អានតួអត្ថបទ
អ៊ីស្រាអែល-ការពារជាតិ

អ៊ីស្រាអែល នឹង​ទិញ​យន្តហោះចម្បាំង​អាមេរិក F-៣៥ បន្ថែម​២៥​គ្រឿង

អ៊ីស្រាអែល​បាន​អនុម័ត​ ទិញ​យន្តហោះ​ចម្បាំង​អាមេរិក ប្រភេទ F-៣៥ សម្រាប់​​មក​បំពាក់​ឱ្យ​កងទ័ព​អាកាសជាតិ។ នេះបើ​តាម​​សេចក្តី​ថ្លែងការណ៍​ របស់​ក្រសួងការពារ​ជាតិ​ ចេញ​ផ្សាយ​នា​ថ្ងៃអាទិត្យ​ទី ២ កក្កដា។ អ៊ីស្រាអែល​គឺ​ជា​ប្រទេស​តែ​មួយគត់​ប្រចាំ​តំបន់​ដើម​បូព៌ា ដែល​មាន​យន្តហោះ​ប្រដេញ​ដ៏​ទំនើបជាង​គេ​បំផុត​នេះ។

យន្តហោះ​ចម្បាំង​F-35 របស់​អាមេរិក
យន្តហោះ​ចម្បាំង​F-35 របស់​អាមេរិក © AP - Aijaz Rahi
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការសម្រេចរបស់​ក្រសួងការពារ​ជាតិ ​​បញ្ជា​ទិញ​​​យន្តហោះ​ចម្បាំងប្រភេទ F-៣៥ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​Lockheed Martin ​ពី​រដ្ឋាភិបាល​អាមេរិក ចំនួន​២៥​គ្រឿង កងទ័ព​អាកាស​អ៊ីស្រាអែល នឹង​មាន​​យន្តហោះចម្បាំង​ ​សរុប​ ៧៥គ្រឿង។ នេះ​បើ​តាម​ការ​លម្អិត​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល។

បើ​តាម​ប្រភព​ដដែល កញ្ចប់​នៃ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​មាន​តម្លៃ​ប្រមាណ​ ៣ពាន់​លាន​ដុល្លារ នឹង​ត្រូវបាន​មូលនិធិ​ជំនួយ​អាមេរិក​ជា​អ្នក​ផ្តល់​ហិរញ្ញប្បទាន និង​ជា​ការ​ធានា​បន្ត​កិច្ចសហប្រតិបត្តិការ រវាង​ក្រុមហ៊ុន​អាមេរិក​និង​ឧស្សាហកម្ម​យោធា​អ៊ីស្រាអែល​ ក្នុង​ការ​ផលិត​គ្រឿង​បន្លាស់​យន្តហោះ​ផង។

អ៊ីស្រាអែល​គឺ​ជា​ប្រទេស​ក្នុង​តំបន់​ដើម​បូព៌ា​តែ​មួយ​គត់ ដែល​មាន យន្តហោះ​ប្រដេញ​F-៣៥ ​ប្រើ។ F-៣៥ ត្រូវ​បាន​គេ​ចាត់ទុក​ជា​យន្តហោះ​ចម្បាំង​ដ៏​មាន​ប្រសិទ្ធភាព​ជាងគេ​បំផុតនៅលើ​ទីផ្សារ​សព្វាវុធ​នា​ពេល​បច្ចុប្បន្ន។

កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៦ ក្រុមហ៊ុន​សព្វាវុធ​អាមេរិក​បាន​ប្រគល់​យន្តហោះ​F-៣៥​ពីរគ្រឿង​ដំបូង​ទៅ​ឱ្យ​អ៊ីស្រាអែល ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បញ្ជា​ទិញ​ចំនួន ​៥០គ្រឿង។ ទទួល​បាន​​ភ្លាម នៅ​ឆ្នាំ​២០១៨ យោធា​អ៊ីស្រាអែល បានស្រែក​​កោត​សរសើរថា ​F-៣៥​បាន​ចេញធ្វើ​ប្រតិបត្តិ ជា​លើក​ដំបូង​នៅលើ​ពិភពលោក តែ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ចំណុច​ដៅ​នៃ​ការ​វាយប្រហារ​​​ទេ។

សេចក្តី​ប្រកាស​ដំណឹង​ទិញ​យន្តហោះ​ចម្បាំង​បន្ថែម ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​ផ្លូវ​អាកាស​លើ​ប្រទេសស៊ីរី  ដើម្បីតប​ទៅ​នឹង​ការ​បាញ់​មីស៊ីល​ចេញ​ពី​ទឹក​ដី​ស៊ីរី​សំដៅ​ដែន​ដី​អ៊ីស្រាអែល​ នា​ពេល​យប់។ យោធា​អ៊ីស្រាអែល​បាន​ឱ្យ​ដឹង​ថា យន្តហោះ​ចម្បាំង​បាន​ដៅ​បាញ់​លើ​ចំណុច​ស៊ីប​ជា​ច្រើន​នៅក្នុង​តំបន់។ តាំងពី​សង្គ្រាម​​នៅស៊ីរី បាន​ផ្ទុះ​ឡើង​នៅឆ្នាំ​២០១១ អ៊ីស្រាអែល​បាន​​បើក​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវ​អាកាស​ជា​ងមួយ​រយ លើ​ស៊ីរី ដោយ​ភាគច្រើន​ដៅ​​លើ​ទីតាំង​របស់​អ៊ីរ៉ង់ ឬ​ទីតាំង​របស់​ចលនា​ហេស្បូឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ