អានតួអត្ថបទ
អ៊ីរ៉ង់

បោះឆ្នោតនៅអ៊ីរ៉ង់ ដោយ​គ្មានសង្ឃឹមថានឹងមាន​ការ​ផ្លាស់​ប្តូរ ទាំងនយោបាយ​ទាំងសេដ្ឋកិច្ច

ថ្ងៃសុក្រទី​១មីនានេះ​​ ប្រជាជន​អ៊ីរ៉ង់​ប្រមាណ​​៦០​លាន​នាក់ ត្រូវទៅបោះឆ្នោត​ជ្រើសរើសសមាជិកសភា និង​សមាជិកក្រុមប្រឹក្សាជំនាញ ដែលមានតួនាទី​ទៅ​តែងតាំង​មគុទេសន៍​កំពូលអ៊ីរ៉ង់។ ជាការបោះឆ្នោត ដែល​គេមិន​រំពឹងថា នឹង អាចធ្វើ​ឲ្យ​មាន​​​ការផ្លាស់ប្តូរអ្វី​ឡើយ ទាំងនយោបាយ​ទាំងសេដ្ឋកិច្ច​​​ ព្រោះក្រុមនយោបាយ​​អភិរក្សនិយមជ្រុល នឹងបន្តគ្រប់គ្រងអំណាច​យ៉ាងណែនដដែល​ បើទោះបី​ជាជីវភាពរស់នៅ របស់​​​ប្រជាជនអ៊ីរ៉ង់​ កាន់តែលំបាក​។

មគុទេសន៍សាសនាអ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាមឺណី កំពុងបោះឆ្នោត នៅ​ក្រុងតេអេរ៉ង់ ថ្ងៃទី ១ មីនា ២០២៤
មគុទេសន៍សាសនាអ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាមឺណី កំពុងបោះឆ្នោត នៅ​ក្រុងតេអេរ៉ង់ ថ្ងៃទី ១ មីនា ២០២៤ AP
ផ្សាយពាណិជ្ជកម្ម

ព្រឹកម៉ោង៨ អាយ៉ាតូឡា អាលីខាមឺណី បានទៅបើកឆាក ទម្លាក់សន្លឹកឆ្នោតចូលហិប មុន​គេ​​នៅក្រុង តេអេរ៉ង់។ បោះរួច អាយ៉ាតូឡា អាលីខាមឺណី បានថ្លែងអំពាវនាវ ឲ្យប្រជាជន​អ៊ីរ៉ង់ ជាពិសេសយុវជនដែល​ទើបតែគ្រប់អាយុបោះឆ្នោត ត្រូវទៅចូលរួម​បោះឆ្នោត ឲ្យ​បានភ្លូកទឹកភ្លូកដី ដើម្បីបង្ហាញប្រាប់ពិភពលោក ថាប្រជាជនអ៊ីរ៉ង់សកម្ម ហើយ​​ស្រលាញ់ជាតិ​។

មគុទេសន៍​កំពូលផ្តាច់ការអ៊ីរ៉ង់រូបនេះ បាន​ថ្លែងថា សត្រូវរបស់អ៊ីរ៉ង់ ដែលមានអាមេរិក​ អឺរ៉ុប និង​ពួកអ៊ីស្រាអែល គឺពួកនេះខ្លាច​កម្លាំងថាមពល​របស់​ប្រជាជនអ៊ីរ៉ង់ណាស់​។ ពួកនេះ​រងចាំតាមដាន​មើល ថាតើប្រជាជន​អ៊ីរ៉ង់​ មានកម្លាំង​រួបរួមគ្នា​កម្រិតណា ព្រោះថាពួកវា ចាំតែឆក់ឱកាស ដើម្បី​គំរាមមកលើសន្តិសុខរបស់​អ៊ីរ៉ង់តែប៉ុណ្ណោះ។

គួរកត់សំគាល់ថា អ្វីដែល​អំណាចនយោបាយ​អ៊ីរ៉ង់​ ចង់​បានបំផុត គឺការ​ចូលរួម​បោះឆ្នោត​របស់ប្រជាជនក្នុងអត្រាខ្ពស់​ ព្រោះវាជា​សក្ខីកម្មបញ្ជាក់ពីភាពស្របច្បាប់នៃរបបផ្តាច់ការនេះ​។ យ៉ាងណាក៏ដោយ គឺមិនរំពឹងថា ប្រជាជនអ៊ីរ៉ង់​នឹងទៅចូលរួមបោះឆ្នោត​ច្រើននោះទេ។ កាលពី​ពេលបោះឆ្នោត​ឆ្នាំ​២០២០ អត្រាអ្នកទៅបោះឆ្នោត​មានតែ ៤២,៥៧% ដែលជាអត្រាទាបបំផុត ចាប់តាំងពីរបប​សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បាន​កកើតមក នៅឆ្នាំ​១៩៧៩។ ផ្អែកតាម​ការស្ទាបស្ទង់មតិមួយ ផ្សាយ​ដោយ​បណ្តាញទូរទស្សន៍ជាតិ​អ៊ីរ៉ង់ គឺមាន​តែ​ប្រជាជន​៤១%ទេ ដែល​គិតថានឹងទៅ​បោះឆ្នោត​។

គួរបញ្ជាក់ថា បើនិយាយពី​នយោបាយ​វិញ គឺមិនសង្ឃឹមថា ការបោះឆ្នោតនេះ នឹងអាចធ្វើ​ឲ្យ​ប្រែប្រួលអ្វីធំដុំដែរ នៅក្នុងសមាសភាព​សភាអ៊ីរ៉ង់ ដែលបច្ចុប្បន្ន គឺពួកអភិរក្សនិយមជ្រុល គ្រប់គ្រងអាសនៈ ដល់ទៅ២៣០ លើ​២៩០។ បេក្ខជន​ខ្លះ នៃ​ក្រុមចលនានយោបាយកណ្តាលនិយម និង​កំណែទម្រង់និយម ត្រូវបាន​គេរារាំងមិនឲ្យឈរឈ្មោះ។ សម្ព័ន្ធបក្សនយោបាយកំណែទម្រង់និយម បាន​ដកខ្លួនមិនចូលរួម​ការបោះឆ្នោតនេះ និង​បាន​បរិហារថា ជាការបោះឆ្នោត​ដែលគ្មានន័យ។

បន្ថែមពីនេះ ក្រុមនយោបាយ​អភិរក្សនិយមជ្រុលអ៊ីរ៉ង់​ ត្រូវគេជឿថានឹង​ឈានទៅ​ពង្រឹងអំណាចបន្ថែមទៀត នៅក្នុងក្រុមប្រឹក្សាជំនាញ តាមរយៈការ​រារាំងមិន​ឲ្យ​អ្នកមានទំនោរកំណែទម្រង់​ អាចឈរឈ្មោះបាន​។ ក្រុមប្រឹក្សាជំនាញនេះ មានសមាជិកចំនួន​៨៨នាក់ សុទ្ធសឹងតែជា​មេដឹកនាំសាសនាអ៊ីស្លាម​ ហើយដែលមានតួនាទី​បោះឆ្នោត តែងតាំងអាយ៉ាតូឡា មគុទេសន៍​កំពូល។ លោក ហាសាន់ រ៉ូហានី អតីតប្រធានាធិបតី​អ៊ីរ៉ង់ ដែលធ្លាប់ធ្វើជាសាមជិក​​ក្រុមប្រឹក្សានេះអស់​២៤ឆ្នាំ លើកនេះត្រូវ​គេ​បដិសេធមិន​ឲ្យឈរឈ្មោះ។

គួរកត់សំគាល់ដែរថា បរិបទនយោបាយ សេដ្ឋកិច្ច​យ៉ាប់យឺន ព្រមទាំង​ការកៀបសង្កត់សិទ្ធិសេរីភាព បានធ្វើ​ឲ្យ​ប្រជាជនអ៊ីរ៉ង់នឿយណាយ​អស់សង្ឃឹមនឹង​របបដឹកនាំ​។​ ចលនាបាតុកម្ម​ នៅក្រោយ​ការស្លាប់របស់​ Mahsa Amini បានសាបរលាបទៅ​ ដោយ​ការ​បង្ក្រាប​យ៉ាងហិង្សា មនុស្សស្លាប់ច្រើនរយនាក់ និងរាប់ពាន់នាក់ត្រូវគេចាប់ដាក់ឃុំ។​ រាល់ថ្ងៃនេះ អ្វីដែល​ប្រជាជនអ៊ីរ៉ង់ខ្វាយខ្វល់បំផុត គឺបញ្ហាសេដ្ឋកិច្ច ជីវភាពដែលកាន់តែលំបាក។ អត្រាអតិផរណា បានឡើងដល់ជិត ៥០% ធ្វើឲ្យ​តម្លៃទំនិញឡើងថ្លៃ​ជាលំដាប់។ ប្រជាជនអ៊ីរ៉ង់ទូទៅ គ្មានសង្ឃឹមថាសមាជិក​សភាថ្មី នឹងអាចដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចបានទេ ដរាបណា​របបអ៊ីរ៉ង់នៅតែស្ថិតនៅ​ឯកោលើឆាកអន្តរជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ