អានតួអត្ថបទ
កម្ពុជា

គ.ជ.ប​ប្រ​កាស​​លទ្ធ​ផល​​បោះ​ឆ្នោត​​​​ផ្លូវ​ការ​ គណ​បក្ស​​ប្រ​ជា​ជន​​នៅ​តែ​​ឈ្នះ​​

ដូច​​ការ​​គ្រោង​​ទុក​ គណៈ​កម្មាធិការ​ជាតិ​​រៀប​​ចំ​​ការ​​បោះ​​ឆ្នោត​ ហៅ​​កាត់​​ថា ​គ.ជ.ប បាន​​ប្រកាស​​លទ្ធ​ផល​​ផ្លូវ​​ការ​​នៃ​​​ការ​​​បោះ​​ឆ្នោត​​តំណាង​​រាស្ត្រ​​ នីតិ​កាល​​ទី​៥​ ឆ្នាំ​​២០១៣។ ជា​លទ្ធ​ផល​​ដែល​​បង្ហាញ​​ថា គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​ទទួល​​បាន​​៦៨​​អាសនៈ ​ខណៈដែល​​គណ​បក្ស​​​សង្គ្រោះ​​ជាតិ​ ទទួល​​បាន​ ​៥៥​អាសនៈ។

លោក​ទេព នីថា  អគ្គ​លេខា​​ធិកា​​គណៈ​កម្មា​ធិការ​​ជាតិ​​រៀប​​ចំ​ការ​​បោះ​​ឆ្នោត
លោក​ទេព នីថា អគ្គ​លេខា​​ធិកា​​គណៈ​កម្មា​ធិការ​​ជាតិ​​រៀប​​ចំ​ការ​​បោះ​​ឆ្នោត Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការប្រកាស​លទ្ធ​ផល​ផ្លូវការ​របស់​គ.ជ.ប នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី៨ កញ្ញា​នេះ មាន​គណបក្ស​យោ​បាយ​តែ​ពីរ​គត់ ​ដែល​បានទទួល​អាសនៈ​នៅក្នុង​រដ្ឋសភា នីតិកាល​ទី៥ថ្មី​នេះ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ការប្រកាស​លទ្ធផល​ផ្លូវការ​របស់ គ.ជ.ប បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​អាស​នៈ​ចំនួន៦៨ ខណៈដែល​គណ​សង្គ្រោះ​ជាតិ​ទទួលបាន​អ​ាសនៈ​សរុប​ចំនួន៥៥។

តារាង​លទ្ធផល​ផ្លូវការ​នេះ​​បាន​បង្ហាញថា គណបក្ស​ប្រជាជន​ទទួលបាន​សំឡេងឆ្នោត​សរុប​ទូទាំង​ប្រទេស៣លាន២សែន៣ម៉ឺន៥ពាន់៩៦៩សំឡេង។ ចំណែក​គណបក្ស សង្គ្រោះ​ជាតិ​ ទទួល​បាន​សំឡេងឆ្នោត​សរុប​ទូទាំងប្រទេស​ចំនួន ២លាន៩សែន៤ ម៉ឺន៦​ពាន់ ១៧៦​សំឡេង។

គួរ​បញ្ជាក់ថា លទ្ធផល​ផ្លូវការ​នេះ​មិន​ខុសគ្នា​ពី​លទ្ធផល​បណ្ដោះអាសន្ន​ដែល គ.ជ.ប ធ្លាប់​បាន​ប្រកាស​កាលពី​ថ្ងៃទី១២សីហា កន្លងមក​នោះទេ។ ជា​លទ្ធផល​ដែល​ទទួលរង​ការរិះ​គន់​ពី​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដោយ​សារបាន​រកឃើញ​មាន​ភាព​មិនប្រក្រតី​ជាច្រើន​នៅមុន និង​នៅក្រោយ​ការបោះឆ្នោត រហូត​ឈានដល់​មាន​មហា​បាតុ​កម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំងនឹង​លទ្ធផល​នេះ ដោយ​ទាមទារ​ឲ្យ​បង្កើត​គណៈ​ក​ម្មការ​ចម្រុះ​ឯករាជ្យ​​ស៊ើប​អ​ង្កើ​តរក​ភាពមិនប្រក្រតី​នេះ។

បើ​យោងតាម​តារាង​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ ដែល​ចេញផ្សាយ​ដោយ គ.ជ.ប នៅ​ថ្ងៃអាទិត្យ​ទី៨កញ្ញា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេងឆ្នោត​គាំទ្រ​យ៉ាងច្រើន​លើសលប់ នៅតាម​បណ្ដា​ខេត្ត-រាជ​ធានី ធំៗ ដូចជា​​ខេត្ត​កំពង់ចាម កំពង់ស្ពឺ កណ្ដាល ភ្នំពេញ និង​ព្រៃវែង​ជាដើម។ 

ដោយឡែក គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​កាន់​អំណាច ​ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​នៅតាម​បណ្ដា​ខេត្ត​ដាច់ស្រយាល​ឆ្ងាយៗ ដូចជា​ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ​ កោះកុង ក្រចេះ មណ្ឌល​គី​រី ព្រះវិហារ ពោធិ៍សាត់ រតនគីរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង បាត់ដំបង កំពត កែប និង​តាកែវ ជាដើម។ ក្នុងចំណោម​ខេត្ត​ទាំងអស់នោះ ភាគច្រើន​មានតែ​មួយ​អាសនៈ​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ចំនួន​អាសនៈ​ដែល​គណបក្ស​ប្រជាជន​ទទួលបាន​នៅក្នុង​អាណត្តិ​ទី៥ថ្មី​នេះ មានការ​ថយចុះ​អាសនៈ​អស់​ចំនួន២២ បើ​ប្រៀប​នឹង​អាណត្តិ​មុន​ គណបក្សកាន់​អំណាច​មួយ​នេះ​បានទទួល​៩០អាសនៈ​ នៅក្នុង​រដ្ឋសភា។

បើតាម​លោក ឈាង វ៉ុ​ន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលបាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​​នៅ​ថ្ងៃអាទិត្យ​នេះ លទ្ធផល​ផ្លូវការ​បោះឆ្នោត​ដែល​ប្រកាស​ដោយ គ. ជ.ប នៅក្នុង​អាណត្តិ​ថ្មី​នេះ ពិតជា​បង្ហាញ​ពី​ភាពខុសគ្នា​ក្នុងការ​ទទួលបាន​អាសនៈ ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​គ​បក្សប្រឆាំង។ លោក​បន្តថា ភាពខុសគ្នា​នេះ នឹង​ខំប្រឹង​ជំរុញ​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវការពារ​ល​ទ្ធ​ផល និង​សម្លេងឆ្នោត​ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ឲ្យ​បានជា​ដាច់ខាត។

ជាការ​ការពារ និង​ប្រឹងប្រែង ដែល​លោក ឈាង វ៉ុ​ន តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​រូបនេះ​អះអាងថា គណបក្ស​ប្រជាជន​ត្រូវធ្វើ​ការកែទម្រង់​រចនា​សម្ព័ន្ធ​ដឹកនាំ​ក្នុង​បក្ស ដើម្បី​បន្ត​បំរើ​ប្រជាពលរដ្ឋ​ដោយ​យកចិត្តទុកដាក់​ឲ្យ​បានល្អ​ជាង​អាណត្តិមុន។

នៅ​មិនទាន់មាន​ប្រតិកម្ម​ណាមួយ​នៅឡើយ​ទេ​របស់​មន្ត្រី​នានា​របស់​គណបក្ស​គណ​បក្ស​សង្គ្រោះ​ជាតិ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ជុំវិញ​ការប្រកាស​លទ្ធផល​ផ្លូវការ​របស់ គ.ជ.ប ដោយ​ពួកគេ​បាន​ថ្លែងថា កំពុង​ជាប់​ប្រជុំ​ផ្ទៃក្នុង​បក្ស។

ប៉ុន្តែ ​បើតាម​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​ថ្លែង​នៅ​ចំពោះមុខ​បាតុករ​ជាច្រើន​កុះករ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​មហា​បាតុកម្ម​អហិង្សា​កាលពី​ថ្ងៃ​សៅរ៍ លោក​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នេះ​ទេ ដរាបណា​មិនមាន​ការបង្កើត​គណៈ​ក​ម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី។ លោក​ប្រកាសថា នឹង​បន្ត​ដឹកនាំ​មហា​បាតុកម្ម​នៅ​ទូទាំង​​ប្រទេស​ជា​បន្តទៀត ដើម្បី​ប្រឆាំងនឹង​លទ្ធផល​នេះ។

សម្រាប់​លោក កែម ឡី អ្នកវិភាគ​នយោបាយ​ឯករាជ្យ លទ្ធផល​ដែល​ប្រកាស​នេះ វា​មិនមែន​ជា​​លទ្ធផល​ពិត​ចេញពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នោះទេ។ វា​គ្រាន់តែ​ជា​លទ្ធផល​ដែល​គេ​រៀបចំ​ទុក សម្រាប់​អង្គុយ​កៅអី​ដដែល និង​សម្រាប់​រក្សា​ស្ថិរភាព​នយោបាយ​កុំ​ឲ្យ​មាន​​សង្គ្រាម ឫ​ក៏​បញ្ចៀស​វិបត្តិ​ផ្ទៃក្នុង​ណាមួយ​នោះ​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ