អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

លោកនេតាន់យ៉ាហ៊ូ​ស្នើផែនការ​ក្រោយសង្គ្រាម​ ដែល​អ៊ីស្រាអែលគ្រប់គ្រងសន្តិសុខតំបន់ហ្កាហ្សានិង​ស៊ីហ្សកដានី

លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ បេនចាមិន នេតាន់យ៉ាហ៊ូ បាន​បង្ហាញ​ឯកសារមួយ ដែលកំណត់អំពីផែនការ នៅក្រោយ​ពេលចប់សង្គ្រាម​នៅហ្កាហ្សា​។ ជាផែនការ​ដែលអ៊ីស្រាអែល និង​គ្រប់គ្រងផ្នែកសន្តិសុខ ទាំងនៅ​តំបន់ស៊ីហ្សកដានី និង​តំបន់ហ្កាហ្សា។ សំណើនេះ​ ត្រូវបាន​អាជ្ញាធរប៉ាឡេស្ទីន ប្រកាសច្រានចោលភ្លាមៗដែរ​។

អគារបាក់បែកនៅតំបន់ Rafah ភាគខាងត្បូងហ្កាហ្សា ថ្ងៃទី ២២ កុម្ភៈ ២០២៤
អគារបាក់បែកនៅតំបន់ Rafah ភាគខាងត្បូងហ្កាហ្សា ថ្ងៃទី ២២ កុម្ភៈ ២០២៤ AP - Fatima Shbair
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃព្រហស្បតិ៍ លោកនេតានយ៉ាហ៊ូ បាន​ដាក់ជូន​គម្រោង​ផែនការក្រោយសង្គ្រាម ទៅកាន់​ការិយាល័យ​​សន្តិសុខ នៃរដ្ឋាភិបាលអ៊ីស្រាអែល។ ឯកសារដែលមានច្រើនចំណុចនេះ បាន​ចាប់ផ្តើម​ដោយ​រំលឹកថា កម្មវត្ថុរបស់កងទ័ព​អ៊ីស្រាអែល គឺឈានទៅ​បំបែក​បោសសំអាត​ក្រុមភេរវកម្មហាម៉ាស និង​ក្រុមភេរវកម្ម​ជីហាត​អ៊ីស្លាម ឲ្យអស់ពីតំបន់ហ្កាហ្សា ព្រមទាំងឈានទៅរំដោះចំណាប់ខ្មាំង​ទាំងអស់ មកវិញដោយសុវត្ថិភាព​។​

យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបានទទួលឯកសារនេះមួយច្បាប់ដែរ គឺ លោកនេតាន់យ៉ាហ៊ូ បានស្នើថា អាជ្ញាធរអ៊ីស្រាអែលនឹងបន្តគ្រប់គ្រងផ្នែកសន្តិសុខទាំងស្រុង នៅតំបន់​ហ្កាហ្សា និង​តំបន់ស៊ីហ្សកដានី​។ អ៊ីស្រាអែល​​គ្រប់គ្រង​​ផ្នែក​​សន្តិសុខ គឺ​ក្នុង​កម្មវត្ថុ ទប់ស្កាត់​ឲ្យ​បាន នូវការប្រមូលកម្លាំងរបស់ពួកភេរវកម្ម ព្រមទាំង​ជីកគាស់រំលើងឲ្យ​បាន នូវ​ការគម្រាមគ្រប់ទម្រង់ មកលើសន្តិសុខរបស់អ៊ីស្រាអែល​។

ឯកសារនេះ បន្តថា អ៊ីស្រាអែលនឹងរក្សា​លទ្ធភាព​បើកបេសកម្ម នៅក្នុងតំបន់ហ្កាហ្សា ដោយគ្មានកំណត់ពេលវេលាឡើយ​។ ចំណែក​នៅឯព្រំដែន​ជាប់អាហ្ស៊ីប ខាងត្បូងហ្កាហ្សា ដែល​ក្រុមហាម៉ាសបាន​ជីករូងក្រោមដីខ្វែងខ្វាត់រាប់សិបឆ្នាំមកហើយនោះ គឺអ៊ីស្រាអែលនឹងបន្ត​ប្រតិបត្តិការបិទខ្ទប់ ដោយសហការជាមួយអេហ្ស៊ីប​ និងជំនួយពីសហរដ្ឋអាមេរិក ដោយធ្វើយ៉ាងណា បិទផ្លូវ​កុំឲ្យ​ក្រុមហាម៉ាសអាចប្រមូលកម្លាំងនិង​​មាន​អាវុធ​ឡើងវិញបាន​។ បន្ថែមពី​ការ​រំលាយ​សមត្ថភាពយោធាទាំងស្រុងនៅហ្កាហ្សា ផែនការរបស់​លោកនេតាន់យ៉ាហ៊ូ បាន​កំណត់ផងដែរ អំពីគាស់រំលើងចោល​នូវចរន្តជ្រុលនិយមនៅតាម​ វិហារ​សាសនាអ៊ីស្លាម តាមសាលារៀន និង​អង្គការសមាគមនៅហ្កាហ្សា​។

ដោយឡែក ទាក់ទិននឹងការគ្រប់គ្រងរដ្ឋបាលតំបន់ហ្កាហ្សាវិញ ផែនការរបស់​លោកនេតាន់យ៉ាហ៊ូ បាន​ស្នើថា នឹងត្រូវប្រគល់ទៅឲ្យ​ បុគ្គលិក​រដ្ឋមូលដ្ឋាន​នៅតំបន់ហ្កាហ្សា ដែលមានបទពិសោធន៍ការងារ ហើយ​មិនជាប់ពាក់ព័ន្ធនឹង​ ប្រទេស​ឬបណ្តាញ​ដែលគាំទ្រ​ក្រុមភេរវកម្ម​។

គួរកត់សំគាល់ថា ផែនការស្នើដោយលោកនេតាន់យ៉ាហ៊ូនេះ គឺពុំមានលើកឡើងទាល់តែសោះ អំពី​ អាជ្ញាធរ​ប៉ាឡេស្ទីន របស់​លោក​ម៉ាហមូដ​ អាបាស ដែលបច្ចុប្បន្នគ្រប់គ្រងរដ្ឋបាលតំបន់ស៊ីហ្សកដានី​។ អ្វីដែល​គួរឲ្យ​កត់​សំគាស់​បំផុតទៀតនោះ គឺ​ផែនការ​នេះ មិនបាន​លើកឡើងឡើយ អំពីការបង្កើតរដ្ឋប៉ាឡេស្ទីនជាប្រទេសឯករាជ្យផ្លូវការ​។

ក្រោយដំណឹងស្តីពីផែនការនេះ លោក Nabil Abou Rudeinah អ្នកនាំពាក្យរបស់លោក​ម៉ាហមូដ អាបាស បានចេញលិខិតប្រកាសមួយ ដោយ​បានលើកឡើងថា​ តាមរយៈផែនកានេះ គឺ​នេតាន់យ៉ាហ៊ូចង់​បន្តគ្រប់គ្រង​ដែន​ដីប៉ាឡេស្ទីនជារៀងដរាប និង​រារាំងមិន​ឲ្យ​រដ្ឋប៉ាឡេស្ទីនអាចចាប់បដិសន្ធិបាន​។ ផែនការតែមួយគត់ ដែលភាគីប៉ាឡេស្ទីន​អាចទទួលយកបាន គឺត្រូវប្រកាស​ថា ​តំបន់ហ្កាហ្សាជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន ពី​ដែនដីប៉ាឡេស្ទីន ដែលជាប្រទេសឯករាជ្យ និង​ដោយ​មានទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានី​។

សូមបញ្ជាក់ដែរថា ការបង្ហាញ​ផែនការ “ក្រោយសង្គ្រាម​”​ របស់​លោក​នេតាន់យ៉ាហ៊ូនេះ គឺស្របពេល​ដែល​ នាយកទីភ្នាក់ងារចារកិច្ច​អ៊ីស្រាអែល បានធ្វើដំណើរមកដល់ក្រុងប៉ារីស​ នៅព្រឹកថ្ងៃសុក្រទី​២៣កុម្ភៈ។ តាមការឲ្យដឹង នៅប៉ារីស គឺនឹងមានការចរចាគ្នា រវាង​ភាគីអ៊ីស្រាអែល បារាំង និងសហរដ្ឋអាមេរិក ទាក់ទិននឹងការរកដំណោះស្រាយ ​បិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ