អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​​​សហគន៍​អន្តរជាតិ​​ទុក​បញ្ហា​​អ៊ីរ៉ាក់​​នៅ​កៀន​​ជញ្ជាំង​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈ​គ្រប់គ្នា​កំពុងសម្លឹង​មើល​ហេតុការណ៍​សង្គ្រាម​​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស រឺ​ក៏​​​បញ្ហា​​យន្តហោះ​ម៉ាឡេស៊ី ​​​នៅ​អ៊ីរ៉ាក់​ឯណោះវិញ ​​កាលពី​ថ្ងៃសៅរ៍ និង​ថ្ងៃ​​​​អាទិត្យ​ចុង​សប្តាហ៍​​កន្លងទៅ​ ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម ​​បានបន្ត​សម្រុក​ទៅមុខ ​​ដណ្តើម​​​​យកបាន​​​ក្រុង​Zoumar និង​ក្រុង​ស៊ីនចា Sinjar ពី​កងទ័ព​គៀឌីស្តង់​។ ​ការ​វាយ​បាន​ដែនដី​បន្ថែម​​នៅអ៊ីរ៉ាក់​ កាន់តែ​បង្ហាញ​ពី​​សមត្ថភាព​ខ្លាំងក្លា​របស់​​​​ ក្រុម​ជីហាត​​ ក្នុង​សកម្មភាពពង្រីក​​​ដែនដី​​​រដ្ឋ​​កាលីហ្វា​អ៊ីស្លាម នៅតាម​ព្រំដែន​​ស៊ីរី​និង​អ៊ីរ៉ាក់។ ពេលនេះ ​ក្រុម​ជីហាត​​​​ផ្តុំគ្នា​ ​នៅ​តែ​​ជាង​១០​គីឡូម៉ែត្រ​​​ប៉ុណ្ណោះ​ ពី​ក្រុង​បាកដាត។ អំពើ​ហិង្សា​​ប្រយុទ្ធ​​នៅតែ​បន្ត​នៅជិត​​ក្រុង​បាកដាត សម្លាប់​ទាហាន​​អ៊ីរ៉ាក់​ច្រើននាក់។​ ​យោងតាម​​​​អង្គការ​សហប្រជាជាតិ ​​ក្នុង​ខែ​កក្កដា​កន្លងទៅ ​មាន​មនុស្ស​ជិត​១៨០០០នាក់ ភាគច្រើន​ជា​ជន​ស៊ីវិល ​​បាន​ស្លាប់​ក្នុង​ហិង្សា​​នៅ​ទូទាំងប្រទេស។ ​ ​

ការប្រយុទ្ធ​រវាង​កងទ័ព​អ៊ីរ៉ាក់ និង​ក្រុុម​ជីហាត​ នៅ​ភាគខាងត្បូង​ក្រុងបាកដាត ក្នុង​ពេល​កន្លងទៅ។
ការប្រយុទ្ធ​រវាង​កងទ័ព​អ៊ីរ៉ាក់ និង​ក្រុុម​ជីហាត​ នៅ​ភាគខាងត្បូង​ក្រុងបាកដាត ក្នុង​ពេល​កន្លងទៅ។ REUTERS/Alaa Al-Marjani
ផ្សាយពាណិជ្ជកម្ម

មនុស្ស​២សែននាក់ នៅក្រុង​ស៊ីនចា ​ភាគខាងជើង​អ៊ីរ៉ាក់ ​បាន​រត់ភៀសខ្លួន​យ៉ាង​តក់​ក្រហល់ ​ពី​​ក្រុម​ជីហាតរដ្ឋ​អ៊ីស្លាម​​ បន្ទាប់​ពី​ក្រុម​ជីហាត​បាន​ដណ្តើម​យកបាន​ក្រុង​ស៊ីនចា ពីអាជ្ញាធរ​ កាលពី​ថ្ងៃ​អាទិត្យ​​​។ ​នៅ​ជិត​ក្រុង​ម៉ូស៊ូល កាលពី​ថ្ងៃ​សៅរ៍ ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​​​​​ ទើប​វាយ​​ដណ្តើម​​​យកបាន​ក្រុងហ្ស៊ូម៉ា Zoumar ​ពីកងទ័ព​គៀឌីស្តង់​អ៊ីរ៉ាក់ប៉ុណ្ណោះ។ ក្រុមជីហាត​ក៏ដណ្តើម​បាន​ទីតាំង​ប្រេង​​២កន្លែង​​ និង​មជ្ឈមណ្ឌល​អគ្គិសនី​មួយកន្លែង​ផងដែរ។ ​

ទាំងនេះ​បង្ហាញ​ពីជោគជ័យ​​របស់​ក្រុមជីហាត ប្រឈម​នឹង​​រដ្ឋាភិបាល​អ៊ីរ៉ាក់។ ​ពិសេស​ជោគជ័យ​នៅ​​ក្រុង​ស៊ីនចា​ភាគខាងជើង​តែម្តង។ ​ក្រុង​ស៊ីនចា ស្ថិត​នៅតែ​៥០គីឡូម៉ែត្រ​​ប៉ុណ្ណោះ​ពី​​​ព្រំដែន​​ស៊ីរី។ ​កាលពីចុង​ខែ​មិថុនា​ ​ក្រុម​ជីហាត បាន​ប្រកាស​បង្កើត​រដ្ឋកាលីហ្វា​​អ៊ីស្លាម ​​ក្នុងដែនដី​ដែល​ខ្លួន​ដណ្តើម​បាន​ពី​អាជ្ញាធរ​ស៊ីរី និង​អ៊ីរ៉ាក់។ ​​ដូច្នេះ ​ពេលនេះ ​ក្រុង​ស៊ីនចាបាន​ចូលខ្លួន​ទៅពង្រីកដែនដី​រដ្ឋអ៊ីស្លាម​របស់​ក្រុម​ជីហាត ​អោយ​កាន់​តែធំ​​​ទូលំ​ទូលាយ​​ថែមទៀត ខណៈ​​ពេល​​រដ្ឋាភិបាល​​​អ៊ីរ៉ាក់​ផ្តុំគ្នា​​នៅ​តែ​ក្រុង​បាកដាត មិនសូវ​ហ៊ាន​អើតក្បាល​ចេញ​មកទប់​ក្រុមជីហាត​នោះ។ ​​ ​

 
​​ការឡើង​​​មហិទ្ធិរិទ្ធ​របស់​​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ​​នៅអ៊ីរ៉ាក់ ​បានធ្វើអោយ​​កងទ័ព​ និង​អ្នក​នយោបាយ​​នៅ​តំបន់​ស្វ័យត​​គៀឌីស្តង់​​ ​​​​ព្រួយបារម្ភ​ខ្លាំង​​ ​ព្រោះថា បើ​ក្រុមជីហាត​យកបាន​ដែនដី​គៀឌីស្តង់​​​​​ច្រើន​នោះ ​​​គៀឌីស្តង់​នឹង​បាត់សង្ឃឹម​​ទាំងស្រុង ​​កុំថាឡើយដល់​​​​​​​ចង់​អោយ​​​​ ​​ទទួល​​​​ឯករាជ្យ​១០០ភាគរយ​ពី​អ៊ីរ៉ាក់  តែ​សូម្បីតែ​​ទឹកដី​គៀឌីស្តង់​ក៏ត្រូវប្រឈម​នឹង​​វត្តមាន​រាលដាល​នៃ​ក្រុមជីហាត​ដែរ។ ​​ កន្លងមក ​បរាជ័យកងទ័ពអ៊ីរ៉ាក់​ប្រឈម​នឹង​ក្រុមជីហាត​បាន​ធ្វើអោយ​កងទ័ព​គៀឌីស្តង់​ ក្លាយ​​ជា​ក្រុមប្រយុទ្ធ​​សំខាន់ ​​ប្រឈម​ក្រុមជីហាត​វិញម្តង។ នេះជា​គុណសម្បតិ្ត​អាច​អោយ​គៀឌីស្តង់​អួតថា មានសមត្ថភាព​យោធា​ហួស​ពី​យោធា​​របស់​រដ្ឋាភិបាល​​អ៊ីរ៉ាក់។ ​ប៉ុន្តែ ពេលនេះ​ ​​គៀឌីស្តង់​កំពុងជួប​បញ្ហា​​​​ខ្វះខាត​​ហិរញ្ញ​វត្ថុ។ សមត្ថភាព​យោធា​តំបន់​គៀឌីស្តង់ក៏​​​​​នៅមានកម្រិត ព្រោះថា កន្លងមក ពេលកងទ័ពអ៊ីរ៉ាក់​ប្រយុទ្ធ​ចាញ់​ក្រុម​ជីហាត និង​​បាន​​រត់ចោលជួរ ​កងទ័ព​​គៀឌីស្តង់​បានឆ្លៀត​ចូល​​យកដែនដី​មួយចំនួន​​ដែល​​កងទ័ព​អ៊ីរ៉ាក់កាន់កាប់​។ ដូច្នេះ ​ដែនដីគៀឌីស្តង់​ទាំងមូល​​ក៏​មាន​ទំហំ​​ធំ​​ជាងមុន​បន្តិច​​ដែរ ធ្វើអោយ​កងទ័ព​គៀឌីស្តង់​ពិបាក​គ្រប់គ្រង។ ​ដោយ​​​​​​ខ្លាច​​ថាកងទ័ពខ្លួន​​​​មិនអាចទប់ទល់​នឹងក្រុមជីហាត​បានទៀត​ អ្នក នយោបាយ​គៀឌីស្តង់​បាន​សុំជំនួយ​ពី​អាមេរិក​និង​សហគមន៍​អន្តរជាតិ។ ​ ​
​​
​​ក្រោយ​ពេល​សកម្មប្រយុទ្ធ​ជីហាត​​​បាន​វាយ​យកបាន​​ក្រុង​ស៊ីនចា ស្ថិត​ក្បែរ​ព្រំដែន​ស៊ីរី​ នៅថ្ងៃ​អាទិត្យ​មក អង្គការ​សហប្រជាជាតិ​​បានបរិហារ​​​ពី​​មហន្តរាយ​​មនុស្សធម៌​នៅ​ក្រុង​ស៊ីនចា។ ​មនុស្ស​២សែន​នាក់នៅក្រុង​ស៊ីនចា ​​បាន​រត់ភៀសខ្លួន​​ ​ពី​​ក្រុមជីហាត​យ៉ាងតក់​ក្រហល់។ ជនភៀសខ្លួន​បាននាំគ្នា​រត់ទៅ​តំបន់ភ្នំ​ក្បែរនោះ ​​​ជា​តំបន់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​​របស់​​កង​កម្លាំង​​គៀឌីស្តង់ រឺ​ក៏​រត់ទៅ​តំបន់​ស្វ័យត​គៀឌីស្តង់ នៅ​ដូហ៊ូក ​ដើម្បី​ជ្រកខ្លួន។

គួរបញ្ជាក់ថា ​​នៅ​ក្រុង​ស៊ីនចា ​ក្រៅតែ​​ពី​​​​មាន​​​​ប្រជាជន​៣សែន១ម៉ឺននាក់រស់នៅ​​ ប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ ​​ក៏​មាន​ជនភៀសខ្លួន​​រាប់ម៉ឺននាក់​ផ្សេងទៀត​​ មក​ជ្រកកោន​​ដើម្បីរត់គេច​ពី​ក្រុម​ជីហាត​និកាយ​ស៊ុននីត​ដែរ។ ​ក្នុង​ចំណោម​ជនភៀសខ្លួន​ទាំងនេះ ក៏​មាន​ជនភៀសខ្លួន​​​ជាអ្នកកាន់សាសនា​យីហ្ស៊ីឌី ​ផងដែរ។ ក្នុង​សាសនា​យីហ្ស៊ីឌី ​គេ​មាន​ជំនឿ​​​​ថា ក្នុងលោក​នេះ ​​ព្រះជាម្ចាស់មាន​​​តែមួយអង្គ​គត់ ​គ្មានព្រះ​​អង្គផ្សេង​ទៀត​​ទេ។ ​​ក្រុម​​អ្នក​កាន់​សាសនា​យីហ្ស៊ីឌី​នេះ ជា​សត្រូវ​សុទ្ធសាធ​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។

​ក្រោយសកម្មជន​ប្រយុទ្ធ​​​ក្រុមជីហាត​​កាន់កាប់​បាន​ក្រុង​ស៊ីនចា ​មនុស្ស​បាន​រត់ចេញស្ងាត់​អស់​ពីក្រុង​ស៊ីនចា​ ​នៅ​សល់តែអ្នកកាន់​និកាយ​ស៊ុននីត​​ មួយម៉ឺននាក់​ប៉ុណ្ណោះ។ អ្វីដែលគួរ​អោយ​បារម្ភ​គឺ​ថា ជនភៀសខ្លួន​​មួយចំនួន​​ដែល​​ចាកចេញ​​ពី​ក្រុង​ស៊ីនចាទៅ មាន​ទាំងអ្នកកាន់​គ្រិស្ត​សាសនា និង​​ជនជាតិ​ភាគតិចកាន់សាសនា​យីហ្ស៊ីឌីដែរនោះ​ ​​​​បាន​ជាប់ខ្លួន​ក្នុងតំបន់​គ្រោះថ្នាក់។​ មនុស្ស​ចាស់​និង​ក្មេងៗ​មួយចំនួន​​កំពុង​ជាប់ខ្លួន​​នៅតាមភ្នំ​​តំបន់​ស៊ីនចា ​​ខ្វះ​អាហារ​បរិភោគ និង​ទឹក​ប្រើប្រាស់។ ជនភៀសខ្លួន​ខ្លះ​បានស្លាប់​ទៅហើយ។ ​ត្រឹមត្រូវហើយ​​ដែល​​​អង្គការ​​សហ​ប្រជាជាតិ​​បរិហារ​​បញ្ហាមនុស្សធម៌​នៅអ៊ីរ៉ាក់ ប៉ុន្តែ​​​ ​សហគមន៍​អន្តរជាតិ​ក៏​ហាក់​បាន​ទុក​​បញ្ហាអ៊ីរ៉ាក់​អោយ​ស្ថិត​នៅ​កៀន​ជញ្ជាំងដែរ។

ក្រុម​ជីហាត​វាយប្រហារ​អ៊ីរ៉ាក់​​ជិត​២ខែ​ហើយ ​បញ្ហា​ដុនដាប​ដល់​ថ្នាក់នេះ​ហើយ ​​តែ​រហូត​ពេលនេះ ​គ្មាន​ប្រទេស​ណាមួយ​​អើត​ក្បាល​​ជួយ​អ៊ីរ៉ាក់​​​​ជាក់ស្តែង​ទេ បើ​ទោះ​​គ្រប់គ្នា​ដឹង​ថា ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ក្រុមជីហាត​​កាន់​រុល​ដំណើរ​​ទៅមុខ កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​ ហើយ​អាច​បង្ក​គ្រោះថ្នាក់​​ក្នុង​តំបន់​ក៏ដោយចុះ។ សហគមន៍​អន្តរជាតិ​បាន​ត្រឹម​​តែ​​អំពាវនាវ​អោយ​មាន​ការរួបរួម​ជាតិរវាង​និកាយ​ស៊ុននីត​ និង​​និកាយ​ស្ហ៊ីអ៊ីត​​​ប៉ុណ្ណោះ មិនអាច​ធ្វើអ្វី​លើសពី​នេះ​​ឡើយ។ ​​​​សូម្បី​​អាមេរិក​ដែលអួតថា បាន​ជួយ​អ៊ីរ៉ាក់​អោយងើប​ពី​របប​ផ្តាច់ការ​​សាដាំ ហ៊ូសេន ក៏​​មិនហ៊ាន​​ត្រលប់​ទៅ​​​​អន្តរាគមន៍​យោធាតាម​​​ជើងគោក​នៅ​អ៊ីរ៉ាក់​វិញដែរ។ ​អាមេរិក​និង​អង់គ្លេស​ហាក់ផុសផុល​​​ចូល​ទៅ​ធ្វើ​សង្គ្រាមជួយ​​​អ៊ីរ៉ាក់ ​កាលពី​ឆ្នាំ​​២០០៣​ តែ​​ប្រហែល​អាច​គ្រាន់តែ​ជា​សង្គ្រាម​ដើម្បីប្រយោជន៍​ប្រេង​ដូច​ជាការចោទ​ប្រកាន់​របស់​មតិ​មួយចំនួន​ប៉ុណ្ណោះ។ ដូច្នេះ ​ក្រោយ​​បានប្រយោជន៍​ប្រេង​ហើយ ​អាមេរិកប្រាកដ​ជា​ដោះដៃ​ចោល​​​អ៊ីរ៉ាក់​ហើយ។

​​ថ្ងៃចន្ទ​នេះ​​​ ​អ៊ីរ៉ាក់​​​ហាក់​បាន​ភ្ញាក់ខ្លួន ​​​​លែង​អំពាវនាវ​​​សហគមន៍​អន្តរជាតិ​អោយ​ជួយ​ទៀត។ រដ្ឋាភិបាល​ក្រុង​បាកដាត​​បាន​សម្រេច​​សហប្រតិបត្តិការ​ជាមួយ​​​កងទ័ព​គៀឌីស្តង់ ​ប្រយុទ្ធ​ក្រុម​ជីហាត។ ​​មិនខុសទេ​​​ អ៊ីរ៉ាក់​ត្រូវតែ​​​ប្រកាន់​ខ្ជាប់​នូវ​ពាក្យស្លោកថា ​ខ្លួន​ទីពឹង​ខ្លួន​ដូច្នេះ​ហើយ​​​​ ហើយ​​​ត្រូវ​​​​រួបរួម​​ជាតិ​​អោយ​រឹងមាំ​ឡើងវិញ។ បើ​អ្នកនយោបាយ​​គៀឌីស្តង់​​ចចេស​​​​ចង់​បាន​ឯករាជ្យ ​បើ​កងទ័ពអ៊ីរ៉ាក់​មិន​​​​បង្កើត​យុទ្ធសាស្ត្រ​​ខ្លួនឯង​អោយ​​ប្រសើរ​ជាងមុន ដោយ​​​រង់ចាំ​អោយ​​តែ​អន្តរជាតិ​ដោះស្រាយ​បញ្ហា​​​ខ្លួន​នោះ នោះ​ក្រុមជីហាត​​​នឹង​ដណ្តើម​បាន​​ទឹកដី​​អ៊ីរ៉ាក់​ទាំងមូល​ចៀសមិនផុត​​ទេ ក្នុង​ពេល​ខាងមុខ អាច​ថា ក្នុងពេល​ឆាប់ៗ​នេះផង​ក៏ថាបាន។ អ៊ីរ៉ាក់​ប្រហែល​ដឹង​ថា ​មិនអាច​ពឹង​​​សហគមន៍​អន្តរជាតិ​ទេ ព្រោះថា​​​​សហគមន៍​អន្តរជាតិ​ខ្លួនឯង​​ក៏​បរាជ័យ​ទាំងស្រុង​​ដែរ ឧទាហរណ៍​​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​​បញ្ហា​សង្គ្រាម​​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន បច្ចុប្បន្ន​នេះ​ឯង៕ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ