អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង​ ៖ តើ​កុប្បកម្ម​ហិង្សា​ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ឆ្លង​កាត់​ភាព​ចលាចល​ហិង្សា​អស់​៦​យប់ នៅ​តាម​ទីក្រុង​តូច​ធំ​​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស បារាំង​បាន​ត្រលប់​មក​រក​ភាព​ស្ងប់​ស្ងាត់​វិញហើយ នៅឡើយ​តែ​​វិស័យ​ទេសចរណ៍​ និងសណ្ឋាគារ ដែល​​បន្ត​ព្រួយ​បារម្ភ ខ្លាច​បាត់បង់​ភ្ញៀវ ព្រោះរូប​ភាព​ហិង្សា​ និង​ទង្វើ​បែប​បំផ្លិចបំផ្លាញ ​របស់​ក្មេង​ជំទង់​ពេញ​កំហឹង​ មាន​ចុះផ្សាយ​យ៉ាង​ព្រោង​ព្រាត ក្នុង​ទំព័រ​សង្គម និង​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ។ ​បារាំង​ទិសដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ ​កំពុង​ប្រលាក់ប្រលូស​ដោយ​កុប្បកម្ម​​ហិង្សា? តើ​វិស័យ​ទេសចរណ៍​បារាំង​ ត្រូវ​ចុះ​ស្រអាប់ និង​ខាតបង់​​​យ៉ាងណា​?

បារាំង​ ៖ តើ​កុប្បកម្ម​ហិង្សា​ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ យ៉ាងណា ?
បារាំង​ ៖ តើ​កុប្បកម្ម​ហិង្សា​ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ យ៉ាងណា ? AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

ក្នុង​រដូវ​ក្តៅ រដូវ​ទេសចរណ៍ តែ​បែរ​ជា​មាន​រូប​ភាពអាក្រក់ៗ ៖ ​ក្មេង​ជំទង់ៗ​តតាំងនឹង​ប៉ូលិស​ យ៉ាង​ហិង្សា រូបភាព​ដុត​ឡាន ដុត​អគារ ​អគ្គិភ័យ សកម្មភាព​​វាយបំផ្លាញ វាយ​បំបែក​កញ្ចក់ គាស់​ទ្វារ​​ហាង​ គាស់​ផ្សារ ដើម្បី​លួច​យក​របស់​​មាន​តម្លៃ ​បង្ហោះ​បង្ហាញ​ស្ទើរ​គ្មាន​ដាច់​នៅ​តាម​បណ្តាញ​សង្គម បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ទូទាំងពិភពលោក នារយៈ​ពេល​នៃ​កុប្បកម្ម​ ៦​យប់​របស់​ក្មេង​ជំទង់​ ក្រោយ​​ការ​ស្លាប់​របស់​យុវជន​ ណាហ៊ែល ដែលប៉ូលិស​បាន​បាញ់​ ហើយ​ស្លាប់​ នៅពេល​គេច​​មិន​ឱ្យ​ប៉ូលិស​ឆែក​ ច្បាស់​ជា​ជះ​ឥទ្ធិពល​មិន​ល្អ​សោះ​ឡើយ​សម្រាប់​​​វិស័យ​ទេសចរណ៍​បារាំង។

បើ​តាម​ប្រធាន​ការិយាល័យ​ទេសចរណ៍​ក្រុង​ប៉ារីស ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ដំបូង​នៃខែកក្កដា មាន​​ទេសចរប្រមាណ​ ២០ទៅ​២៥%​បាន​លុប​ចោល​ដំណើរ​មក​កាន់​រដ្ឋធានី​ប៉ារីស (​កក់​សណ្ឋាគារ)​។ ចំណែក​ខាង​ភោជនីដ្ឋាន​និងបាអាហារដ្ឋាន​​រង្គសាលពេល​រាត្រី ​វិញ​ ការ​ខាត​បង់​អស់ឡើង​ដល់​​ជាង​៥០% ក្នុង​មួយ​ចុង​សប្តាហ៍​កន្លង​ទៅ។ នេះ​បើ​តាម​ការ​​ប៉ាន់​ស្មាន​របស់ប្រធានសហព័ន្ធសហជីព​​​សណ្ឋាគារ​តំបន់Ile de France (​ក្រុង​និង​ជុំ​វិញ​ក្រុង​ប៉ារីស) ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជួយ​​សង​ការ​ខាតបង់​នេះ និង​យល់​ថា​ រូបភាពប្រទេស​​បារាំង​ ជាពិសេស​ប៉ារីស​ បានធ្លាក់​​ស្រអាប់​ខ្លាំងណាស់​។

ទិដ្ឋភាព​ហិង្សា​ ការ​បិទ​បណ្តាញ​ដឹកជញ្ជូន​សាធារណៈ​តាំងពីព្រលប់ លុប​កម្មវិធី​សិល្បៈ​ផ្សេងៗ ពិត​ជាប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍ និង​​ជំរុញ​ឱ្យ​ទេសចរ​បរទេស​បោះបង់​គម្រោង​​មក​ទស្សនា​ប្រទេស​បារាំង​មែនឬ ? មែន​ ! សម្រាប់​ពេលខ្លីចំពោះ​មុខ​​ភ្លាមៗ។ នេះ​បើ​តាមការ​វិភាគ​របស់​ស្ថាបនិក​​នៃ​កា​រិយាល័យជំនាញ​ទេសចរណ៍លោក Guy Raffour​។ រាល់​គ្រប់​ហេតុការណ៍​ហិង្សា​ដែល​​ផ្ទុះឡើង​ តែង​តែ​ជះ​ផល​ប៉ះពាល់តិច​ឬ​ច្រើន​​ជា​ស្វ័យប្រវត្តិ​ដល់​វិស័យ​ទេសចរណ៍ មិន​ថា​ជា​បាតុកម្ម​​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​សោធនវិត្តន៍ ​បាតុកម្ម​ត្រាំត្រែងរៀងរាល់​ថ្ងៃ​សៅរ៍​​របស់​ក្រុម​អាវកាក់​លឿង​កាលពី​ឆ្នាំ​២០១៨ ឬ​ភេរវកម្ម​កណ្តាល​រដ្ឋ​ធានី​កាលពី​ថ្ងៃទី ១៣​វិច្ឆិកា​២០១៥ និង​កុប្បកម្ម​ហិង្សា​របស់​ក្រុម​យុវជន​កាលពី​ឆ្នាំ​២០០៥​ដែល​បណ្តាល​មក​ពី​ការ​ស្លាប់​របស់​ក្មេង​ពីរ​នាក់។ កាលណោះ ទេសចរ៣០%​បាន​លុប​ឬ​លើ​កពេល​មក​លេង​ប៉ារីស។ ហើយ​លើក​នេះក៏​​មិន​ខុស​ពី​លើក​មុនៗដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​រក​ស៊ី​ផ្នែក​សណ្ឋាគារ​ អត់​ព្រួយ​មិន​បាន​។

សាលាក្រុង​ប៉ារីស បាន​ទទួលស្គាល់​ថាវិស័យ​ទេសចរណ៍​មាន​ហេតុផល​ដែល​ត្រូវ​​ព្រួយ​បារម្ភ​ តែ​ក្រុមប្រឹក្សា​រដ្ឋ​ធានី​ប៉ារីស ទើប​បាន​បោះឆ្នោត​នៅថ្ងៃអង្គារ​បើក​មូលនិធិ​ពិសេស​សម្រាប់​ជួយ​ពាណិជ្ជករ​ហើយ។ ហើយ​ម្យ៉ាង​ទៀត​ ទោះបី​វិបត្តិ​បាន​រំខាន​ដំណើរ​កំសាន្ត​របស់​ទេសចរ​ខ្លះ​ដែល​បាន​មក​ដល់​ប៉ារីស​ហើយ​ និង​បាន​ចោទជា​​កង្វល់​ដល់​អ្នក​រៀប​នឹង​មក​ប៉ារីស​មែន ប៉ុន្តែ​បារាំង​ជា​ប្រទេស​ទេសចរណ៍ពិតៗ។ តាំងពី​ចូល​​​ឆ្នាំ​២០២៣មក​ បារាំង​ ប្រឈម​នឹង​បាតុកម្មហិង្សា​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍ផង ឥលូវ​អំពើ​កុប្បកម្មហិង្សា​របស់​ក្មេង​ជំទង់ទៀត តែ​តួលេខ​ទេសចរណ៍​ឡើង​ខ្ពស់​ត្រដែត​ណាស់​ទាំង​សម្រាប់​ប៉ារីស និង​ប្រទេស​បារាំង​ទាំងមូល។ ចំនួន​ទេសចរ​សម្រាប់​៦​ខែ​ដើម​ឆ្នាំ​២០២៣ ​ដូច​គ្នា​​ឆមាស​ទី​មួយនៃ​​ឆ្នាំ​២០១៩ ពោល​គឺ​ ​ចំនួន​ទេសចរណ៍ឡើង​ស្មើនឹង​សម័យ​មុន​កូវីដ​ទៅហើយ។ ដូច្នេះ​គ្មាន​អ្វី​ដែល​ត្រូវ​ប្រញាប់​ស្រែក​អាសន្ន​ទេ។

ទាំងអ្នក​ជំនាញ​ផ្នែក​ប្រឹក្សា​ទេសចរណ៍​ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង​ប៉ារីស សុទ្ធ​តែ​ប្រឹង​សម្រួល​ស្ថានការណ៍​ដោយ​ពន្យល់​ថា​បើ​មើល​ពីចម្ងាយ ឃើញ​តែ​ព័ត៌មាន​វិល​ឥត​ឈប់​នៃ​អំពើ​ហិង្សា គេ​ត្រូវ​តែ​ព្រួយ​បារម្ភ​ហើយ​ ដូច្នេះ​ភ្នាក់ងារ​ទេសចរណ៍​បារាំង​ត្រូវ​ចេះ​ពន្យល់​ភ្ញៀវ​បរទេស​វិញ​។ អំពើ​ហិង្សា​មិន​កើត​ទូទាំង​ប្រទេស និង​គ្រប់​ទីក្រុង​ឯណា ! ទេសចរ​អាមេរិក​ឬ​ជប៉ុនជា​ភ្ញៀវ​មក​ពី​ឆ្ងាយ​និង​តែង​ចំណាយ​ច្រើន​នៅក្នុង​ប្រទេស​បារាំង តែ​ក៏​អ្នក​ភ័យ​ខ្លាច​ខ្លាំង​ជាងគេ​រឿង​អសន្តិសុខ​ និងងាយ​ទទួល​ឥទ្ធិពល​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​នៅប្រទេស​បារាំង។ តែ​៨០%​នៃ​​ទេសចរ​មក​លេង​បារាំង ជា​អឺរ៉ុប នៅជិត​ឬ​ជាប់​របង​បារាំង ហើយ​យល់​ពី​ចិត្ត​និង​ស្គាល់​ប្រវត្តិសាស្ត្រ​បារាំង​ជាង​ ​ដឹង​ថា ​ថ្ងៃ​បុណ្យជាតិ​បារាំង​ជា​ថ្ងៃពលរដ្ឋ​ងើបធ្វើ​​កុប្បកម្មបះបោរធ្វើ​បដិវត្ត និង​មាន​កូដ​កម្ម ​បាតុកម្ម​ ជា​ញឹកញយ ស្ទើរ​ក្លាយ​ជាប្រពៃណី​មួយ​របស់​​បារាំង​ទៅហើយ។

តែ​អ្នក​ជំនាញ អ្នក​វិភាគ និង​អ្នក​មាន​អាជីព​ក្នុង​វិស័យ​ទេសចរណ៍​ សុទ្ធ​តែគិត​និង​​យល់​ស្រប​គ្នា​ថា ព្រឹត្តិការណ៍​កីឡា​ខ្នាត​អន្តរជាតិ នៅ​ចុង​ឆ្នាំ​២០២៣ (ការប្រកួត​បាល់​Rugbyពិភពលោក​​ខែ​កញ្ញា) និង​ការ​ប្រកួត​កីឡាអូឡាំពិក​ឆ្នាំ​២០២៤​ ​នឹង​ស្រូប​ទាក់​​ទេសចរ​បរទេស​ បាន​យ៉ាង​ច្រើន​មក​វិញជាក់​ជា​ពុំ​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ