អានតួអត្ថបទ
កម្ពុជា

កម្មករ​រាប់​ពាន់​នាក់​ផ្ទុះ​កូដ​កម្ម​ទាម​ទារ​ប្រាក់​អតីត​ភាព​ការងារ!

កម្មករ​រោង​ចក្រ Grand Twin រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ផ្ទុះ​ធ្វើ​បាតុ​កម្ម​ដោយ​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ៤ ត្រង់​ផ្តុំ​វត្ត​ជម្ពូវ័ន ក្នុង​សង្កាត់​ចោម​ចៅ ប្រមាណ​ជា ២ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី ២៤ តុលា​នេះ ដោយ​ទាមទារ​ឲ្យ​ចៅ​កែ​រោង​ចក្រ​ផ្តល់​ប្រាក់​អតីតភាព​ការងារ បន្ទាប់ពី​ក្រុម​ហ៊ុន Grand Twin បាន​ប្តូរ​ឈ្មោះ​មកពី​ក្រុមហ៊ុន QMI។ ជា​មួយ​គ្នា​នេះ​ដែរ កម្មករ​រោងចក្រ​ចៀន ឡឹ ជាង ៤០០ នាក់ ក៏​បានមក​ប្រមូល​ផ្តុំគ្នា​នៅខាងមុខ​ក្រសួង​ការងារ ដើម្បី​ឲ្យ​ក្រសួង​ដោយ​ស្រាយ​បញ្ហា​ប្រាក់​អតីតភាព​ការងារ​ដែរ។

កម្មកររោងចក្រGrand Twin នាំគ្នាចុះផ្លូវធ្វើបាតុកម្មបិទកំណាត់ផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃសុក្រ ទី ២៤ តុលា ឆ្នាំ ២០១៤។
កម្មកររោងចក្រGrand Twin នាំគ្នាចុះផ្លូវធ្វើបាតុកម្មបិទកំណាត់ផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃសុក្រ ទី ២៤ តុលា ឆ្នាំ ២០១៤។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

កម្មករ​រោងចក្រ Grand Twin រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ចាប់​ផ្តើម​ធ្វើ​បាតុ​កម្ម ចាប់​តាំង​ពី​ថ្ងៃ​ទី ២០ តុលា​មក ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី ២៤ តុលា នេះ​ពួកគេ​បាន​នាំ​គ្នា​បិទ​ផ្លូវ បន្ទាប់​ពី​ថៅ​កែ​ក្រុម​ហ៊ុន​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​។

លោក នួន នី ប្រធាន​សហព័ន្ធ​សហជីព​គាំទ្រ​កម្មករ​កម្ពុជា ដែល​ដឹកនាំ​ក្រុម​កម្មករ​ធ្វើ​បាតុ​កម្ម​នេះ  បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា បន្ទាប់​ពី​កម្មករ​បាន​នាំ​គ្នា​បិទ​ផ្លូវ​អស់​រយៈ​ពេល​ជិត​២​ម៉ោង មក អាជ្ញាធរ​បានមក​សម្រប​សម្រួល​ឲ្យ​មាន​ការ​បើកផ្លូវ​វិញ ហើយ​បាន​សម្រួល​ឲ្យ​ភាគី​ក្រុម​ហ៊ុន និង​សហជីព​ពិភាក្សា​គ្នា ដើម្បី​រក​ដំណោះ​ស្រាយ។ ប៉ុន្តែ​លោក​បាន​បន្តថា នៅ​ព្រឹក​មិញ​នេះ ភាគី​ទាំង​អស់​មិន​អាច​ឈាន​ដល់​ការ​ពិភាក្សា​គ្នា​ឡើយ ដោយ​តែ​ភាគី​ក្រុម​ហ៊ុន​មិន​មែន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ។

ដោយ​ឡែក​នៅ​មុខ​ក្រសួង​ការងារ​វិញ កម្មករ​មកពី​រោង​ចក្រ ចៀន ឡឹ ដែល​ជា​អតីត​រោង​ចក្រ​ហ៊ុយ ចៀន ក្នុង​សង្កាត់​ក្បាល​កោះ ខណ្ឌ​មាន​ជ័យ បាន​នាំ​គ្នា​ទាម​ទារ​ឲ្យ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ អ៊ិត សំហេង​គោរព​តាម​ការ​សន្យា​របស់​គាត់​កាល​ពី​ថ្ងៃ ១៤ តុលា​កន្លង​ទៅ​នេះ ថា​នឹង​ពន្លឿន​និតិ​វិធី ក្នុង​ការ​ដោះ​ស្រាយ​ប្រាក់​អតីត​ភាព​នេះ​។

លោក​ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ជា​សហជីព​ដែល​ដឹកនាំ​កម្មករ​នៅ​ក្នុង​រោង​ចក្រ ចៀន ឡឹ បាន​បញ្ជាក់​ថា នេះ គឺជា​ការតវ៉ា លើក​ទី ៥​ហើយ របស់​ក្រុម​កម្មករ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ចំពោះ​ប្រាក់​អតីតភាព​ការងារ។ លោក​បន្តថា នៅ​ព្រឹក​មិញ​នេះ មាន​កម្មករ​ខ្លះ​បាន​យក​ចាន យក​ឆ្នាំង មក​ដាក់​នៅខាងមុខ​ក្រសួង ដើម្បី​បង្ហាញ​ថា ពួកគេ​អត់​មាន​ថវិកា​ទិញ​អង្គរ និង​ថវិកា​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ឡើយ​។

ទាំង​លោក នួន នី និង​លោក ហ្វា​សាលី សុទ្ធ​តែ​បាន​ទទួល​ស្គាល់​ថា កម្មករ​បម្រើ​ការងារ​ផ្នែក​ឧស្សាហ​កម្មក​កាត់ដេរ​នៅ​កម្ពុជា ភាគ​ច្រើន​មិន​បាន​ទទួល​ប្រាក់​អតីត​ភាព​ការងារ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ការងារ​កម្ពុជា​នោះទេ ដោយ​សារ​តែ​មាន​ថៅ​កែ​ក្រុម​ហ៊ុន​ខិល​ខូច​មួយ​ចំនួន បាន​រំលោភ​ទៅ​លើ​ច្បាប់​ការងារ ដោយ​យក​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ក្រុម​ហ៊ុន​ជា​មធ្យោបាយ​គេចវេស​ពី​ការ​បើក​ប្រាក់​អតីត​ការងារ​ដល់​បុគ្គលិក​ដែល​ធ្វើការ​យូរ​ឆ្នាំ​ឲ្យ​ខ្លួន។

ប្រធាន​សហជីព​ទាំង​ពីរបាន​សំណូមពរ​ដល់​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​ផ្តល់​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​នីមួយ​ៗ ដំណើរការ​នៅ​កម្ពុជា ហើយ​ថា​ត្រូវតែ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​អស់​នោះ មាន​ប្រាក់​តម្កល់​នៅ​ក្នុង​ធនាគារ​ជាតិ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​កន្លងមក​មាន​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​បាន​ក្ស័យ​ធន់ ថៅកែ​រត់ចោល ហើយ​គ្មាន​ប្រាក់​បើក​ឲ្យ​កម្មករ​របស់​ខ្លួន។ ក្រសួង​ការងារ​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​អំពី​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ