អានតួអត្ថបទ
កម្ពុជា

លោក​ កឹម ​សុខា ​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ​បង្គ្រប់​កិច្ច​នៅ​ថ្ងៃ​ទី​២៥​កក្កដា​នេះ​

លោក ​កឹម ​សុខា ​អនុ​ប្រធាន​​គណបក្ស​​ស​ង្គ្រោះ​​ជាតិ ​បាន​​ចូល​ខ្លួន​​ទៅ​​ឆ្លើយ​បំភ្លឺ​​នៅ​ក្នុង​​តុលាការ​​ក្រុង​ភ្នំពេញ ​នៅ​​ព្រឹក​​ថ្ងៃ​ទី​២៥​កក្កដា​​នេះ​ តាម​​ដីកា​​កោះ​ហៅ​​របស់​​ចៅ​ក្រម​​ស៊ើប​សួរ​​លោក​ កែវ​ មុនី​។ ​ខុស​ពី​​ករណី​មុន​ៗ ​បរិយាកាស​​នៅ​មុខ​​តុលាការ​ក្រុង​​ភ្នំពេញ​​ព្រឹ​ក​មិញ​ ពេល​​លោក​ កឹម ​សុខា ​ចូល​​បំភ្លឺ​ មិន​ឃើញ​​មាន​ការ​​បិទ​ផ្លូវ​ បិទ​​រនាំង​​ដូច​​សព្វ​មួយ​ដង​​នោះ​ទេ។​

លោក កឹម សុខា ពេលចូលទៅបំភ្លឺនៅតុលាការក្រុង ថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១៤។
លោក កឹម សុខា ពេលចូលទៅបំភ្លឺនៅតុលាការក្រុង ថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានធ្វើ​ដំណើរ​ទៅដល់​មុខ​តុលាការ​ក្រុងភ្នំពេញ តាំងពី​វេលា​ម៉ោង៧និង៤៧នាទី​ព្រឹក ដើម្បី​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ ទៅតាម​ការកោះហៅ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កែវ មុនី ក្នុងនាម​លោក​ជា​មេ​ដឹ​នាំ​គណបក្ស ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​បក្ស​សង្គ្រោះ​ជាតិ និង​សន្តិសុខ​ខណ្ឌ​កាលពី​ថ្ងៃទី១៥កក្កដា។ ប៉ុន្តែ​លោក កឹម សុខា ត្រូវបាន​ចោទសួរ​តែមួយ​សំណួរ​ប៉ុណ្ណោះ ហើយក៏​ត្រូវបាន​អនុញ្ញាតអោយ​វិល​ត្រឡប់​មកវិញ។ បើតាម​លោក កឹម សុខា សំណុំរឿង​របស់លោក គឺ​ចប់​ហើយ។

បរិ​យាស​នយោបាយ​នៅ​កម្ពុជា​ហាក់​បាន​ធូ​ស្រាល​យ៉ាងខ្លាំង ក្រោយពី​មាន​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី២២កក្កដា​ឆ្នាំ២០១៤។ តាមរយៈ​កិច្ចព្រមព្រៀង​នោះ​ហើយ ដែល​អនុញ្ញាតឲ្យ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត ៧នាក់​រួមទាំង​មន្ត្រី របស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត ត្រូវបាន​ដោះលែង។

លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបអង្កេត​លោក កែវ មុនី ចេញ​ដីកា​កោះហៅ​កាលពី​ថ្ងៃទី១៦កក្កដា អោយចូល​ខ្លួន​ឆ្លើយបំភ្លឺ ក្នុងនាម​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ជា​ដីកា​កោះហៅ មួយថ្ងៃ​ក្រោយពី​ហេតុការណ៍​នៃ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​កងសន្តិសុខ​ខណ្ឌ នៅក្បែ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ ដែល​បណ្តាលអោយមានរ​បួស​ទាំងសងខាង។

គួរកត់សម្គាល់​ដែរ​ថា នៅមុខ​តុលាការ​ក្រុងភ្នំពេញ​ព្រឹក​ម៉ិ​ញ គេ​មិនឃើញ​មាន​ការបិទ​របាំង​ការពារ​អ្វី​នោះទេ ហើយ​ចំនួន​អ្នក​ទៅ​គាំទ្រ​លោក កឹម សុខា ក៍មាន​ចំនួន​តិចតួច​ដែរ ពោលគឺ​មិន​ដូច​ករណីមុនៗនោះទេ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ