អានតួអត្ថបទ
រុស្ស៊ី-សេរីភាពសារព័ត៌មាន

រុស្ស៊ី ឃុំខ្លួនអ្នកកាសែត២រូបទៀត ពីបទផលិតវីដេអូគាំទ្រក្រុមប្រឆាំងរបស់ លោក ណាវ៉ាល់នី

ថ្ងៃអាទិត្យទី ២៨ មេសា អាជ្ញាធររុស្ស៊ី បានចាប់ឃុំខ្លួនអ្នកកាសែតរុស្ស៊ីម្នាក់ ពីបទប្រព្រឹត្តអំពើ ជ្រុលនិយម។ លោក Serguei Kareline ត្រូវបានតុលាការចោទប្រកាន់ ថាបានចូលរួមផលិតវីដេអូ ដែលបម្រើឲ្យក្រុមការងារ របស់លោក អាឡិកសី ណាវ៉ាល់នី សកម្មជនប្រឆាំងទី១ ដែលបានស្លាប់ក្នុងពន្ធនាគារ កាលពីខែកុម្ភៈកន្លងទៅ។ គួរបញ្ជាក់ថា នៅមួយថ្ងៃមុន ពោលគឺថ្ងៃសៅរ៍ទី ២៧ មេសា អ្នកកាសែតរុស្ស៊ីម្នាក់ទៀត លោក Konstantin Gabov ក៏ត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ឃុំខ្លួន ក្រោមបទចោទប្រកាន់តែមួយដែរ។ គួររំឭកថា ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលររុស្ស៊ី បានរឹតបន្តឹងគំនាប លើបណ្តាប្រព័ន្ធសារព័ត៌មានឯករាជ្យក្នុងស្រុក និង គ្រប់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលប្រចាំការក្នុងប្រទេសនេះ ដោយមានគោលបំណងបង្ក្រាប រាល់មតិរិះគន់នានា ជុំវិញការចូលវាយលុក របស់រុស្ស៊ី ទៅក្នុងទឹកដីអ៊ុយក្រែន កាលពីជាង ២ ឆ្នាំ មុន។

រុស្ស៊ី ឃុំខ្លួនអ្នកកាសែត២រូបទៀត ពីបទផលិតវីដេអូគាំទ្រក្រុមប្រឆាំងរបស់ លោក ណាវ៉ាល់នី
រុស្ស៊ី ឃុំខ្លួនអ្នកកាសែត២រូបទៀត ពីបទផលិតវីដេអូគាំទ្រក្រុមប្រឆាំងរបស់ លោក ណាវ៉ាល់នី © AP
ផ្សាយពាណិជ្ជកម្ម

លោក Serguei Kareline ធ្លាប់បម្រើការងារឲ្យទីភ្នាក់ងារព័ត៌មាន Associated Press ដែលនៅថ្ងៃអាទិត្យទី ២៨ មេសា បានសម្តែងក្តីព្រួយបារម្ភរបស់ខ្លួន ចំពោះការចាប់ខ្លួន អ្នកការសែត រូបនេះ និង បញ្ជាក់ថា កំពុងស្វែងរកព័ត៌មានបន្ថែម ជុំវិញសំណុំរឿងខាងលើ។ ចំណែកលោក Konstantin Gabov វិញ ធ្លាប់បានសហការការងារម្តងម្កាល ជាមួយនិងភ្នាក់ងារព័ត៌មាន Reuters ដែលមានប្រភពនៅប្រទេស កាណាដា។

នេះពុំមែនជាលើកទី១ទេ ដែលអាជ្ញាធររុស្ស៊ី ធ្វើទុក្ខបុកម្នេញ លើស​មាជិកចលនា ប្រឆាំង ដឹកនាំដោយលោក ណាវ៉ាល់នី កាលនៅមានជីវិត។ ចលនាប្រឆាំង ដែលរដ្ឋាភិបាលរុស្ស៊ី ចាត់ទុកជា សកម្មភាពជ្រុលនិយម និង ត្រូវរងការចោទប្រកាន់ និង ចាប់ខ្លួនដាក់ពន្ធនាគារ។​ ជាក់ស្តែង នៅចុងខែមីនា អ្នកស្រី Antonina Favorskaya អ្នកកាសែត និងផលិតករវីដេអូ ដែលបានថត និងបង្ហោះ ខ្សែវីដេអូអំពីសវនាការ របស់លោក ណាវ៉ាល់នី ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ឃុំខ្លួន ពីបទ « ជ្រុលនិយម » ដូចគ្នាដែរ។

អ្នកកាសែតរុស្ស៊ីម្នាក់ទៀត ដែលធ្វើការឲ្យទស្សនាវដ្តី Forbes ក្នុងប្រទេសរុស្ស៊ី គឺលោក Serguei Mingazov ក៏ត្រូវបានគេឃាត់ខ្លួននៅថ្ងៃទី ២៦ មេសា ដោយជាប់ចោទថាបានផ្សាយព័ត៌មានមិនពិត អំពីអំពើសាហាវយង់ឃ្នងរបស់កងទ័ពរុស្ស៊ី នៅអ៊ុយក្រែន។

គួរបញ្ជា់ថា បច្ចុប្បន្ន អ្នកកាសែតច្រើនរូប កំពុងជាប់ឃុំឃាំង ក្នុងប្រទេសរុស្ស៊ី រួមមានអ្នកកាសែតអាមេរិកាំង លោក Evan Gershkovitch ដែលរងការចោទប្រកាន់ពីបទ « ចារកិច្ច » បើទោះបីរូបលោក និងអាជ្ញាធរអាមេរិក ព្យាយាមបដិសេធយ៉ាងណាក្តី។ អ្នកស្រី Alsu Kurmasheva អ្នកកាសែត សញ្ជាតិអាមេរិក-រុស្ស៊ី ដែលជាបុគ្គលិករបស់វិទ្យុ Radio Free Europe/Radio Liberty (REF/RL) ក៏កំពុងជាប់ក្នុងពន្ធនាគារ តាំងពីខែតុលា ឆ្នាំ ២០២៣ ក្រោមហេតុផលថា អ្នកស្រីបដិសេធ មិនព្រមចុះឈ្មោះ ប្រកាសខ្លួនជាភ្នាក់ងារបរទេស តាមការទាមទារពីអាជ្ញាធររុស្ស៊ី៕

   .

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ