អានតួអត្ថបទ
ពាណិជ្ជកម្ម

WTO បើក​សន្និសីទប្រចាំឆ្នាំ ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម និងភាព​​​តានតឹងភូមិសាស្ត្រនយោបាយ

អង្គការពាណិជ្ជកម្មពិភពលោក បានចាប់ផ្តើម​បើក​សន្និសីទប្រចាំឆ្នាំរបស់ខ្លួន នៅ​ឯទីក្រុង​អាប៊ូដាប៊ី ចាប់ពីថ្ងៃចន្ទ ទី​២៦កុម្ភៈនេះទៅ។ ការជជែកគ្នា ដែលនឹងផ្តោតទៅលើ​ការរៀបចំអនាគត តាមរយៈការធ្វើកំណែទម្រង់ចាំបាច់ ដើម្បីពង្រឹងតួនាទី​របស់ស្ថាប័ននេះ ក្នុងការដោះស្រាយ​វិវាទពាណិជ្ជកម្ម​។ តែយ៉ាងណា គ្មានក្តីសង្ឃឹមប៉ុន្មាន​​ឡើយ ថា​សមាជិក​​អង្គការពាណិជ្ជកម្មពិភពលោក ​អាចស្វែង​រក​ការ​ស្រុះស្រួល​គ្នា ខណៈ​ពេលនេះ ​​បរិបទ​ភូមិសាស្ត្រនយោបាយតានតឹងខ្លាំង​​ ដែលធ្វើបាប​​ចរាចរណ៍ទំនិញ​ទូទាំងពិភពលោក។

លោកអគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក​ Ngozi Okonjo-Iweala កំពុងថ្លែងសុន្ទរកថា​ ពេល​បើកសន្និសីទលើកទី​១៣ នៅក្រុងអាប៊ូដាប៊ី ថ្ងៃទី ២៦​កុម្ភៈ ២០២៤
លោកអគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក​ Ngozi Okonjo-Iweala កំពុងថ្លែងសុន្ទរកថា​ ពេល​បើកសន្និសីទលើកទី​១៣ នៅក្រុងអាប៊ូដាប៊ី ថ្ងៃទី ២៦​កុម្ភៈ ២០២៤ AP - Jon Gambrell
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុង​ឱកាសបើកសន្និសីទប្រចាំឆ្នាំ លើកទី​១៣ នៅអាប៊ូដាប៊ី លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការ​ពាណិជ្ជកម្មពិភពលោក បានលើកឡើងថា « គឺពេលនេះហើយ ជាពេលដែលត្រូវស្រុះស្រួលគ្នាលើសេចក្តីសម្រេចចាំបាច់មួយចំនួន ដើម្បី​កសាងអនាគតដែល​ល្អប្រសើរ សម្រាប់​ពាណិជ្ជកម្មពិភពលោក​ »។

ចំណែក​​លោកស្រី Athaliah Lesiba Molokomme ប្រធានអគ្គក្រុមប្រឹក្សា​នៃអង្គការពាណិជ្ជកម្ម​ពិភពលោក ​បាន​​លើក​ឡើង​ថា « នៅក្នុ​ងបរិបទបច្ចុប្បន្ន​ ដែលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និង​ភាព​តាន​តឹង​​ខ្លាំង​​ផ្នែក​ភូមិសាស្ត្រ​​នយោបាយ​ផងនោះ​ គឺយើង​ទាំងអស់​គ្នា​ត្រូវ​​រួម​គ្នាធ្វើយ៉ាងណា ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មាន​ភាពរឹងមាំ អាច​​ផ្លោះរំលងឧបសគ្គនានាបាន​ »។

គួររំលឹកថា កាលពី​សន្និសីទលើកមុន គឺនៅឆ្នាំ​២០២២ សមាជិកអង្គការ​ពាណិជ្ជកម្មពិភពលោក បាន​បង្ហាញ​ការយល់ឃើញថា ត្រូវតែស្វែងរកការស្រុះស្រួលគ្នា ដើម្បី​រៀបចំកិច្ចព្រមព្រៀងស្តីពី​វិស័យ​នេសាទ ព្រមទាំងវិស័យ​ពាណិជ្ជកម្ម​បច្ចេកវិទ្យាអេឡិចត្រូនិក​។​ ចំណុចមួយទៀតដ៏សំខាន់នោះ គឺ​ការធ្វើ​កំណែទម្រង់​ យន្តការដោះស្រាយវិវាទ​របស់​អង្គការពាណិជ្ជកម្មពិភពលោក​។ បច្ចុប្បន្ននេះ អង្គភាព​ទទួលបណ្តឹងទាស់ (Appellate Body/Organe d’Appel) មិនអាចដំណើរការដោះស្រាយវិវាទបានទេ ដោយសារតែសហរដ្ឋអាមេរិក បាន​បដិសេធមិនព្រមបោះឆ្នោត​តែងតាំងចៅក្រម​នៃអង្គភាពនេះ​។​

លោក Valdis Dombrovskis ស្នងការអឺរ៉ុប​ទទួលបន្ទុក​ពាណិជ្ជកម្ម បានទទួលស្គាល់ថា ការចរចាគ្នា​នៅក្នុងសន្និសីទនេះ ទាក់ទិននឹង​បញ្ហាវិស័យនេសាទ កសិកម្ម និង​ពាណិជ្ជកម្ម​ទំនិញអេឡិកត្រូនិក​ ទំនងជាពិបាកតឹងតែខ្លាំងណាស់។ បញ្ហាចោទ គឺ​ស្ថាប័ននេះ ត្រូវការ​ការយល់ព្រមជាឯកច្ឆ័ន្ទ ដើម្បីអាចសម្រេចអ្វីមួយ​បាន​។ ទាក់ទិននឹងការធ្វើកំណែទម្រង់ អង្គភាព​ទទួលបណ្តឹងទាស់វិញ ថ្វីបើ​ការចរចាគ្នា​បាន​ហុច​ផល​វិជ្ជ​មានខ្លះនៅហ្សឺណែវ តែក៏នៅពិបាកសង្ឃឹមដែរ ថាសហរដ្ឋអាមេរិក​នឹង​​ព្រមធ្វើសម្បទាន​។ លោកស្រី Marcelo Olarreaga សាស្ត្រាចារ្យសេដ្ឋកិច្ចនិងគ្រប់គ្រងនៅសកលវិទ្យាល័យហ្សឺណែវ បាន​អះអាងថា រដ្ឋបាលលោកចូបៃដិន ទំនងជា​មិនអាចធ្វើសម្បទានធំដុំបានទេក្នុងពេលនេះ ដោយសារជិតបោះឆ្នោត​។

ដោយឡែក មន្ត្រីទូតខ្លះនៅហ្សឺណែវ បានថ្លែងការបារម្ភថា លោកដូណាល់ ត្រាំ​ អាចនឹងត្រលប់​មកកាន់អំណាចវិញ ហើយនឹងធ្វើឲ្យ​​​រាំងស្ទះទាំងអស់ ដល់ដំណើរការទូទៅ និង​តួនាទី​របស់អង្គការពាណិជ្ជកម្មពិភពលោក​។ ដូច្នេះ​ ឱកាសសន្និសីទនៅអាប៊ូដាប៊ីនាពេលនេះ គឺជាឱកាសចុងក្រោយ​ហើយ ដើម្បី​ធ្វើកំណែទម្រង់ ​ឲ្យយន្តការដោះស្រាយ​វិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក អាចដំណើរការឡើងវិញបាន មុននឹងអ្វីៗហួសពេល។​

សូមបញ្ជាក់ដែរថា ទន្ទឹមនឹង​ក្តីបារម្ភទាំងនេះ លោកស្រីអគ្គនាយិកា WTO បានប្រកាស​ដំណឹងល្អ កាល​ពី​យប់​ថ្ងៃអាទិត្យ ថាប្រទេសចំនួន​១២៣ បានយល់ព្រមគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីមួយ ដែលសំដៅ ជួយសម្រួល​ដល់​ការបោះទុនវិនិយោគ​និងការអភិវឌ្ឍន៍​។ កិច្ចព្រមព្រៀងនេះ នឹងជួយដល់​ការទាក់ទាញ​​ការវិនិយោគដោយផ្ទាល់ពីបរទេស ដើម្បី​បង្កើនសន្ទុះសេដ្ឋកិច្ច កម្លាំងផលិត​ ​បង្កើតការងារថ្មី​ៗ និងជំរុញ​ការ​​​ធ្វើសមាហរណកម្ម​​ ​ក្នុងបណ្តាញផ្គត់ផ្គង់ពិភពលោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ