អានតួអត្ថបទ
អ៊ីរ៉ង់-សមុទ្រក្រហម

អ៊ីរ៉ង់បញ្ជូននាវាចម្បាំងទៅក្នុង​សមុទ្រ​ក្រហម នៅបន្ទាប់ពីអាមេរិក​បាញ់ពន្លិចទូករបស់ក្រុមហ៊ូទីយេម៉ែន

កងទ័ព​អាមេរិក​បាញ់​ពន្លិច​ទូក៣គ្រឿង​របស់​ក្រុមប្រដាប់អាវុធ ហ៊ូទី​យេម៉ែន ដែល​ប៉ុនប៉ង​ចង់​ឡើង​ប្លន់​កប៉ាល់​ដឹកទំនិញ នៅសមុទ្រក្រហម។ អង់គ្លេស​ដែលចូលរួម​ក្នុងសម្ព័ន្ធ​កម្លាំងអន្តរជាតិដឹកនាំ​ដោយ​អាមេរិក បាន​ប្រកាស​នៅ​ថ្ងៃចន្ទថា ត្រៀមខ្លួន ដើម្បី​ចាត់វិធានការ​ផ្ទាល់ដៃ ជាមួយ​ពួកហ៊ូទីយេម៉ែន ដើម្បី​ធានា​ការពារ​សេរីភាព ចរាចរណ៍ នៅ​សមុទ្រក្រហម។ អ៊ីរ៉ង់ ចោទប្រកាន់អាមេរិក និងអង់គ្លេស​ថា កំពុងប្រឹងបង្ក​អស្ថិរភាព​នៅសមុទ្រ​ក្រហម បន្ទាប់ពី​អាមេរិក​វាយប្រហារ​ទៅលើ​ក្រុមហ៊ូទីយេម៉ែន កាល​ពី​ថ្ងៃអាទិត្យ។

កប៉ាល់ចម្បាំងរបស់អ៊ីរ៉ង់
កប៉ាល់ចម្បាំងរបស់អ៊ីរ៉ង់ © تسنیم
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃចន្ទ ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ Tasnim បាន​ចុះផ្សាយ​ថា កប៉ាល់ចម្បាំង​អ៊ីរ៉ង់​ឈ្មោះ​Alborz​បាន​បើក​ឆ្លងកាត់​ច្រកសមុទ្រ Bab al-Mandab ដែលនៅ​កៀកជាប់នឹង​ទឹកដីយេម៉ែន សំដៅទៅក្នុង​សមុទ្រ​ក្រហម។ ទីភ្នាក់ងារ​ព័ត៌មានអ៊ីរ៉ង់​មិន​បាន​លម្អិត​ពី​ហេតុផល​ដែលធ្វើ​ឲ្យ​អ៊ីរ៉ង់​ពង្រាយ​នាវាចម្បាំង នៅ​សមុទ្រ​ក្រហម ប៉ុន្តែ គ្រាន់តែ​បញ្ជាក់ថា កប៉ាល់ចម្បាំង​Alborz​ធ្លាប់​បើក​ប្រតិបត្តិការនៅក្នុងតំបន់ តាំងពី​ឆ្នាំ ២០០៩ ​ដើម្បី​ការពារ​កប៉ាល់ដឹកទំនិញ ពីការវាយប្រហារ​របស់​ចោរសមុទ្រ។

ចង់ ឬមិន​ចង់ អ៊ីរ៉ង់​បញ្ជូន​នាវាចម្បាំងទៅក្នុងសមុទ្រក្រហម គឺ​បន្ទាប់ពី ឧទ្ធម្ភាគចក្រ​អាមេរិក​បាញ់​ពន្លិច​ទូក​បី​គ្រឿងរបស់ ក្រុម​ហ៊ូទី​យេម៉ែន កាលពីថ្ងៃអាទិត្យ។ ទីបញ្ជាការកងទ័ពអាមេរិក ប្រចាំតំបន់​ដើមបូព៌ា បាន​និយាយនៅ​ថ្ងៃអាទិត្យថា ទៅតាម​ការស្រែកសុំជំនួយ​ពីកប៉ាល់ដឹកទំនិញ ដាណឺម៉ាក Maersk ដែលអះអាងថា រងការវាយប្រហារ​មីស៊ីល​ពីទឹកដីយេម៉ែន ឧទ្ធម្ភាគចក្រ​របស់​កងទ័ពជើងអាមេរិក​បានចេញទៅ​បើក​ប្រតិបត្តិការ​ការពារ កប៉ាល់ដឹកទំនិញ នៅសមុទ្រ​ក្រហម។ នៅក្រោមហេតុផល​ការពារ​ខ្លួន និង​ការពារ​កុំ​ឲ្យ​ក្រុមហ៊ូទីយេម៉ែន​ឡើង​ទៅ​ចូលកាន់កាប់​កប៉ាល់ដឹកទំនិញអន្តរជាតិ កងទ័ពអាមេរិក​សម្រេច​បាញ់​ពន្លិច​ទូក​បីគ្រឿង​របស់​ក្រុម​ហ៊ូទី។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ទីបញ្ជាការ​កងទ័ពអាមេរិក ប្រចាំតំបន់​ដើមបូព៌ា អះអាងថា ទាហាន​ហ៊ូទី​៧នាក់​ស្លាប់​នៅក្នុងការប៉ះទង្គិចអាវុធ នៅថ្ងៃ​អាទិត្យ។ ប៉ុន្តែ អ្នកនាំពាក្យ​របស់​ក្រុមហ៊ូទី អះអាងថា យុទ្ធជន​របស់ខ្លួន​១០នាក់ ស្លាប់ និងបាត់ខ្លួន នៅក្នុងការវាយប្រហារ​របស់​កងទ័ពអាមេរិកកាលពីថ្ងៃអាទិត្យ។

គិតចាប់តាំង​ប្រកាស​បង្កើតសម្ព័ន្ធភាព​អន្តរជាតិ​ដែលមាន​ឈ្មោះ Prosperity Guardian ដើម្បីការពារ​សន្តិសុខ​នៅ​តំបន់​សមុទ្រ​ក្រហម នេះជា​លើកទី១​ដែល​អាមេរិក​បើកការ​វាយប្រហារ និង​សម្លាប់​ក្រុមប្រដាប់​អាវុធ​ហ៊ូទី យេម៉ែន ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​​ចោទប្រកាន់ថា បានទទួល​ជំនួយ​ពីអ៊ីរ៉ង់ ដើម្បី​វាយប្រហារ គំរាមកំហែង​សេរីភាព​ចរាចរណ៍​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ក្រហម។

នៅថ្ងៃ​ចន្ទ រដ្ឋមន្រ្តីក្រសួងការពារ​ជាតិ អង់គ្លេសលោក​Grant Shapps អះអាងថា អង់គ្លេស​ត្រៀម​ខ្លួន​ដើម្បី​ចាត់វិធានការ​ផ្ទាល់ដៃ​ជាមួយ​ក្រុមហ៊ូទី ដែល​ទើបឈ្នះសង្រ្គាម ចូល​គ្រប់គ្រង​ទឹកដី​៦០%​របស់​យេម៉ែន។ តាម​ការចុះផ្សាយ​របស់​កាសែត The Guardian ប្រមុខការពារ​ជាតិ​អង់គ្លេស​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ឡុងដ៍​មិនរារែក​នឹងធ្វើ​សកម្មភាពផ្ទាល់​ដើម្បីទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ូទី​វាយប្រហារទៅ​លើកប៉ាល់ដឹកទំនិញអន្តរជាតិ នៅ​ថ្ងៃខាងមុខ។ ការលើកឡើង​របស់​រដ្ឋមន្រ្តីការពារ​ជាតិអង់គ្លេស ធ្វើឡើង​នៅក្នុងខណៈពេល​ដែលកំពុង​មានព័ត៌មានថា អង់គ្លេស និងអាមេរិក​កំពុង​រៀបចំ​សេចក្តីប្រកាស​ព្រមានចុងក្រោយ​សម្រាប់​ក្រុមហ៊ូទី យេម៉ែន។

នៅក្នុង​សន្និសីទកាសែត កាលពីថ្ងៃចន្ទ អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​អ៊ីរ៉ង់​វាយតម្លៃថា សកម្មភាពរបស់អង់គ្លេស និងអាមេរិក​នៅសមុទ្រ​ក្រហម កំពុងញុះញង់ បង្ក​ឲ្យមាន​អស្ថិរភាព និង​អសន្តិសុខ​នៅក្នុង​តំបន់ ជាពិសេស​សមុទ្រ​ក្រហម។ គួរបញ្ជាក់ថា តំបន់សមុទ្រ​ក្រហម ជាផ្លូវឆ្លងកាត់​របស់​នាវាដឹកទំនិញ​អន្តរជាតិ តំណាង​ឲ្យ​៤០%​នៃ​ពាណិជ្ជកម្ម​ពិភពលោក។ ប៉ុន្តែ ក្រុមហ៊ូទី​នៅ​​យេម៉ែន ដែលប្រកាស​សាមគ្គីភាពជាមួយ​ប្រជាជន​ប៉ាឡេស្ទីន​នៅហ្កាហ្សា បាន​ប្រើដ្រូន មីស៊ីល​វាយប្រហារ ឬ​ចូលដណ្តើម​គ្រប់គ្រង​កប៉ាល់​ដឹកទំនិញអន្តរជាតិ នៅសមុទ្រ​ក្រហម ដែល​ពួកគេចោទប្រកាន់ថា មានជាប់ទាក់ទង​នឹង​ផលប្រយោជន៍​របស់​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ