អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​ ជួប​ជុំ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន ​ថ្ងៃ​៥​តុលា ​នៅ​ទីលាន​ប្រជាធិបតេយ្យ

តាម​រយៈ​កិច្ច​ប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​៣០​កញ្ញា​នេះ ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ​បាន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​របស់​លោក​រ៉ុង​ឈុន ​ជួបជុំ​ ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​ ថ្ងៃ​៥​តុលា នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។ ​ប៉ុន្តែ​អាជ្ញាធរ​ តម្រូវ​ឲ្យ​សមាគម​គ្រូ​បង្រៀន​ ចាត់​តំណាង​ត្រឹម​តែ​ ៣០​ ទៅ​ ៤០​ នាក់​ ដើម្បី​ដាក់​ញត្តិ​ នៅ​ក្រសួង​អប់រំ​ និង​នៅ​ខុទ្ទកាល័យ​ នាយក​រដ្ឋមន្ត្រី ​ខណៈ​ដែល​ក្រុម​គ្រូ​បង្រៀន ​ទាមទារ​ឲ្យ​អ្នក​ចូលរួម​ពិធី​ជួប​ជុំ​ប្រមាណ ​៥០០​ ទៅ​ ៦០០​ នាក់​ ដើរ​ហែ​ក្បួន​ ដាក់​ញត្តិ។

លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ
លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ © អ៊ឺម ណាវិន
ផ្សាយពាណិជ្ជកម្ម

ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ៥តុលា ត្រូវ​នឹង​ថ្ងៃអាទិត្យ​ខាងមុខ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹង​រៀបចំ​ប្រារព្ធ​ពិធី​ជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ប្រធានបទ "ការលើកកម្ពស់​គុណភាព​អប់រំ"។ ក្នុង​ពិធី​ជួបជុំ​នោះ សមាគម​គ្រូបង្រៀន​របស់លោក​រ៉ុង​ឈុន បានប្រកាស​ទាមទារ​ឲ្យ​រដ្ឋាភិបាល តម្លើង​ប្រាក់ខែ​គ្រូបង្រៀន​អប្បបរមា ១ លាន​រៀល ក្នុង​មួយខែ។

លោក រ៉ុង ឈុន ក៏បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​គ្រូបង្រៀន និង​ការលើកកម្ពស់​គុណភាព​នៃ​វិស័យ​អប់រំ។ ការលើកកម្ពស់​វិស័យ​អប់រំ ដែល​តាម​លោក​រ៉ុង​ឈុន អាទិភាព​ដំបូង គឺ​រដ្ឋាភិបាល ត្រូវ​តម្លើង​ប្រាក់ខែ​គ្រូបង្រៀន។

ចំពោះ​គម្រោង​ជួបជុំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ៥តុលា គឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឃួ​ង​ស្រេង អភិបាលរង បាន​ជួបប្រជុំ​ជាមួយ​តំណាង​សមាគម​គ្រូបង្រៀន​នា​ព្រឹក​ថ្ងៃទី៣០កញ្ញា​នេះ។ អាជ្ញាធរ បាន​យល់ព្រម​ឲ្យ​មានការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​អាជ្ញាធរ តម្រូវ​ឲ្យ​តំណាង​គ្រូបង្រៀន​តែ ៣០ ទៅ ៤០ នាក់ ទៅ​ដាក់​ញត្តិ នៅ​ក្រសួង​អប់រំ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។

ប៉ុន្តែ​លោក​រ៉ុង​ឈុន បាន​បញ្ជាក់ថា សមាគម​គ្រូបង្រៀន ចង់​ឲ្យ​គ្រូបង្រៀន ដែល​មក​ចូលរួម​ពិធី​ជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើរ​ហែ​ក្បួន​ទាំង ៥០០ ទៅ ៦០០ នាក់​នោះ។

យ៉ាងណាក៏ដោយ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​សុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ ចំពោះ​គម្រោង​ជួបជុំ​របស់​គ្រូបង្រៀន នា​ថ្ងៃអាទិត្យ ទី៥តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ។

ជុំវិញ​ប្រាក់ខែ​គ្រូបង្រៀន ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាលពី​ថ្ងៃទី​២៥​កញ្ញា​ថា គ្រូបង្រៀន ជាង ១១ ម៉ឺន​នាក់ ដែល​សព្វថ្ងៃ មន្ត្រី​ការិយាល័យ​នៅតាម​សាលា ទាប​បំផុត ៤២៤.០០០ រៀល​នោះ នៅក្នុង​ខែកញ្ញា​នេះ នឹង​ឡើងដល់ ៥០៥.០០០ រៀល ហើយ​ចាប់ពី​ខែមករា ប្រាក់ខែ​គ្រូបង្រៀន នឹង​ឡើងជា​បន្តបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ