អានតួអត្ថបទ
កម្ពជា

លោកហ៊ុន សែន​ព្រមាន​ថា មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​ណា​ដែល​មាន​គណបក្ស​នយោបាយ និង​សង្គមស៊ីវិល​ពាក់ព័ន្ធ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋាភិបាល​របស់​លោក នឹង​មិន​ជួយ​ដោះស្រាយ លើ​បញ្ហា​ជម្លោះ​ដីធ្លី​ណា ដែល​មាន​គណបក្សនយោបាយ និង​អង្គការ​ក្រៅរដ្ឋាភិបាល ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នោះ​ឡើយ​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស បដិសេធ​ជាថ្មី​ថា នៅ​កម្ពុជា មិន​មាន​អ្នកទោសនយោបាយ​ទេ ហើយ​លោក ក៏​មិន​អាច​ទៅ​ជ្រៀតជ្រែក​តុលាការ ដើម្បី​ដោះ​លែង​អ្នកទោស​ណា​ម្នាក់​បាន​ដែរ​។​

លោក​នាយករ​ដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន
លោក​នាយករ​ដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សារ​មួយ ទៅកាន់​ប្រជាពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី ថា លោក​នឹង​មិន​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នោះ​ទេ បើសិនជា​មាន​គណបក្ស​នយោបាយ ពិសេស​គណបក្សប្រឆាំង និង​អង្គការ​រដ្ឋាភិបាល ចូល​ឡូកឡំ​ក្នុង​ជម្លោះ​នោះ​។​

លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ “​បើ​ចង់ឲ្យ​ខ្ញុំ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី សូម​កុំឲ្យ​មាន​នយោបាយ​ឡូកឡំ​។ អា​នឹង​សូម​ជូន​សារ​ពី​ទី​នេះ​ទៅ​តែម្តង​។ បើ​មាន​អ្នកនយោបាយ ចូល​ឡូកឡំ អង្គការក្រៅរដ្ឋាភិបាល ឬ​បក្សនយោបាយ​ចូល​ឡូកឡំ​ហើយ ខ្ញុំ​នឹង​មិន​ដោះស្រាយ​ទេ​។ សូម​បង្កក​ទុក​មួយ​កន្លែង ព្រោះ​បើកាលណា មាន​នយោបាយ​ចូល​ឡូកឡំ​ហើយ ដោះ​មិន​ចេញ​ទេ​។ ដោះ​ងាប់​ទាំង​ខ្លួន​ទៀត ក៏​ដោះ​មិន​ចេញ​ដែរ​។ អីចឹង​ទេ ខ្ញុំ​សូម​ជូន​សារ បើ​ថា ចង់ឲ្យ​ខ្ញុំ​ជួយ​ដោះស្រាយ កុំឲ្យ​អ្នក​នយោបាយ​ចូល​ឡូកឡំ កុំឲ្យ​អង្គការក្រៅរដ្ឋាភិបាល​ប្រឆាំ​ង ចូល​ឡូកឡំ ឲ្យសោះ​"​។​

ជាមួយគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជាក់បន្ថែម​ថា អ្នកនយោបាយ​ក្នុង​គណបក្ស​ប្រជាជន ក៏​មិន​ត្រូវ​ចូល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នោះ​ដែរ​។ លោកនាយក​រដ្ឋមន្ត្រី បាន​លើកយក​ករណី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ដែល​ជា​ឧត្តមសេនីយ៍ឯក ផ្កាយ​បី លោក ឌឿ​ន សុវណ្ណ ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី នៅ​ខេត្ត​ពោធិ៍សាត់ និង​ត្រូវ​បាន​រដ្ឋាភិបាល ចាត់វិធានការ ដកតំណែង និង​បញ្ជូន​សំណុំរឿង​ទៅ​កាន់​តុលាការ​ថែមទៀត​។​

ចំពោះ​សកម្មជន​សិទ្ធិមនុស្ស អង្គការ​លីកាដូ លោក អំ សំអាត លើកឡើងថា ប្រជាពលរដ្ឋ​រត់​ទៅ​ពឹង​អង្គការ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ ឲ្យជួយ​ក្នុង​បញ្ហា​ដីធ្លី កន្លងមក ដោយសារតែ​ប្រជាពលរដ្ឋ​អស់ជំនឿ​នឹង​អាជ្ញាធរ​មូលដ្ឋាន ដែល​លទ្ធផល​ដោះស្រាយ មាន​តិចតួច​។ ម្យ៉ាង​សេចក្តីប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ខាងលើ ក៏​ជា​សារ​មួយ​ជំរុញ​ឲ្យ​អាជ្ញាធរ បង្កើន​ការប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​ដីធ្លី សម្រាប់​ប្រជាពលរដ្ឋ​។​

ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី នៅ​ខេត្ត​ព្រះវិហារ នៅ​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​អ្នកទោស​នយោបាយ​ណា​ម្នាក់​ទេ​។ តែ​មាន​តែ​អ្នកនយោបាយ ទៅ​ប្រព្រឹត្ត​កំហុស ខុស​ច្បាប់ ត្រូវ​តុលាការ​កាត់ទោស ឲ្យ​ជាប់​ពន្ធនាគារ​។ ក្នុង​រឿង​នោះ លោក​ក៏​មិន​អាច​ទៅ​អន្តរាគមន៍ ជ្រៀតជ្រែក​លើ​ប្រព័ន្ធ​តុលាការ ដែល​លោក​ហៅថា តុលាការ ជា​ស្ថាប័ន​ឯករាជ្យ​បានឡើយ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ក៏​មាន​ការ​ក្លែង​ឯកសារ និង​ស្នាម​មេដៃ ក្នុង​រឿង​ដីធ្លី ហើយ​នៅ​ពេល​រដ្ឋាភិបាល រក​ឃើញ​កំហុស ក៏​ជាប់ទោស ហើយ​ដល់​ជាប់ទោស តាំង​ចាប់ផ្តើម​រក​អន្តរាគមន៍ ហើយ​ខ្ញុំ ខ្ញុំ​ប្រាប់​ហើយ​ថា កម្ពុជា​អត់​មាន​អ្នកទោសនយោបាយ​ទេ​វ៉ើយ​! មាន​តែ​អ្នកនយោបាយ​ជាប់​ទោស​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ​។ អា​នឹង វា​អីចឹង​។ ហើយ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អន្តរាគមន៍ ហើយ​ចោទ​ថា ខ្ញុំ​កំពុង​ត្រួតត្រា​តុលាការ​។ អីចឹង​ទេ ឲ្យ​ខ្ញុំ​ទៅ​អន្តរាគមន៍​ដោះលែង​អ្នកទោស ខ្ញុំ​មិន​ដូច​អ្នក​ឯង​ថា ( ខ្ញុំ​កំពុង​ត្រួតត្រា​តុលាការ )​។ មិន​អីចឹង​?​។ មក​ចោទ​ប្រកាន់​ខ្ញុំ ថា​ខ្ញុំ​កំពុង​ត្រួតត្រា​លើ​តុលាការ ដែល​ជា​ប្រព័ន្ធ​ឯករាជ្យ​មួយ​របស់​គេ​។ រួច​មក​ស្នើ​ឲ្យ​ខ្ញុំ ទៅ​ធ្វើ​ខុសច្បាប់​។ ឲ្យ​ដោះលែង​អ្នកទោស ស្អី​អីចេះ​អី​ចុះ ហើយ​បើ​ខ្ញុំ​ទៅ​ដោះលែង​អ្នកទោស តើ​ខ្ញុំ​ទៅ​ធ្វើ​ម៉េច​ជាមួយ​តុលាការ ព្រោះ​តុលាការ គេ​ឯករាជ្យ​របស់​គេ​។ យើង​ធ្វើ​ខុស ក៏​ត្រូវ​តុលាការ គេ​កាត់ទោស​ដែរ​។ គ្មាន​នរណា​មួយ អាច​នៅលើ​ច្បាប់​បាន​ទេ​"​។​

លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​អះអាង​ថា កន្លងមក ក៏មានការ​កាត់ទោស​លើ​មេ​ប៉ូលិស​ទាហាន ថ្នាក់​ឧត្តមសេនីយ៍ និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នាក់ ដាក់ពន្ធនាគារ ដូច​ករណី​អ្នកនយោបាយ ដែល​បាន​ធ្វើ​ខុសច្បាប់​ផង​ដែរ​។​
​ប្រសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ ក៏​ត្រូវបាន​លោក​ឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​លោក​ប្រធានាធិបតី អូ​បា​ម៉ា ដែល​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នឹង​រូបលោក កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​អាមេរិក នៅ​ទីក្រុង​ភ្នំពេញ​។​

ក្នុង​កិច្ចប្រជុំ​ដោយ​បិទទ្វារ កាលណោះ លោក អូ​បា​ម៉ា បានលើកឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជម្លោះ​ដីធ្លី ការចាប់​ឃុំឃាំង​លោក ម៉ម សូណង់ដូ ការបោះឆ្នោត និង​ករណី​របស់​មេដឹកនាំ​គណបក្សប្រឆាំង ជាដើម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ