អានតួអត្ថបទ
ចិន-អចលនវត្ថុ-ទីផ្សារភាគហ៊ុន

ទីផ្សារ​ភាគ​ហ៊ុន​ចាប់​ងើប​វិញ​ក្រោយ​ក្រុម​ហ៊ុន​Evergrandeបង់​ការ​ប្រាក់​ឲ្យ​ម្ចាស់​បំណុល

ទីផ្សារ​ភាគហ៊ុន​អឺរ៉ុប​ និង​អាស៊ី​ បាន​ចាប់​ស្ទុះ​ងើប​ឡើង​មក​វិញ​បន្តិច​នៅ​ថ្ងៃ​សុក្រ ទី២២​ តុលា​ ដោយសារ​តែបញ្ហា​បំណុល​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ចិន​ Evergrande មិន​សូវ​ធ្ងន់​ធ្ងរខ្លាំង​ដូចមុន​។ Evergrande​ នៅទី​បំផុត​ អាច​បង់​ការ​ប្រាក់​ឲ្យទៅ​ម្ចាស់​បំណុល​មុន​ថ្ងៃ​ផុត​កំណត់​ ជា​ហេតុនាំ​ឲ្យ​ទីផ្សា​រហិរញ្ញវត្ថុ​ជួប​ភាព​ធូរស្រាលវិញ​ខ្លះ​។

ក្រោយរបាយការណ៍មួយប្រកាសថាក្រុមហ៊ុន Evergrande បានបង់ការប្រាក់ទៅឲ្យម្ចាស់បំណុលមុនថ្ងៃកំណត់ ទីផ្សារភាគហ៊ុនក៏ស្ទុះងើបឡើងមកវិញបន្តិច។
ក្រោយរបាយការណ៍មួយប្រកាសថាក្រុមហ៊ុន Evergrande បានបង់ការប្រាក់ទៅឲ្យម្ចាស់បំណុលមុនថ្ងៃកំណត់ ទីផ្សារភាគហ៊ុនក៏ស្ទុះងើបឡើងមកវិញបន្តិច។ Hector RETAMAL AFP/File
ផ្សាយពាណិជ្ជកម្ម

ទីផ្សារ​ភាគហ៊ុន​បាន​ស្ទុះ​ងើប​ឡើង​មក​វិញប​​ន្តិច​ ក្រោយ​ពេល​ដែល​វិនិយោគិន​លែង​សូវ​បារម្ភ​ខ្លាំងដូចមុនទៀត​ថា​ក្រុមហ៊ុន​អចលនទ្យព្យដ៏ធំ​របស់​ចិន​ Evergrande នឹង​ត្រូវ​ដួល​រលំ​ក្ស័យធន​។

បើ​យោង​តាម​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន​កាលពីថ្ងៃសុក្រ​ ទី២២ តុលា​ ក្រុមហ៊ុន​ Evergrande​ បាន​ធ្វើ​ការ​ទូទាត់​បង់ការប្រាក់ឲ្យ​ម្ចាស់បំណុល​មួយថ្ងៃ​មុនពេល​កំណត់​នាចុងសប្តាហ៍នេះ​។ ដូច្នោះ​ក្តីរំពឹងដែលថា​ក្រុមហ៊ុន​អាច​នឹង​ដើរ​គេច​ផុត​ពី​គ្រោះក្ស័យធន​ក៏​ចាប់​មាន​ពន្លឺ​មក​វិញ​ខ្លះ​។

នៅ​មួយ​រយៈមុន​ វិបត្តិ​ជន់លិច​ក្នុង​បំណុល​ជាង ​៣០០ ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏ធំ​របស់​ចិនដូចជា​ Evergrande បាន​ធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងខ្លាំងដល់​អារម្មណ៍​អ្នកវិនិយោគ​ និង​បង្កឲ្យ​មាន​ក្តី​បារម្ភ​ថាបើ​ Evergrande ដួលរលំ នោះសេដ្ឋកិច្ច​ទាំងមូល​នឹងរង​ផល​ប៉ះពាល់​ជាក់ជាមិនខាន​។

ក្រោយ​បាន​បង់​ការ​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​បំណុល​ ​តម្លៃ​ភាគ​ហ៊ុន​របស់​ Evergrande ក្នុង​ទីក្រុង​ហុងកុង​ បាន​កើនឡើងជាង​ ៤ %​នៅថ្ងៃសុក្រ។ យ៉ាងណាក៏ដោយ​ ក្រុម​អ្នក​សង្កេតការណ៍​បាន​ព្រមានថា​អនាគត​របស់​ក្រុមហ៊ុន Evergrande​ នៅតែ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅឡើយ​ ព្រោះថា​ក្រុមហ៊ុន​នៅ​មាន​បំណុល​ជាច្រើនផ្សេងទៀត​ដែល​ត្រូវ​សងមុន​ដំណាច់​ឆ្នាំ២០២១នេះ​។

គួររំឭកថា​ កាល​ពីឆ្នាំទៅមិញ​ រដ្ឋាភិបាលទីក្រុងប៉េកាំង​បាន​ចាប់​បង្ក្រាប​ទម្លាប់​ខ្ចី​ប្រាក់​ដោយ​គ្មាន​ភាព​ប្រុង​ប្រយ័ត្ន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​។ វិធានការនេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ក្រុមហ៊ុន​ក្នុងការ​បញ្ចប់​គម្រោង​សាងសង់របស់ពួកគេ​។

ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ចិនជាច្រើន​មានដូចជា​ Evergrande Sinic និង Fantasia បាន​ធ្លាក់​ខ្លួន​ក្នុង​វិបត្តិ​បំណុល​ ហើយ​ប្រឈម​នឹង​ការ​ក្ស័យធន​។ បញ្ហានេះ​បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា​ និង​ការ​តវ៉ា​ដ៏កម្រ​ជាសាធារណៈ​ពី​អ្នក​ទិញផ្ទះ​ អ្នក​ផ្គត់ផ្គង់​ និង​វិនិយោគិន​នៅចិនដែលព្រួយ​បារម្ភពី​ប៉ះពាល់ធ្ងន់ធ្ងរ​ដែលនឹងអាចកើតចេញពីការ​ដួល​រលំ​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ