អានតួអត្ថបទ
ចិន-ឥណ្ឌា

នាយករដ្ឋមន្រ្តី​ថ្មី​របស់​ឥណ្ឌា​សន្យា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន

លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តី​ថ្មី​របស់​ឥណ្ឌា បាន​ប្រកាស​សន្យាថា រដ្ឋាភិបាល​របស់​លោក​នឹង​​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ដើម្បី​អភិវឌ្ឍ​​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​នឹង​គ្នា។ ការសន្យា​នេះ​ត្រូវ​បាន​ធ្វើឡើង នៅថ្ងៃ​ចន្ទ មុនពេល​ដែល​លោក​ម៉ូឌី ត្រូវ​ទទួល​ជួប​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន នៅ​ទីក្រុង​ញូវដេលី។

លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា ទទួល​ជួប​លោក​វ៉ាង អ៊ី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន ថ្ងៃ​ចន្ទ ៩មិថុនា ២០១៤
លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា ទទួល​ជួប​លោក​វ៉ាង អ៊ី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន ថ្ងៃ​ចន្ទ ៩មិថុនា ២០១៤ REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សារ​ទៅកាន់​​​សភា​ឥណ្ឌា​នៅថ្ងៃ​ចន្ទ លោក​ណារិនដ្រា ម៉ូឌី បាន​លើកឡើង​ថា ឥណ្ឌា​ចង់​មាន​ទំនាក់ទំនង​ល្អ​ និង​ប្រកប​ដោយ​សុខសន្តិភាព​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់ ក៏ប៉ុន្តែ ឥណ្ឌា​ក៏​នឹង​មិន​គេចវេស​ពី​ការ​ប្រឈមមុខ​ដាក់​គ្នា​នោះដែរ ប្រសិនបើ​មាន​ការ​ចាំបាច់។ លោក​ម៉ូឌី ដែល​ទើប​នឹង​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្រ្តី​ឥណ្ឌា ក៏​បាន​លើកឡើង​ចំៗ អំពី​ចិន​ផងដែរ ដោយ​សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​អភិវឌ្ឍ​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត​ រវាង​ឥណ្ឌា និង​ចិន។

គួរបញ្ជាក់ថា ទំនាក់ទំនង រវាង​ឥណ្ឌា និង​ចិន បាន​ឆ្លងកាត់​នូវ​ភាព​តានតឹង​ច្រើន នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងទៅនេះ។ តានតឹង ដោយសារ​តែ​ចិន​គាំទ្រ​ប៉ាគីស្ថាន ដែល​ជា​គូសត្រូវ​របស់​ឥណ្ឌា​ផង និង​ដោយសារ​តែ​មាន​ជម្លោះ​ព្រំដែន​គោក រវាង​ចិន និង​ឥណ្ឌា នៅ​តំបន់​ជួរភ្នំ​ហិមាល័យ​នោះផង។

កាលពីខែ​កុម្ភៈ នៅ​ក្នុង​អំឡុង​យុទ្ធនាឃោសនា​បោះឆ្នោត លោ​កម៉ូឌី​បាន​រិះគន់​នូវ​អ្វី​ដែល​លោក​ចាត់ទុកថា​ជា “ផ្នត់គំនិត​បែប​វាតទី​និយម​របស់​ចិន”។ ក៏ប៉ុន្តែ ក្រោយ​ពី​បាន​ជាប់ឆ្នោត លោក​ម៉ូឌី​បាន​បន្ទន់ជំហរ​មកវិញ​យ៉ាងច្រើន​ចំពោះ​ចិន ដោយ​បាន​​អញ្ជើញ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ឲ្យ​មក​បំពេញ​ទស្សនកិច្ច នៅ​ឥណ្ឌា នៅ​ចុងឆ្នាំ​នេះ។

ជាទូទៅ គេ​សង្កេតឃើញ​ថា លោក​នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ថ្វីដ្បិត​តែ​មាន​ជំហរ​ជាតិនិយម​ខ្លាំង ក៏ប៉ុន្តែ ជា​រឿយៗ លោក​ក៏​តែងតែ​លើកសរសើរ​ផងដែរ ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន នៅ​ក្នុង​រយៈពេល​មួយទសវត្សរ៍​ចុងក្រោយ​នេះ។

ក្នុងឋានៈជា​ប្រមុខរដ្ឋាភិបាល​ឥណ្ឌា លោក​ម៉ូឌី នឹង​ត្រូវ​ប្រឈមមុខ​នឹង​កិច្ចការ​ដ៏ស្មុគស្មាញ​ រវាង​ម្ខាង​ត្រូវ​ទប់ទល់​នឹង​ចិន ដែល​ចេះតែ​បង្កើន​កម្លាំង​ទ័ព​ឥតឈប់ ហើយ​កំពុងតែ​បង្ហាញ​នូវ​ភាព​តឹងរ៉ឹង​ចំពោះ​នយោបាយ​ការបរទេស និង​ការពារជាតិ ចំណែក​ម្ខាងទៀត ត្រូវ​ពង្រឹង​ទំនាក់ទំនង​ខាង​ផ្នែក​សេដ្ឋកិច្ច រវាង​ឥណ្ឌា និង​ចិន។

គួរបញ្ជាក់ផងដែរ​ថា ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​លំដាប់​ទីមួយ​របស់​ឥណ្ឌា។ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ទំហំ​ជាទឹកប្រាក់​រហូតដល់​ទៅជិត ៧០ពាន់លាន​ដុល្លារ ក្នុងមួយឆ្នាំៗ។ ក៏ប៉ុន្តែ លំនឹង​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​នេះ​ផ្អៀង​ខ្លាំង​ទៅខាង​ចិន ដោយ​ឥណ្ឌា​នាំ​ទំនិញ​ពី​ចិន ច្រើន​ជាង​ការ​នាំចេញ​ទៅចិន រហូតដល់​ទៅជាង ៤០ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ