អ្នក​ទទួល​បន្ទុកទូទាត់​បំណុល​ឱ្យ​​ក្រុមហ៊ុន​នៅពេល​រសៀល​ជាមួយ​នឹង​ខ្លឹម​សារ​លម្អិត​នៃ​សាលក្រមផង។ ជាមួយ​សេចក្តី​សម្រេច​របស់​តុលាការ ម្ចាស់​ក្រុមហ៊ុន​លោក​Xu Jiayin លែង​មាន​សិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន​ទៀត​ហើយ។ សាលក្រម​ចេញភ្លាម​ ភាគហ៊ុន​របស់ Evergrande​​នៅ​ហុងកុង​បានដាំក្បាល​​ធ្លាក់​អស់​ជាង​២០%។

ប៉ុន្តែគេ​​មិន​ដឹង​ថា​តើ​សេចក្តី​សម្រេច​របស់​តុលាការនៃ​កោះ​ពាក់​កណ្តាល​ស្វយ័ត​ហុងកុង​នេះ អា​ច​នឹង​ត្រូវ​អនុវត្ត​បាន​លើ​ទឹក​ដី​ចិន​ដែន​ទ្វីប​ទាំង​មូល​ ដែលមាន​ច្បាប់​ផ្សេង និង​ដែល​​ក្រុមហ៊ុន​មាន​​ទីស្នាក់​ការ​ធំនៅ​ ឬ​យ៉ាងណាទេ។ បើ​តាម​ទី​ចាត់ការ​ក្រុមហ៊ុន​ សេចក្តី​សម្រេច​របស់​តុលាការ​ហុងកុង​គ្មានប៉ះពាល់​​នឹង​ប្រតិបត្តិការ​នៅ​លើ​ចិន​ដី​គោក​ឡើយ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ អគ្គនាយក​ក្រុមហ៊ុន Evergrande​ហុងកុង​ បាន​បញ្ជាក់​ថាក្រុមហ៊ុន​បន្ត​ប្រឹង​ឱ្យ​អស់​ពីលទ្ធភាព​​ក្នុង​ការ​រក្សា​ស្ថិរភាពនិង​​ដំណើរការរបស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ចិន។ សម្រាប់​អ្នក​វិភាគ​វិញ បើ​ទោះបី​ជា​ការប្រកាស​ដួលរំលំក្រុមហ៊ុន​នៅ​ហុងកុង​មាន​លក្ខណៈ​មិន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​រកស៊ី​នៅចិន​ដីគោក​មែន​តែ​​ អ្នក​វិនិយោគ​បរទេស​នៅ​ចិន​ច្បាស់​ជា​អស់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង។

តើ​ប៉េកាំង​នឹង​បញ្ចេញ​ប្រតិកម្ម​យ៉ាងណា?

ផ្តើម​មាន​​វិបត្តិ​បំណុល​​នៅ​ឆ្នាំ​២០២១​​ វិបត្តិ​របស់​ក្រុមហ៊ុន​ Evergrande​ដែល​ក៏​បាន​ប្រកាស​ក្ស័យធន​តាំង​ពី​ខែ​សីហា២០២៣​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ប៉េកាំង​តាមដាន​យ៉ាង​ស្អិត​បំផុត​ ព្រោះ​ក្រុមហ៊ុន​ធ្លាប់​ជា​សរសរទ្រូង​នៃសេដ្ឋកិច្ច​ជាតិ។ វិស័យ​សំណង់​និង​អចលនវត្ថុ​ តំណាង​ឱ្យ​មួយភាគ​បួន​នៃផលិតផល​សរុប​​ចិន​។ តែ​បំណុល​ដ៏​មហាសាល​ក្នុង​វិស័យ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាត់​ទុក​ជា​ហានិភ័យ​ធំ​សម្រាប់​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុប្រទេស ទើប​ប៉េកាំង​ចាប់​បណ្តឹង​លក្ខខណ្ឌ​ខ្ចី​លុយទិញ​ផ្ទះកាន់​ឡើងៗ​ចាប់​ពី​ឆ្នាំ​២០២០មក និង​បាន​ចេញ​វិធានការ​ជា​ច្រើន​ជួយ​ស្តា​រ​សង្គ្រោះ​វិស័យ​អចលនវត្ថុ តែ​មាន​ប្រសិទ្ធភាព​ទាប។​

ថ្ងៃ​នេះសេចក្តី​សម្រេច​របស់​តុលាការ​ហុងកុង បាន​រុញ​ច្រាន​​វិបត្តិ​អចលនវត្ថុ​ចិនឱ្យ​​ឈាន​ចូល​ដល់​ដំណាក់កាលថ្មី​មួយ​ទៀត។ អាជ្ញាធរ​ចិនតាមដាន​យ៉ាង​ប្រយ័ត្ន​ប្រយែង​ និង​ទំនង​ជា​អ្នក​ចាត់​ចែង​ការ​ទូទាត់​រំលាយ​ក្រុមហ៊ុន​នេះ​ផង ដើម្បី​កុំ​ឱ្យឆ្លង​រាល​ដាល​ទៅ​ដល់​វិស័យ​ផ្សេង​នៃ​សេដ្ឋកិច្ច។ នេះ​បើ​តាមការ​វិភាគ​របស់​លោក​Shane Oliver ​​សេដ្ឋវិទូ​​នៃ​សហគ្រាស​ហិរញ្ញវត្ថុ​AMP៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ