អានតួអត្ថបទ
កម្ពុជា

គ.ជ.ប. ទទួល​បាន​​បណ្ដឹង​​ជាង​១២៤​ករណី ក្នុង​​ថ្ងៃ​​បោះឆ្នោត និង​​ក្រោយ​បោះឆ្នោត

គ.ជ.ប. ទទួល​បាន​ពាក្យ​បណ្ដឹង​ក្រោយ​ពី​ការបោះឆ្នោត​ចំនួន ១២៤ បណ្ដឹង នៅ​តាមថ្នាក់​ឃុំ ។ ហើយ​​​បាន​បញ្ជូន​បន្ត​មក​ថ្នាក់​ខេត្ត​ចំនួន ៤០​ពាក្យ​បណ្ដឹង។ តែ​ក្នុង​នោះ ​មាន​ពាក្យ​បណ្ដឹង​តែ ៩​ករណី​ប៉ុណ្ណោះ ត្រូវ​បាន​គេ​បញ្ជូន​បន្ត​ឱ្យ​មក​ដោះស្រាយ ​រហូត​ដល់​ថ្នាក់​ជាតិ បើ​គិត​មក​ដល់​ថ្ងៃ​ទី ៤ សីហា​នេះ។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត ដែលគេ ហៅ​កាត់​ថា គ.ជ.ប. ទទួល​បានពាក្យ​បណ្ដឹង ដែល​ភាគ​ច្រើន​ជា​ពាក្យ​បណ្ដឹង ដែល​ប្ដឹង​ដោយ​គណបក្ស​សង្គ្រោះជាតិ។ ពាក្យ​បណ្ដឹង​ទាំង​នោះ​មាន​ពាក់ព័ន្ធ ទៅ​នឹង​​ករណីជាច្រើន ដែល​គេអះអាង​ថា មាន​ភាព​មិន​ប្រក្រតី​​ក្នុង​​ការ​បោះឆ្នោត។ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​ពន្យល់​ថា បណ្ដឹង​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការឃោសនាក្នុងកំឡុង​ពេល​បោះឆ្នោត និង​ការគំរាម​កំហែង​ក្នុង​ថ្ងៃបោះឆ្នោត។

ករណី​ទាំង​អស់ ត្រូវ​បាន​គណកម្មាធិការ​រៀបចំ​បោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់ ដោះស្រាយ​បានភាគច្រើន​ហើយ។ ដែល​ក្នុង​នោះ​លោក​ទេព នីថាអះអាង​ថា ដំណោះស្រាយ ដោយ​មាន​ការ​សម្រប​សម្រួល​គ្នា និង​បណ្ដឹង​មួយ​ចំនួន​បាន​ដក​ទៅ​វិញ ដោយ​ដើម​បណ្ដឹង។ អគ្គលេខាធិការគ.ជ.ប. រូបនេះ បាន​បន្ត​ថា មាន​បណ្ដឹង​តែ ៤០​ប៉ុណ្ណោះ បានបញ្ជូនបន្ត​មក​ដោះស្រាយ​នៅថ្នាក់ខេត្ត ដោយ​សារតែ​ថ្នាក់​ឃុំ​មិន​អាច​ជួយ​សម្របសម្រួល​បាន។ បើ​គិត​មក​ដល់​ថ្ងៃ​នេះ មាន​បណ្ដឹង​សល់​ចំនួន ១៥​ទៀត​ ដែល​ថ្នាក់​ខេត្ត​កំពុងតែ​បន្ដ​ធ្វើ​ការ​ដោះស្រាយ។

ចំពោះ បណ្ដឹង​ដែល​បន្ត​មក​ដល់​ថ្នាក់​ជាតិ​វិញ គឺ​មានតែ​៩​ករណី​ប៉ុណ្ណោះ ក្នុងនោះ​មាន​១ករណី​ត្រូវ​បាន គ.ជ.ប. ដោះ​ស្រាយ​រួចរាល់ និង​៨ករណីទៀត​គ.ជ.ប. កំពុងតែបន្តនីតិវិធី។

បើចំពោះ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិ​អង្គការ​សង្កេត​ការណ៍បោះឆ្នោត ដែល​ហៅថា​និកហ្វិក បានឱ្យ​ដឹង​ថា សង្គមស៊ីវិល ក៏​កំពុង​តែ​ស្រាវជ្រាវ និង​អង្កេត​បណ្ដឹង ជុំ​វិញ​ការបោះឆ្នោត និង​ជុំវិញ​ពាក្យ​បណ្ដឹង​ផងដែរ។ នាយកប្រតិបត្តិ​អង្គការ​និកហ្វិក​រូបនេះ បង្ហាញ​ថា របៀប​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់ គ.ជ.ប. និងសង្គម​ស៊ីវិល មាន​​នីតិវិធី​ផ្សេងៗគ្នា។

ក្នុង​​ការដោះស្រាយ​ពាក្យ​បណ្ដឹង​ខាង​លើ​ គ.ជ.ប. នឹង​គ្រោង​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន នៃ​ការបោះឆ្នោត នៅថ្ងៃទី​១០ សីហា​ខាងមុខ។ ហើយ​ការប្រែប្រួល​ពេល​វេលាមួយ​ចំនួន នឹង​អាច​មាន តាម​ករណីជាក់​ស្តែង។ លទ្ធផល​ជាផ្លូវ​ការ គ្រោង​នឹង​ប្រកាស​នៅ​៤ ថ្ងៃ​បន្ទាប់​ពី​លទ្ធផល​​បណ្ដោះអាសន្ន អាស្រ័យ​ទៅ​លើ​ថា មាន​ពាក្យ​បណ្ដឹង​បន្ត ឬ​ក៏​មិន​មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ