ចិន-អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 26 ឧសភា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 26 ឧសភា 2012

ចិន​វាយបក​ទៅ​អាមេរិក​ដែល​រិះគន់​ខ្លួន​ជា​ថ្មី​ពី​រឿង​រំលោភ​សិទ្ធិ​មនុស្ស

© REUTERS

ដោយ ឈាង បុប្ផា

ឆ្លើយតប​ខ្លាំងៗ ទៅ​អាមេរិក​ដែល​បាន​ចេញ​របាយការណ៍​ស្តីពី​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន ទីក្រុង​ប៉េកាំង​បាន​​ចេញ​ផ្សាយ កាលពីថ្ងៃ​សុក្រ​ម្សិលមិញ របាយការណ៍​របស់ខ្លួន​មួយ​ដែរ ស្តី​ពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស នៅ​អាមេរិក។ សម្រាប់ទីក្រុង​ប៉េកាំង​របាយការណ៍​សិទ្ធិមនុស្ស​របស់​អាមេរិក​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

បទអន្តរាគមន៍​របស់​ឈាង បុប្ផា
 

26/05/2012 by ឈាង បុប្ផា

 

ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ស្តី​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ពិភពលោក អាមេរិក​បាន​ផ្តោត​ជាង ៥០​ទំព័រ​ទៅហើយ​ដើម្បី លើក​ឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស នៅក្នុង​ប្រទេស​ចិន។ តាមក្រសួងការបរទេស​អាមេរិក ដែល​ជា​អ្នកនិពន្ធ​ចេញផ្សាយ​របាយការណ៍ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន កាន់តែ​ធ្លាក់ចុះ។ អាជ្ញាធរ​នៅ​បន្ត​រឹតត្បិត សេរីភាព​ជាទូទៅ​ទាំងផ្នែក​វប្បធម៌ និង​សាសនា មិន​ថា ចំពោះ​ជន​ស៊ិវិល អ្នកនយោបាយ ឬ​សកម្មជន​ការពារ​សិទ្ធិមនុស្ស។ តាមរបាយការណ៍​អាមេរិក អាជ្ញាធរ​ចិន​នៅបន្ត​ប្រើ​វិធានការ​កាត់ទោស ក្រៅផ្លូវច្បាប់​លើ​អ្នកទោស​នយោបាយ និង​បន្ត​ចាប់​ឃុំ​ខ្លួន សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ដោយ​ខុសច្បាប់។
 
ដោយពិតទៅ របាយការណ៍​អាមេរិក​ឆ្នាំនេះ គឺ​មិន​សូវ​ខុស​ប្លែក​ពី​របាយការណ៍​ឆ្នាំ​មុនៗ ដែល​អាមេរិក​ធ្លាប់​រិះគន់​ទៅលើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅប្រទេស​ចិន​ទេ។ គ្រាន់តែ​នៅឆ្នាំនេះ អាមេរិក​ឆ្លៀត​បន្ថែម​និយាយ​ពី​ការរំលោភ​ធ្វើបាប​ទៅលើ​លោក​Chen Guangcheng សកម្មជន​ការពារ​សិទ្ធិមនុស្ស។ លោក​Chen Guangcheng ដែល​បាន​លួចរត់​ទៅ​ជ្រកកោន ក្នុង​ស្ថានទូត​អាមេរិក ក្នុង​ទីក្រុង​ប៉េកាំង និង​ដែល​ទើប​ទៅ​រស់នៅ​ក្នុង​ទឹកដី​អាមេរិក​បាន​៥ថ្ងៃមកហើយ។
 
ប៉ុន្តែ ទីក្រុង​ប៉េកាំង​វិញ បាន​ត្រៀមរួចហើយ របាយការណ៍​របស់ខ្លួន វាយប្រហារ​តបវិញ ដោយ​រិះគន់​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស នៅអាមេរិក។ នេះ ជា​របាយការណ៍​លើក​ទី ១៣​ហើយ ដែល​រដ្ឋអំណាច​ចិន​តែងតែ​ចេញផ្សាយ ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​រិះគន់​របស់​អាមេរិក។
 
តាម​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​របស់ខ្លួន ​ចិន​បាន​លើក​អំណះអំណាង​ការពារ​ខ្លួន​ថា អ្វីដែល​អាមេរិក​បាន​លើកឡើង​ក្នុង​របាយការណ៍​​ទាក់ទង​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅចិន គឺ​ធ្វើឡើង ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មិន​បាន​ឆ្លុះបញ្ចាំង​ពីការពិត​ជាក់ស្តែង។ ការពិតជាក់ស្តែង គឺ​ចិន​បាន​ប្រឹងប្រែង​ដើម្បី​កែលម្អ​វិស័យ​សិទ្ធិមនុស្ស ដែល​ពិភពលោក​ទាំងមូល​អាច​ឃើញ​តាមរយៈ​ជោគជ័យ​របស់ចិន ក្នុង​ការអភវិឌ្ឍន៍​ប្រទេស។ ទីក្រុង​ប៉េកាំង បាន​រុញច្រាន​ចោល​ការចោទប្រកាន់​របស់​អាមេរិក ព្រោះថា រដ្ឋអំណាច​ប៉េកាំង​បាន​ផ្តល់​ម្ហូប សម្លៀកបំពាក់ ផ្ទះសម្បែង​ដល់​ប្រជាជន​ចិន។ ការខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន ទាំងនេះ គឺ​ការយកចិត្ត​ទុកដាក់​របស់​រដ្ឋ​ដើម្បី​គោរព​សិទ្ធិ​មនុស្ស​ប្រជាជនចិន
 
ត្រង់ចំណុចនេះ របាយការណ៍​សិទ្ធិមនុស្ស​របស់​ចិន​បាន​វាយបក​ទៅ​អាមេរិក​វិញ ព្រោះ​បើ​តាម​របាយការណ៍ មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស ទៅលើ​ប្រជាជន​ស៊ីវិល នៅក្នុង​ប្រទេស​អាមេរិក។ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច ប្រជាជន​អាមេរិក​រស់នៅ​ក្នុង​ភាព​ក្រីក្រ​មាន​កាន់​តែច្រើន។ អ្នកគ្មាន​ការងារ និង​អ្នកគ្មាន​ផ្ទះសម្បែង លេច​មុខ​កាន់​តែ​ច្រើន​ដែរ នៅតាមផ្លូវ​ក្នុង​ទីក្រុង​ញូវយ៉ក។ ករណី​ឃាតកម្ម​ទាក់ទង​នឹង​ជំនឿសាសនា ការប្រកាន់​ពូជសាសន៍​បាន​កើនឡើង ជាបន្តបន្ទាប់​នៅអាមេរិក។ សង្គមអាមេរិក​ជា​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​អំពើទារុណកម្ម និង​ការប្រើប្រាស់​អាវុធ​យ៉ាងផុសផុល។ នេះ​គេ​នៅ​មិនទាន់​រាប់បញ្ចូល​ពី​អំពើទារុណកម្ម​ដែល​ទ័ព​អាមេរិក​បាន​ធ្វើ​ទៅលើ​អ្នកទោស​នៅគុក Guantanamoនិង​នៅ​ក្នុង​សង្រ្គាម នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ឬ អីរ៉ាក់។ ​
 
តាម​របាយការណ៍​ចិន បើ​អាមេរិក​សម្បូរ​ដោយ​រឿង​អាស្រូវ​រំលោភ​សិទ្ធិ​មនុស្ស ទៅហើយ អាមេរិក គ្មាន​សិទ្ធិ​មក​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង ឬ​វិនិច្ឆ័យ រិះគន់​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​​ប្រទេស​ចិនទេ។ ក្នុង​ក្រសែភ្នែក​ចិន អាមេរិក​​រិះគន់​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេសខ្លួន ក្នុង​យុទ្ធសាស្រ្ត​តែមួយគត់ គឺ​ធ្វើ​វិទ្ធង្សនា​ផ្តួល​អំណាច​បក្ស​កុម្មុយនិស្ត ប៉ុន្តែ គ្មាន​គំនិត​រិះគន់​ដើម្បី​ធ្វើ​ឲ្យបញ្ហា​ សិទ្ធិ​មនុស្ស​ត្រូវ​កែលម្អ នៅក្នុង​ប្រទេស​ចិន​ទេ។
 
បញ្ហា​សិទ្ធិ​មនុស្ស​ជា​ប្រភព​ជម្លោះ ដ៏​តានតឹង​រវាង​ចិន និង​អាមេរិក តាំងពី​ឆ្នាំ ១៩៨៩មក​ម្ល៉េះ។ អាមេរិក និង​ប្រទេស​លោកខាងលិច​បាន​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​ចិន ក្រោយ​អាជ្ញាធរ​ចិន​បាន​បង្រ្កាប​ចលនា​បាតុកម្ម នៅទីលាន​ធានអានមេន។ ​នេះ មិន​មែន​ជាលើកទីមួយ​ទេ ដែល​ចិន ចេញ​របាយការណ៍​វាយបក​ទៅអាមេរិក។ កាលពី​ឆ្នាំ​មុន ចិន​ក៏ធ្លាប់​បាន​ស្នើ​ឲ្យ​អាមេរិក​ឆ្លុះ​កញ្ចក់​មើល​ខ្លួនឯង មុន​នឹង​រិះគន់​អ្នកដទៃ៕

 

tags: ចិន - សមុទ្រចិនខាងត្បូង - សហរដ្ឋអាមេរិក - សិទ្ធិមនុស្ស
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close