អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​​​៖​ការ​​ទទួល​​​ជន​​ភៀស​​ខ្លួន​​អូស្ត្រាលី​​ ​ធ្វើ​​ឡើង​​ដោយ​​គោលការណ៍​​ស្ម័គ្រ​​ចិត្ត​​ស្រប​​តាម​​ច្បាប់​​អន្តរ​​ជាតិ​​

ក្រោយ​ពី​មាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​រួច​មក​ គឺ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៩​កញ្ញា​នេះ ​ប្រមុខ​រដ្ឋាភិបាល ​និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀស​ខ្លួន ​បាន​ចេញ​មុខ​ បកស្រាយ ​និង​ធ្វើ​សន្និសីទ​កាសែត។ ​នោះ​គឺ​រដ្ឋាភិបាល​កម្ពុជា ​ព្រម​ព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន​ ពី​ប្រទេស​អូស្ត្រាលី ​មក​រស់​នៅ​កម្ពុជា ​ត្រូវ​ធ្វើ​ឡើង​តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត ​ស្រប​តាម​ច្បាប់​ និង​អនុសញ្ញា​អន្តរជាតិ​ ដែល​កម្ពុជា ​ជា​ហត្ថលេខី។ ​ចំពោះ​ចំនួន ​ពេល​វេលា ​និង​ទី​កន្លែង​រស់​នៅ​របស់​ជន​ភៀស​ខ្លួន​ទាំង​នោះ ​មិន​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ​ប្រកាស​នៅ​ឡើយ​ទេ។

សន្និសីទកាសែតស្តីពីការទទួលយកជនភៀសខ្លួនពីអូស្រ្តាលីមកកម្ពុជា។
សន្និសីទកាសែតស្តីពីការទទួលយកជនភៀសខ្លួនពីអូស្រ្តាលីមកកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ ពី​ប្រទេស​អូស្ត្រាលី ​ឲ្យ​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​ធ្វើ​ឡើង​តាម​កាតព្វកិច្ច​ ដែល​កំណត់​ក្នុង​អនុសញ្ញា​អន្តរជាតិ ​ព្រម​ទាំង​ស្រប​តាម​ច្បាប់។ ​មួយ​វិញ​ទៀត ​ការ​បញ្ជូន​ និង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ ​ក៏​ត្រូវ​ធ្វើ​ឡើង​តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​ គឺ​ស្ម័គ្រ​ចិត្ត​ទាំង​ជន​ភៀស​ខ្លួន​ និង​ស្ម័គ្រ​ចិត្ត​ទាំង​កម្ពុជា​ ដែល​ជា​អ្នក​ទទួល។ ​ទាំង​នេះ ​គឺ​ជា​ការ​អះអាង​ផ្ទាល់​មាត់ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​និង​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ ទទួល​បន្ទុក​កិច្ចការ​ជន​អន្តោប្រវេសន៍។

លោក​នាយក​រដ្ឋ​មន្ត្រី ​បាន​ប្រកាស​ដូច្នេះ ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា ​នៅ​កោះ​ពេជ្រ ​នា​ព្រឹក​ថ្ងៃ​ចន្ទ។ ​រីឯ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​មួយ​ក្រុម​ បាន​ធ្វើ​សន្និសីទ​កាសែត​ នៅ​ក្រសួង​មហាផ្ទៃ។

ក្នុង​សន្និសីទ​កាសែត​ លោក​ ឡុង វិសាលោ​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ​និង​ជា​ប្រធាន​ក្រុម​ការងារ​របស់​រដ្ឋាភិបាល ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា ​ចំនួន​ និង​ទីតាំង​សម្រាប់​ជន​ភៀស​ខ្លួន​ រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ​តែ​លោក ​បាន​អះ​អាង​ថា ​នៅ​ពេល​មក​ដល់​ដំបូង​ ជន​ភៀស​ខ្លួន​ទាំង​នោះ ​អាច​រស់​នៅ​ក្នុង​ជំរុំ​បណ្តោះ​អាសន្ន​ នៅ​ភ្នំពេញ ​មុន​នឹង​បញ្ជូន​ទៅ​កាន់​មណ្ឌល​រស់​នៅ ​នៅ​ក្រៅ​រាជធានី​ភ្នំពេញ។ ​ក្នុង​ជំរុំ​បណ្តោះ​អាសន្ន​ នៅ​ភ្នំពេញ ​កម្ពុជា​ត្រូវ​តាមដាន​ពី​សុខភាព ​និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ ដើម្បី​ធានា​ថា ជន​ភៀស​ខ្លួន​ទាំង​នោះ ​មិន​មាន​ជំងឺ​ប្លែក​ៗ​ ដូចជា ​អេ​បូ​ឡា ​និង​មិន​មែន​ជា​ភេរវករ​ ជា​ដើម។

លោក​ឡុង​វិសាលោ ​បាន​បន្ថែម​ថា ​ពេល​នេះ ​រដ្ឋាភិបាល​កំពុង​រៀប​ចំ​ឯកសារ ​មុន​នឹង​បញ្ជូន​មន្ត្រី ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ​ទៅ​ជំរុំ​ ណេរុ​ ដើម្បី​ពន្យល់​ជន​ភៀស​ខ្លួន ​អំពី​ស្ថាន​ភាព​ នៅ​កម្ពុជា​។​ កម្ពុជា​ ដែល​តាម​លោក ​ឡុង ​វិសាលោ ​មាន​លទ្ធភាព​ទទួល​យក​ជន​ភៀស​ខ្លួន​ ក្នុង​សកម្មភាព​មនុស្ស​ធម៌​ផង​ និង​ជា​កាតព្វកិច្ច​អន្តរជាតិ​ផង ​ព្រម​ទាំង​បង្ហាញ​ពី​កិត្យានុភាព​ មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ​ដូច​អ្វី​ដែល​កម្ពុជា​បាន​បញ្ជូន​កងទ័ព​ ទៅ​ចូល​រួម​បេសក​កម្ម​មួក​ខៀវ​ របស់​អង្គការ​សហ​ប្រជាជាតិ។

តាម​មន្ត្រី​ដដែល ​អនុស្សារណៈ​យោគ​យល់​គ្នា ​ដែល​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​កម្ពុជា ​និង​រដ្ឋ​មន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី ​បាន​ចុះហត្ថ​លេខា ​កាល​ពី​ថ្ងៃ​សុក្រ ​ទី​២៦​កញ្ញា ​មាន​សុពលភាព​រយៈ​ពេល ៤​ ឆ្នាំ ​ហើយ​ភាគី​ទាំង​ពីរ​ អាច​កែប្រែ ​ឬ​រំលាយ​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ ដោយ​ជូន​ដំណឹង​មុន​ ៦ ​ខែ។ ​ក្នុង​នោះ ​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​អូស្ត្រាលី ​អាច​មក​រស់​នៅ​ ១​ ឆ្នាំ​ នៅ​កម្ពុជា​ ក្រោម​ការ​ទំនុក​បំរុង​ពី​រដ្ឋាភិបាល​កម្ពុជា​ និង​អូស្ត្រាលី ​មុន​នឹង​សម្រេច​ចិត្ត​ ចាក​ចេញ ​ឬ​រស់​នៅ​បន្ត​នៅ​កម្ពុជា។

ដោយ​ច្រាន​ចោល​ប្រតិកម្ម​រិះ​គន់​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ​បាន​គូស​បញ្ជាក់​ថា​ កិច្ច​ព្រម​ព្រៀង​ពេល​នេះ ​មិន​មែន​ជា​រឿង​ថ្មី​ទេ ​សម្រាប់​កម្ពុជា។​ ពោល​គឺ​កម្ពុជា ​គិត​មក​ដល់​ពេល​នេះ​ បាន​ទទួល​ជន​ភៀស​ខ្លួន​ និង​ជន​សុំ​សិទ្ធិ​ជ្រក​កោន​ ៩១ ​នាក់​ មក​ពី ​៨ ​ប្រទេស ​រស់​នៅ​ស្រប​ច្បាប់​ រួម​មាន ​ភូមា​ វៀតណាម ​ថៃ ​ប៉ា​គីស្ថាន​ សិរី​លង្កា ​អ៊ីរ៉ាក់ ​ប៉ាឡេស្ទីន​ និង​ឥណ្ឌា។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​បដិសេធ​ថា​ ការ​សម្រេច​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្ត្រាលី ​មក​រស់​នៅ​កម្ពុជា ​ពេល​នេះ ​មិន​មែន​ជា​ថ្នូរ​នឹង​លុយ​ ៣៥​ លាន​ដុល្លារ​អាមេរិក​ទេ។ ​តែ​លុយ​ ៣៥ ​លាន​ដុល្លារ​នោះ​ ត្រូវ​បាន​អូស្ត្រាលី​ បន្ថែម​លើ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ប្រចាំឆ្នាំ​ សម្រាប់​ជួយ​កម្ពុជា ​លើ​កំណែ​ទម្រង់​បោះ​ឆ្នោត ​ផលិត​កម្ម​ស្រូវ​អង្ករ​ និង​ការ​ដោះ​មីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ