អានតួអត្ថបទ
កម្ពុជា

លោក​ ហោ ​ណាំហុង​៖​ ពិភព​លោក​កំពុង​ស្ថិត​នៅ​លើ​ចំណុច​ប្រកប​ដោយ​គ្រោះ​ថ្នាក់

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​អង្គ​ប្រជុំ​លើក​ទី​៦៩​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី​២៩​កញ្ញា ​លោក ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​បាន​កត់​សម្គាល់​ដោយ​ការ​ព្រួយ​បារម្ភ​ថា​ ពិភពលោក​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លើ​ចំណុច​ប្រកប​ដោយ​គ្រោះ​ថ្នាក់។​ គ្រោះ​ថ្នាក់​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ អំពើ​ឧក្រិដ្ឋកម្ម​ ជំងឺ​កាច​សាហាវ​ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​ដើម។

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

ពិភពលោក​បច្ចុប្បន្នកំពុង​ស្ថិតនៅលើ​ចំណុច​ប្រកបដោយ​គ្រោះថ្នាក់​និង​មាន​បរិយាកាស​អាប់អួរ​កាន់តែខ្លាំង។ នេះ​គឺជា​ការកត់សម្គាល់​ជាបឋម​របស់លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ។ លោក​ហោ ណាំហុង​បន្តថា សហគមន៍​អន្តរជាតិ​មាន​ក្តី​ព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​បញ្ហា​សន្តិសុខ និង​ភូមិ​សាស្ត្រ​នយោបាយ​នៅ​តំបន់​ជាច្រើន​ក្នុង​ពិភពលោក។

នៅក្នុង​សុន្ទរកថា​ប្រវែង៥ទំព័រ ប្រមុខ​ការទូត​ខ្មែរ បាន​ផ្តើម​លើកឡើង​មុនគេ​អំពី​រដ្ឋ​អ៊ីស្លាម (ISIS) ដែល​បានប្រកាស​ខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី។ លោក​កត់សម្គាល់ថា អំពើ​ឧក្រិដ្ឋ​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​ពួកគេ​បាន​កំរាម​កំហែង​យ៉ាងខ្លាំង​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​បណ្តា​ប្រទេស​ទាំងនោះ។ លោក ហោ ណាំហុង​ក៏បាន​លើកឡើង​អំពី​ជម្លោះ​ប្រដាប់អាវុធ​ក្នុងប្រទេស​ស៊ី​រី និង​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​កណ្តាល​ដែល​បណ្តាល​ឲ្យ​ជនស្លូតត្រង់ និង​កុមារ​ជាច្រើន​បាត់បង់​ជីវិត និង​បាន​នាំ​ឲ្យ​មាន​ជនភៀសខ្លួន​ជាច្រើន។

មកដល់​ចំណុច​នេះ លោក​រដ្ឋមន្ត្រី​មិន​ភ្លេច​លើកឡើង​អំពី​ការចូលរួមចំណែក​រប​ស់​កម្ពុជា​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​នៅ​អាហ្វ្រិក តាមរយៈ​ការបញ្ជូន​កង​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ចំនួន​ជាង ២០០០ នាក់​ទៅកាន់​ប្រទេស​លី​បង់ ម៉ាលី និង​ស៊ូដង់​ខាងត្បូង។ កម្ពុជា​ក៏​កំពុង​ត្រៀម​បញ្ជូន​កង​រក្សា​សន្តិភាព​មួយក្រុម​ទៀត​ទៅកាន់​អាហ្វ្រិក​កណ្តាល​នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ។ ក្រៅពី​ជម្លោះ​ប្រដាប់អាវុធ ជំងឺ​អេ​បូ​ឡា ក៏​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយទៀត​របស់​ពិភពលោក។

នៅក្នុង​សុន្ទរ​ថា​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដដែល លោក ហោ ណាំង​ហុង​ក៏បាន​លើកឡើង​អំពី​ការប្រែប្រួល​អាកាសធាតុ​ផងដែរ។ ការប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​គំរាមកំហែង​ពិភពលោក​ទាំងមូល​ក្នុងនោះ​កម្ពុជា​ក៏បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ដែរ។ ជាក់ស្តែង​ទឹកជំនន់​ក្នុង​ឆ្នាំ ២០១៣ បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់ ១៦៨ នាក់ បង្ក​ការខូចខាត​មួយ​ពាន់​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​មនុស្ស​ជិត​ពីរលាន​នាក់​រង​ផលប៉ះពាល់។

នៅ​ចុងបញ្ចប់​នៃ​សុន្ទរកថា​របស់ខ្លួន ប្រមុខ​ការទូត​ខ្មែរ​ក៏បាន​អំពាវនាវ​ឲ្យ​មាន​កំណែទម្រង់​អង្គការសហប្រជាជាតិ​ដោយ​ធ្វើយ៉ាងណា​ឲ្យ​អង្គការ​ពិភពលោក​នេះ​មាន​តំណាង​ប្រកបដោយ​សមធម៌​នៅក្នុង​ស្ថាប័ន​របស់ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពិភពលោក​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ