អានតួអត្ថបទ
កម្ពុជា

លោក ​សម រង្ស៊ី ​ដឹក​នាំ​អ្នក​គាំទ្រ​ ហែ​ក្បួន​ និង​អំពាវ​នាវ​ឲ្យ​មាន​ការ​ចរចា​ នៅ​ថ្ងៃ​ចន្ទ​

នៅពេល​មកដល់​ព្រលាន​យន្ត​ភ្នំពេញ កាលពី​ម៉ោង ៩ ព្រឹក ថ្ងៃ​សៅរ៍ ទី១៩ ខែកក្កដា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​អ្នកគាំទ្រ​រាប់ពាន់នាក់ ហែ​ក្បួន ទៅកាន់​ទីស្នាក់ការ​គណ​បក្ស​នៅ​ចាក់អង្រែ។ លោក​សមរង្ស៊ី បាន​អំពាវនាវ​ឲ្យ​មាន​ការចរចា​ឡើងវិញ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​ខានស្អែក ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​រួម។ នោះ​គឺ​បញ្ចប់​អំពើហិង្សា ដោះលែង​អ្នក​ជាប់ឃុំ និង​កែទម្រង់ ហើយ​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្វាគម​​ឆ​ន្ទះ​ចង់​ចរចា​ឡើងវិញ​របស់លោក​សមរ​ង្ស៊ី។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មកដល់កម្ពុជាវិញនៅព្រឹកថ្ងៃសៅរ៍ទី ១៩ ខែ កក្កដា ឆ្នាំ២០១៤
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មកដល់កម្ពុជាវិញនៅព្រឹកថ្ងៃសៅរ៍ទី ១៩ ខែ កក្កដា ឆ្នាំ២០១៤ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ប្រកាស​ទាមទារ​ឲ្យ​ដោះលែង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ចាប់​ឃុំឃាំង​ដោយ​អយុត្តិធម៌ ដោះលែង​ទីលាន​ប្រជាធិបតេយ្យ និង​ត្រូវ​ធានា​ឲ្យ​មាន​សន្តិភាព​ប្រកបដោយ​យុត្តិធម៌ លោក​សមរង្ស៊ី ដែល​ឈរលើ​ក្បាល​ឡាន​អត់​ដំបូល នៅមុខ​វិមាន​សន្តិភាព កន្លែង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការ គឺ​ប្រមុខ​បក្សប្រឆាំង បានប្រកាស​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ចរចា​ឡើងវិញ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ។ 

ជាការ​ភ្ជាប់​ការចរចា ដែល​លោក​សមរង្ស៊ី ប្រកាសថា ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​រួម នោះ​គឺ​ចរចា​លើ​របៀបវារៈសំខាន់ៗ រួមមាន៖ ការបញ្ឈប់​អំពើហិង្សា ដោះលែង​បេក្ខជន​ជាប់​ឆ្នោត​​តំណាងរាស្ត្រ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ការកែទម្រង់​គជប និង​ការរៀបចំ​ការបោះឆ្នោត​ឲ្យ​បានឆាប់។

ជាមួយគ្នា​នោះ លោក​សមរង្ស៊ី ក៏បាន​ប្រកាស​អំពាវនាវ​ដល់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បញ្ចប់​នីតិវិធី​ប្តឹងផ្តល់​នៅ​តុលាការ និង​ដោះលែង​អ្នក​ជាប់ឃុំ​ដោយ​គ្មាន​លក្ខខណ្ឌ​ផងដែរ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែលជា​សមាជិក​ក្រុម​ចរចា បាន​ប្រកាស​​ស្វាគមន៍​នូវ​ឆន្ទៈ​ចង់​ចរចា​របស់​មេដឹកនាំ​បក្សប្រឆាំង។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​នូវ​ការចង់​រក​ដំណោះស្រាយ​នយោបាយ តាមរយៈ​ការចរចា។ ប៉ុន្តែ​តាម​លោក​ឈាង​វុន គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចរចា​ដោយស្មោះ​ត្រង់ ហើយ​ឈប់​គំរាម​ធ្វើបាតុកម្ម។

មួយ​វិញទៀត លោក​សមរង្ស៊ី ក៏ត្រូវ​និយាយ​ឲ្យ​ត្រូវ​គ្នា​ជាមួយ​លោក​កឹម​សុខា មុននឹង​មក​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ជាការ​កត់សម្គាល់ ក្បួន​ដង្ហែ​របស់លោក​សមរង្ស៊ី នៅ​ព្រឹក​ថ្ងៃទី១៩កក្កដា​នេះ មិនមាន​ចំនួន​អ្នក​ចូល​រួម​​ច្រើន ដូច​កាលពីពេល​លោក វិល​ចូល​ស្រុក កាលពី​ថ្ងៃទី១៩កក្កដា ឆ្នាំមុន​នោះទេ។ ក្បួន​​ដង្ហែ​នោះ មិនមាន​ការរារាំង​ទេ តែ​លោក​សមរង្ស៊ី បាន​ប្តូរ​ទិសដៅ ដោយ​មិន​ទៅ​វត្តភ្នំ ជិត​ទីលាន​ប្រជាធិបតេយ្យ​ទេ គឺ​ឆ្ពោះទៅកាន់​ទីស្នាក់ការ​គណ​បក្ស នៅ​ចាក់អង្រែ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ