អានតួអត្ថបទ
កម្ពុជា-សង្គម

តំណាងអយ្យការចោទប្រកាន់ជនពិការម្នាក់ពីបទញុះញង់ ក្រោយរិះគន់រដ្ឋាភិបាល

តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ សម្រេចចោទ​ប្រកាន់ លោក ភុន​ យុទ្ធ អ្នកគាំទ្របក្សឆាំងពីបទញុះញង់ឱ្យមានការរើសអើង។ ការចោទ​ប្រកាន់នេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែមីនា បាន​ចាប់​ខ្លួន​ជនពិការរូបនេះ ក្រោយ​ពី​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម ក្នុងន័យ រិះគន់រដ្ឋាភិបាល​កម្ពុជា។ បច្ចុប្បន្នជនមានពិការភាពរូបនេះ កំពុងស្ថិតក្នុងដំណាក់កាលឃុំខ្លួនបណ្តោះអាសន្ន រងចាំការ​បើកសវនាការ។

លោក ភុន យុទ្ធ អ្នកគាំទ្របក្សប្រឆាំង
លោក ភុន យុទ្ធ អ្នកគាំទ្របក្សប្រឆាំង © RFA
ផ្សាយពាណិជ្ជកម្ម

លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ការ​ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ភុន​ យុទ្ធ ដោយគ្មានដីកា គឺដោយសារតែព្រះរាជអាជ្ញាពិនិត្យឃើញថាជា បទល្មើសជាក់ស្តែង។ បទល្មើសជាក់ស្តែងដែលព្រះរាជអាជ្ញាយោងទៅលើការសរសេររិះគន់ដោយប្រើប្រាស់ពាក្យមិនគប្បីមកលើរដ្ឋាភិបាលកម្ពុជាជាច្រើនលើកច្រើនសារនៅតាមបណ្តាញសង្គមហ្វេសប៊ុក ខណៈសមត្ថកិច្ចធ្លាប់ហៅបុគ្គលរូបនេះមកធ្វើកិច្ចសន្យាចំនួន២លើករួចមកហើយ។

តាមលោក ពណ្ណ រាយ សមត្ថកិច្ចកំពុងឃុំខ្លួនលោក ភុន យុទ្ធបណ្តោះអាសន្ន និងកំពុងកសាងសំណុំរឿងបញ្ចូលទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង។ ​

ជុំវិញរឿងនេះ លោក អំ សំអាត នាយកគ្រប់គ្រងកម្មវិធីនៃអង្គការលីកាដូយល់ថា នេះជាការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។ ​សម្រាប់លោក អំ សំអាត លោកមិនគិតថា លោក ភុន យុទ្ធមានគំនិតទៅបង្កឱ្យការរើសអើងដល់បុគ្គល និងជាតិសាសន៍ណាមួយឡើយ ពោលគឺរាល់ការរិះគន់របស់លោកកន្លងមក គឺដើម្បីកែលម្អស្ថាបនាសម្រាប់ផលប្រយោជន៍ជាតិ។

ដោយយល់ថា ការចាប់ខ្លួនលោក ភុន យុទ្ធមិនសមហេតុផល មន្ត្រីសិទ្ធិមនុស្សរូបនេះទទូចឱ្យតុលាការកាត់សេចក្តីប្រកបដោយយុត្តិធម៌ និងឈរលើតម្លាភាព ខណៈលោកក៏ស្នើឱ្យតុលាការដោះលែងលោក ភុន​ យុទ្ធឱ្យមានសេរីភាពឡើងវិញផង។

សូមជម្រាបថា នេះជាលើកទី២ហើយ ដែលលោក ភុន យុទ្ធត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងដាក់ពន្ធនាគារ។ ជាក់ស្តែង កាលពីចុងខែតុលា ឆ្នាំ២០១៩ តុលាការខេត្តសៀមរាបបានផ្តន្ទាទោសលោក ភុន យុទ្ធ ឱ្យជាប់ពន្ធនាគារ១៨ខែ ពីបទញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ។ កាលណោះ លោក ភុន យុទ្ធ បានប្រើ​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ "ខ្ញុំ​ចង់​បាន​នាយករដ្ឋមន្ត្រី​ថ្មី "និយាយ​រិះគន់​អំពី​ចំណុច​អវិជ្ជមាន របប​ដឹកនាំ​សព្វ​ថ្ងៃ និង​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

ដោយឡែកលើកទី២នេះ សមត្ថកិច្ចខេត្តតាកែវកាលពីល្ងាចថ្ងៃទី១៩ ខែមីនា បានចូលទៅចាប់ខ្លួនលោកនៅក្នុងផ្ទះស្ថិតនៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ក្រោមបទចោទដូចគ្នា។ ប៉ុន្តែសំណុំរឿងរបស់លោក តុលាការនៅមិនទាន់សម្រេចកាត់ទោសបែបណានៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ