អានតួអត្ថបទ
សមុទ្ទចិន​ខាង​ត្បូង

ចិនចោទ​អាមេរិក​ថា​កូរវឹក​បញ្ហាក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង បារាំងសុំ​​​ឱ្យ​ប៉េកាំង​កុំ​បន្ថែមវិបត្តិ

សម្រាប់​ចិន​ អាមេរិក​បាន​កូរ​ឱ្យ​មាន​ភាព​តាន​តឹង​នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ដោយ​ចេតនា​ តាម​រយៈ​ការ​បញ្ជូន​នាវា​សង្គ្រាម​ទៅ​ក្នុង​តំបន់​ដែន​ទឹក​ជាប់​ជម្លោះ​រវាងចិន​និង​បណ្តា​ប្រទេស​ជិត​ខាង។ ចំណែក​ឯ​លោកស្រី​រដ្ឋមន្ត្រីការបរទេស​បារាំង ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​វិញ បាន​អំពាវនាវ​ឱ្យ​ចិន​កុំ​បញ្ចេញ​សកម្ម​បែប​បង្ក​រឿង​បន្ថែម​ទៀត។

In this handout photo released by Armed Forces of the Philippines, Philippines BRP Jose Rizal (FF150), right, and USS Gabrielle Giffords (LCS 10) during a tactical exercise between Philippines and the
នាវា​ចម្បាំង​អាមេរិក​USS Gabrielle Giffords (LCS 10)និង​នាវា​យោធា​ហ្វីលីពីន​ពេល​ធ្វើ​សមយុទ្ទ​រួមគ្នា AP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទទី​៤​ធ្នូ​នេះ​ ចិន​បាន​អះអាង​ថា​អាមេរិក​បាន​បង្កើន​ភាព​តាន​តឹង​​ ដោយ​បញ្ជូន​នាវា​ចម្បាំង​USS Gabrielle Giffords ដោយ​ខុស​ច្បាប់​ និង​ដោយ​គ្មានកា​រយល់​ព្រម​ពី​រដ្ឋាភិបាល​​ចិន​ ទៅ​ចូលកៀក​​តំបន់​ដែន​ថ្ម​ប៉ប្រះ​ទឹក​Ren’ai នៃ​តំបន់​ណាន់ស្ហា​របស់​ចិន​ ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​សំដី​​របស់​អ្នក​នាំពាក្យ​នៃ​ទី​បញ្ជាការ​ដ្ឋាន​យោធាចិនភាគ​ខាង​ត្បូង​ ដោយ​ព្រមាន​ថា​ ការធ្វើ​ឱ្យ​ស្ថានភាព​នៅ​តំបន់​សមុទ្ទ​ចិន​ខាង​ត្បូងឡើង​​តាន​តឹង​ដោយ​ចេតនា ពី​សំណាក់​សហរដ្ឋ​​អាមេរិក​នេះ​​ គឺ​ជា​ការ​រំលោភ​បូរណភាព​ដែន​ដី​និង​សន្តិសុខ​របស់​ចិនដ៏​ធ្ងន់ធ្ងរ។

តំបន់​ថ្ម​ប៉ប្រះ​ទឹក​ Ren’ai ហៅ​តាម​ចិន ឬជា​​តំបន់​ថ្ម​ប៉ប្រះ​ទឹក​Second Thomas​ សម្រាប់​ហ្វីលីពីន ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ពី​កោះ​ប៉ាឡាវ៉ាន់​របស់​ហ្វីលីពីន និង​ដល់​ទៅ​ជាង​១០០០​គីឡូម៉ែត្រពី​កោះ​ហៃណាន់ ​ដែន​ដី​ចិន​ដ៏​ជិត​បំផុត។ តែ​ចិន​តែង​បង្ហាញមហិច្ឆតាចង់​គ្រប់​គ្រង​តំបន់សមុទ្ទ​ចិន​ខាង​ត្បូង​ស្ទើរ​ទាំងស្រុង រាប់ទាំង​តំបន់​ដែន​ទឹក និង​កូន​កោះ​តូចៗ​នៅជិត​ឆ្នេរ​ប្រទេស​ជិត​ខាងដូច​ជា​ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី​ តៃវ៉ាន់ ឬ​វៀតណាម​ ដោយ​មិន​ខ្វល់​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៦​ទេ។ ជាង​នេះ​ទៅ​ទៀត​ ចិន​បាន​បង្កើន​​ការ​ល្បាត​កំញើញ​​ទូក​នេសាទរបស់​ប្រទេស​ជិតខាងពិសេស​​ហ្វីលីពីន​ ​នៅ​ក្នុង​តំបន់​ជាប់​ជម្លោះ​និង​ពង្រីក​​វត្តមាន​យោធាដល់​តំបន់​អាស៊ីប៉ាស៊ីហ្វិក ដែល​ជា​ហេតុ​នាំ​ឱ្យ​ភាព​តាន​តឹងដល់​ជាមួយ​ប្រទេសអូស្ត្រាលី​ថែម​ទៀត។ កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ នាវា​សង្គ្រាម​ចិន​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​មុជ​ទឹក​អូស្ត្រាលី​រង​របួសផង។

ក្នុង​ស្ថានភាព​បែប​នេះ លោកស្រី កាទ្រីន កូឡូណា​ រដ្ឋមន្ត្រី​ការបរទេស​បារាំង​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អូស្រ្តាលី បាន​អំពាវនាវ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ​ឱ្យចិន​កុំ​ធ្វើ​សកម្មភាព​បង្ក​ហេតុ​នៅក្នុង​សមុទ្ទ​ចិន​ខាងត្បូង​ ​ ព្រោះ​ពិភពលោក​កំពុង​មាន​​វិបត្តិ​ច្រើន​ណាស់ ច្បាស់​ជា​មិន​ត្រូវការ​បន្ថែម​វិបត្តិ​មួយ​ទៀត​ឡើយ​។ សម្រាប់​លោកស្រី​រដ្ឋមន្ត្រីបារាំង ចិន​មាន​សិទ្ធិ​​បន្ត​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​របស់ខ្លួន​ដោយ​សេរី តែ​ចិន​ក៏​ត្រូវ​គោរព​ច្បាប់​អន្តរជាតិ​និង​រក្សា​ភាព​ស្ងប់​ស្ងាត់ព្រមទាំង​ស្ថិរភាព​ក្នុង​តំបន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ