អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ឥណ្ឌា ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​កំពូល​មហា​អំណាច​អាស៊ី​ខាង​ត្បូង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ឥណ្ឌា​ត​ទៅ​ទៀត។ ជាង​៦០​ប្លាយ​ឆ្នាំ​ចុង​ក្រោយ​នេះ ឥណ្ឌា​ដែល​តាំង​ខ្លួន​ជា​កំពូល​មហា​អំណាច​ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង ពិបាក​នឹង​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ជិត​ខាង​គោរព​និង​កោត​ខ្លាច​ខ្លួន។ តើ​មក​ពី​មូលហេតុ​អ្វី? 

ផែនទីនៃប្រទេសឥណ្ឌានិងបណ្តាប្រទេសជិតខាងឥណ្ឌា
ផែនទីនៃប្រទេសឥណ្ឌានិងបណ្តាប្រទេសជិតខាងឥណ្ឌា
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ឆ្នាំ​១៩៤៧​មក ឆ្នាំ​ដែល​ប្រទេស​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស ឥណ្ឌា​តែងតែ​ចាត់​ទុក​ខ្លួន​ឯង​ថា ជា​កំពូល​មហា​អំណាច​អាស៊ី​ខាង​ត្បូង និង​តាំង​ខ្លួន​ជា​មហា​អំណាច​អាស៊ី​ខាង​ត្បូង​ដែល​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​មហា​អំណាច​ពិភពលោក។

 
ម៉្លោះ​ហើយ នា​រយៈ​ពេល​ជាង​៦០​ប្លាយ​ឆ្នាំ​ចុង​ក្រោយ​នេះ នយោបាយ​ការ​បរទេស​របស់​ឥណ្ឌា​តែងតែ​ប្រែប្រួល​បត់បែន​ទៅ​តាម​បរិបទ​តំបន់​និង​កាលៈទេសៈ​អន្តរជាតិ។ ត្រង់​នេះ គេ​កត់​សម្គាល់​ឃើញ​ថា ឱ្យ​តែ​ជាប់​រវល់​ខ្លាំង​នឹង​បញ្ហា​អន្តរជាតិ ពេល​នោះ​ឥណ្ឌា​មិន​សូវ​ខ្វល់ខ្វាយ​ឡើយ​ពី​បញ្ហា​តំបន់។ ឧទាហរណ៍​ជាក់​ស្តែង គឺ​សម័យ​គ្រប់គ្រង​រដ្ឋ​របស់​Nehru​ពី​ឆ្នាំ​១៩៤៧​ដល់​ឆ្នាំ​១៩៦៤។ កាល​សម័យ​នោះ Nehru​ឱ្យ​តម្លៃ​ទៅ​លើ​បញ្ហា​អន្តរជាតិ ដ្បិត​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​រូប​នេះ​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​ប្រទេស​ជើង​ឯក​ខាង​ដឹក​នាំ​បណ្តា​ប្រទេស​មិន​ចូល​បក្សសម្ពន្ធ ពោល​គឺ​មិន​កាន់​ជើង​អាមេរិក​ឬ​ក៏​សូវៀត​ក្នុង​សង្គ្រាម​ត្រជាក់​រវាង​មហា​អំណាច​ទាំង​ពីរ។ ម្ល៉ោះ​ហើយ​នៅ​ពេល​នោះ រដ្ឋាភិបាល​Nehru​មិន​សូវ​ជា​រវីរវល់​នឹង​បញ្ហា​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ប៉ុន្មាន​ទេ។ ឧទាហរណ៍​ជាក់​ស្តែង​មួយ​ទៀត គឺ​សម័យ​ឆ្នាំ​១៩៩៧-១៩៩៨។ កាល​នោះ ឥណ្ឌា​គិត​តែ​ពី​សម្តែង​ឫទ្ធ​ដំឡើង​សាច់ដុំ​នៅ​លើ​ឆាក​អន្តរជាតិ ជាអាទិ៍​តាម​រយៈ​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ផ្គើន​ចិន​និង​ឌឺ​ប៉ាគីស្ថាន។ ដូច​គ្នា​អ៊ីចឹង​ដែរ នៅ​ពេល​នោះ ក្នុង​រយៈ​ពេល​ពីរ​ឬ​បី​ឆ្នាំ រដ្ឋាភិបាល​របស់​Vapayee ដែល​ជា​នាយក​រដ្ឋមន្ត្រី​សម័យ​នោះ ក៏​មិន​សូវ​ជា​រវីរវល់​នឹង​បញ្ហា​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ប៉ុន្មាន​ដែរ​ទេ។

ផ្ទុយ​ទៅ​វិញ ឱ្យ​តែ​ឥណ្ឌា​ងាក​មក​បង្កើន​សកម្មភាព​ទូត​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​ដែល​ជា​ដែន​អំណាច​របស់​ខ្លួន ពេល​នោះ​សុទ្ធ​សឹង​ជា​ពេល​ដែល​ឥណ្ឌា​គ្មាន​តួនាទី​អ្វី​សំខាន់​សោះ​ឡើយ នៅ​លើ​ឆាក​អន្តរជាតិ។ ឧទាហរណ៍​ជាក់​ស្តែង គឺ​សករាជ​គ្រប់គ្រង​រដ្ឋ​របស់​Indira Gandhi កូន​ស្រី​របស់​Nehru ពី​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​១៩៨៤។ កាល​នោះ ស្រប​ទៅ​តាម​ទ្រឹស្តី​នយោបាយ​ដែល​គេ​ប្រសិទ្ធនាម​ជា​ភាសា​បារាំ​ងថា​«la doctrine Indira»ឥណ្ឌា​មិន​អនុញ្ញាត​ឱ្យ​មាន​ឡើយ​ការ​ជ្រាតជ្រែក​ពី​សំណាក់​មហា​អំណាច​ដទៃ​មក​ក្នុង​បញ្ហា​នៃ​តំបន់​អាស៊ី​ខាង​ត្បូង។

យ៉ាង​ណា​ក៏​ដោយ ជា​ទូ​ទៅ បណ្តា​ប្រទេស​ជិត​ខាង​នៅ​អាស៊ី​ខាង​ត្បូង​មិន​ទុក​ចិត្ត​ឥណ្ឌា​ទេ។ ជាក់​ស្តែង ប៉ាគីស្ថាន​ដែល​ជា​សត្រូវ​សួ​ពូជ ដាច់​ខាត​មិន​ព្រម​រណប​ឥណ្ឌា។ បាំងក្លាដែស​(Bengladesh) សេរីឡង់កា​(Sri Lanka) និង​នេប៉ាល​(Népal)​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ បារម្ភ​ពី​មហិច្ឆតា​របស់​ឥណ្ឌា។ មាន​តែ​រដ្ឋ​តូចៗ ដូច​ជា​ប៊ូតង់​(Bhoutan) និង​ម៉ាលឌីវ​(Maldives)​ទេ ដែល​ហាក់​បី​ដូច​ជា​ព្រម​ទទួល​អនុត្តរភាព​របស់​ឥណ្ឌា​នៅ​ក្នុង​តំបន់ និង​ឥទ្ធិពល​មហា​ប្រទេស​មួយ​នេះ មក​លើ​ពួក​គេ។

គំនិត​ដែល​ថា​ឥណ្ឌា​ត្រូវ​តែជា​សសរ​ទ្រូង​នៃ​អាស៊ី​ខាង​ត្បូង​មិន​មែន​ត្រឹម​តែ​ដុះ​ចេញ​ពី​ខួ​ក្បាល​របស់​អ្នក​នយោបាយ​ឥណ្ឌា​តែ​ប៉ុណ្ណោះ​ទេ។ ប្រជាជន​ឥណ្ឌា សឹង​ថា​គ្រប់​ស្រទាប់​វណ្ណៈ​សុទ្ធ​តែ​យល់​ឃើញ​ដូច​នេះ​អ៊ី​ចឹង។ ហើយ​នេះ​មិន​មែន​ចៃដន្យ​ឡើយ។

ទី​មួយ នៅ​លើ​វិស័យ​ភូមិសាស្ត្រ ដែនដី​នៃ​ប្រទេស​ឥណ្ឌា​លាត​សន្ធឹង​និង​គ្រប​យក​អស់​៣​ភាគ​៤​នៃ​ផ្ទៃ​ដី​ឧបទ្វីប​អាស៊ី​ខាង​ត្បូង​ទាំង​មូល មិន​តែ​ប៉ុណ្ណោះ ឥណ្ឌា​ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​ទល់​ដែន​ជាប់​ជាមួយ​បណ្តា​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់ នៅ​ពេល​ដែល​បណ្តា​ប្រទេស​ទាំង​អស់​នេះ​នៅ​ក្នុង​តំបន់​គ្មាន​ព្រំដែន​ជា​មួយ​គ្នា​ទេ។

ទី​ពីរ ប្រជាជន​ឥណ្ឌា​មាន​ចំនួន​ច្រើន​ជាង​គេ គឺ​ស្មើ​នឹង​ជាង​​៣​ភាគ​៤​ឯ​ណោះ​នៃ​ចំនួន​ប្រជាជន​ទាំង​ស្រុង​នៅ​អាស៊ី​ខាង​ត្បូង។

ទី​បី ឥណ្ឌា​ជា​មហា​អំណាច​យោធា​ទី​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង។

*

លក្ខន្តិក​ជា​មហា​អំណាច​ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង​នៃ​ប្រទេស​ឥណ្ឌា បាន​និង​កំពុង​បន្ត​ធ្វើ​ឱ្យ​ប្រទេស​ដ៏​ធំ​មួយ​នេះ​មាន​ជម្លោះ និង​មើល​មុខ​គ្នា​មិន​ចំ​ជាមួយ​បណ្តា​ប្រទេស​នា​នា នៅ​ជុំ​វិញ​ខ្លួន។ មូលហេតុ​មាន​ច្រើន​យ៉ាង។

ម្យ៉ាង​គឺ​មក​ពី​ឥណ្ឌា​ដែល​មាន​ដី​ធំ គ្រប​យក​មិន​តិច​ទេ​ជនជាតិ​ផ្សេងៗ​នៃ​បណ្តា​ប្រទេស​ជិត​ខាង។ ជនជាតិ​ទាំង​អស់​នោះ​ដែល​មាន​សាសនា ភាសា​និង​ទំនៀម​ទម្លាប់​ខុស​ពី​ជន​ជាតិ​ឥណ្ឌា ជា​ប្រភព​នៃ​ជម្លោះ​រ៉ាំរ៉ៃ​រវាង​ពូជសាសន៍​មួយ​និង​ពូជសាសន៍​មួយ​ទៀត​និង​ជា​ប្រភព​នៃ​ការ​ទាមទារ​ផ្តាច់​ទឹក​ដី។ ចូរ​កុំ​ភ្លេច​ថា មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជាង​១៦០០​ភាសា​ឯ​ណោះ មាន​ប្រជាជន​ចំនួន​៨២%​ជា​អ្នក​កាន់​សាសនា​Hindou ១២%​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​ក្រៅ​ពី​នេះ មាន​ពួក​ស៊ីគ្ហ​(Sikh) និង​ពួក​តាមូល​(Tamoul)។

មូលហេតុ​ម្យ៉ាង​ទៀត​នៃ​ការ​មិន​ត្រូវ​គ្នា​រវាង​ឥណ្ឌា​និង​បណ្តា​ប្រទេស​ជិត​ខាង គឺ​មក​ពី​ការ​ច្រណែន​និន្ទា ដ្បិត​ឥណ្ឌា​មាន​មាឌ​ធំ ប្រជាជន​ច្រើន ស្ថិរភាព​នយោបាយ និង​ការ​លូត​លាស់ ខុស​ផ្ទុយ​ពី​ប៉ាគីស្ថាន បាំងក្លាដេស សេរីឡង់កា ឬ​នេប៉ាល​ដែល​សុទ្ធ​តែ​ជា​ប្រទេស​ក្រ ដែល​ពិបាក​នឹង​លេច​ត្រដែត​ឡើង និង​ដែល​ត្រូវ​ពិភពលោក​ធីប​ចោល។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឥណ្ឌា​បាន​និង​កំពុង​បន្ត​ប្រឹងប្រែង​កាត់​បន្ថយ​ជម្លោះ​ជា​មួយ​បណ្តា​ប្រទេស​ជិត​ខាង តាម​រយៈ​ការ​បង្កើន​សហប្រតិបត្តិការ​សេដ្ឋកិច្ច។ នៅ​ក្នុង​ន័យ​នេះ ក្រោម​ការ​ផ្តួច​ផ្តើម​របស់​ឥណ្ឌា សមាគម​អាស៊ី​ខាង​ត្បូង​ដើម្បី​សហប្រតិបត្តិការ​តំបន់​ហៅ​កាត់​ថា SAARC ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨៥។ សមាជិក​នៃ​អង្គការ​តំបន់​នេះ រួម​មាន ឥណ្ឌា ប៉ាគីស្ថាន បាំងក្លាដែស ប៊ូតង់ ម៉ាលឌីវ នេប៉ាល សេរីឡង់កា និង​តាំង​ពី​ឆ្នាំ​២០០៥​មក អាហ្វហ្កានីស្ថាន​ ។ គោលដៅ គឺ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​សមាជិក​ទាំង​អស់ កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់ និង​ប្រឆាំង​នឹង​ការ​ជ្រាតជ្រែក​ពី​សំណាក់​បរទេស​មក​ក្នុង​បញ្ហា​តំបន់។

ប៉ុន្តែ នៅ​លើ​សាច់ការណ៍​ជាក់​ស្តែង ឥណ្ឌា​លេង​បៀ​ពីរ​សន្លឹក។ ដើម្បី​ការពារ​និង​ពង្រីក​ផល​ប្រយោជន៍​របស់​ខ្លួន មហា​អំណាច​តំបន់​មួយ​នេះ មិន​ឱ្យ​តម្លៃ​ទាល់​តែ​សោះ​ដល់​ការ​ទូត​ពហុភាគី​ដែល​ជា​គោលការណ៍​ត្រូវ​ប្រព្រឹត្ត​នៅ​ក្នុង​សមាគម​អាស៊ី​ខាង​ត្បូង។ ឥណ្ឌា​ចូល​ចិត្ត​កិច្ច​ចរចា​ជា​ឧភតោ​ភាគី​វិញ ពោល​គឺ​កិច្ចចរចា​មួយ​ទល់​និង​មួយ ជាមួយ​ប្រទេស​នីមួយៗ​ដាច់​ដោយ​ឡែក​ពី​គ្នា។

យ៉ាង​ណា​ក៏​ដោយ ឥណ្ឌា​យល់​ព្រម​ទទួល​កិច្ច​ព្រម​ព្រៀង​មួយ​ស្តី​ពី​ការ​ផ្តោះប្តូរ​ពាណិជ្ជ​កម្ម​ដោយ​សេរី​មួយ​នៅ​ក្នុង​សមាគម​អាស៊ី​ខាង​ត្បូង​ដើម្បី​សហប្រតិបត្តិការ​តំបន់។ ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នេះ​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃ​ទី​១​កក្កដា​ឆ្នាំ​២០០៦​មក​ម្ល៉េះ មិន​ដំណើរ​ការ ដ្បិត​ប៉ាគីស្ថាន​មិន​ព្រម​អនុវត្ត​វា។ ប៉ាគីស្ថាន​បារម្ភ បារម្ភ​ខ្លាច​ផលិតផល​ឥណ្ឌា​ហូរ​គគុក​គគាក់​ខ្លាំង​ពេក​ចូល​មក​ក្នុង​ប្រទេស​ខ្លួន។

នៅ​ក្នុង​បរិបទ​បែប​នេះ សមាគម​អាស៊ី​ខាង​ត្បូង​ដើម្បី​សហប្រតិបត្តិការ​តំបន់ បើ​ប្រៀប​ធៀប​ទៅ​នឹង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ជា​អង្គការ​មួយ​គ្មាន​តម្លៃ គ្មាន​ទម្ងន់ និង​គ្មាន​កិត្យានុភាព៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ