តំណាងរាស្ត្រអាមេរិកជនជាតិខ្មែរបរាជ័យក្នុងការស្នើសុំជួបអ្នកជាប់ឃុំនៅព្រៃស
បណ្តាញព្រះសង្ឃឯករាជ្យ រួមជាមួយនឹងក្រុមអ្នកភូមិបឹងកក់ និងបណ្តាញយុវជនខ្មែរ រួមទាំងមន្ត្រីគណបក្សប្រឆាំងរាប់សិបនាក់ នៅព្រឹកថ្ងៃទី ២៣ វិច្ចិការនេះ បានបន្តប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស។ ជាយុទ្ធនាការដែលកំណត់ធ្វើឡើងនៅរាល់ថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យអាជ្ញាធរដោះលែងអ្នកទាំង១៧នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគាព្រៃសក្នុងនោះក៏មានលោក មាជ សុវណ្ណារ៉ា ផងដែរ។ ប៉ុន្តែអ្វីជាការកត់សម្គាល់ នៅក្នុងការតវ៉ានៅព្រឹកមិញនេះ ក៏មានវត្តមានរបស់លោក មុំ រ៉ាឌីតំណាងរាស្ត្រអាមេរិកជនជាតិខ្មែរទីមួយចូលរួមផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៥
នេះគឺជាយុទ្ធនាការលើកទី២ហើយ ដែលបណ្តាញព្រះសង្ឃ និងយុវជនខ្មែរ រួមទាំងជនរងគ្រោះមកពីសហគមន៍បឹងកក់ផង បានលើកគ្នាទៅតវ៉ានៅមុខពន្ធនាគារព្រៃស នៅព្រឹកមិញ ជាទីដែលតំណាងរបស់ពួកគេសរុប១៧នាក់កំពុងជាប់ឃុំ។
នៅក្នុងយុទ្ធនាការនៅសប្តាហ៍ទី២នេះ អ្នកចូលរួមបានពាក់អាវសដែលរំលេចដោយរូបភាពតំណាងរបស់ពួកគេនិងដោយមានការសរសេរអក្សរថា ដោះលែងអ្នកទាំង១៧ជាបន្ទាន់ ឬជាភាសាអង់គ្លេស Free the 17។ គេមិនឃើញមានវត្តមានរបស់កងកំលាំងសន្តិសុខរង់ចាំបង្ក្រាបនោះទេ កាលពីព្រឹកមិញ។ ប៉ុន្តែអ្វីជាការកត់សម្គាល់នៅក្នុងក្បួននៃបណ្តាញព្រះសង្ឃ យុវជន សហគមន៍បឹងកក់ និងមន្ត្រីគណបក្សប្រឆាំងផងនោះ គេក៏ឃើញមានវត្តមានរបស់លោក មុំ រ៉ាឌី តំណាងរាស្ត្រប្រចាំក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកផងដែរ។ លោក មុំ រ៉ាឌី អាយុ៤៥ឆ្នាំ គឺជាជនជាតិខ្មែរសញ្ជាតិអាមេរិកកាំងទី១ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវពីស្ថានភាពពិតនៅកម្ពុជា។
នៅក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក មុំ រ៉ាឌី បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី រួមទាំងលោក កឹម សុខា ផងដែរ។ បើទោះបីជាដំណើរទស្សនកិច្ចនេះ គោលដៅគឺដើម្បីសិក្សាស្រាវជ្រាវច្រើនជាងការលូកដៃក្នុងរឿងនយោបាយក្តី ប៉ុន្តែលោក មុំ រ៉ាឌី ដែលទំនងជារងការរិះគន់ពីពលរដ្ឋខ្មែរអាមេរិកកាំងផងនោះ បានឆ្លៀតពេលទៅឃ្លាំមើលសកម្មភាពតវ៉ារបស់សកម្មជនបឹងកក់នៅថ្ងៃនេះ និងបានស្នើសុំជួបជាមួយលោក មាជ សុវណ្ណារ៉ា និងអ្នកជាប់ឃុំផ្សេងទៀត ក៏ប៉ុន្តែត្រូវបានបដិសេធ។ នៅក្នុងការចូលរួចឃ្លាំមើលសកម្មភាពតវ៉ារបស់បណ្តាញព្រះសង្ឃ និងយុវជនព្រឹកមិញ លោក មុំ រ៉ាឌី បានលើកពកូនតូចមួយដោយសម្រក់ទឹកភ្នែក ក្រោយសំណើបានបរាជ័យ។
ក្រោយពីបានចូលរួមនៅក្នុងសកម្មភាពនេះ លោក មុំ រ៉ាឌី បានបញ្ជាក់ថា លោកនៅមិនទាន់អាចវាយតម្លៃពីស្ថានភាពនៅកម្ពុជាយ៉ាងណានៅឡើយទេ ល្គឹកណាលោកមិនទាន់បញ្ចប់បេសកកម្មរបស់លោក ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ខែវិច្ឆិកានេះ។
ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកស្រី យ៉ោម បុប្ឆា តំណាងអ្នកភូមិបឹងកក់បានចាត់ទុកថា វត្តមានរបស់លោក មុំ រ៉ាឌី នៅក្នុងយុទ្ធនាការនៅពេលនេះ បានធ្វើឲ្យការតវ៉ារបស់ពួកគេកាន់តែកក់ក្តៅ។
សូមបញ្ជាក់ថា យុទ្ធនាការតវ៉ារបស់សកម្មជនទាំងនេះ បានបញ្ចប់ ដោយវិលមកតវ៉ានៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញវិញនៅប្រមាណជាម៉ោង១២ថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០១៤នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ