អានតួអត្ថបទ
កម្ពុជា

តុលាការ​កោះ​ហៅ​លោក​ កឹម ​សុខា ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​មេដឹក​នាំ​គណបក្ស​

បន្ទាប់​ពី​​ចោទ​ប្រកាន់​​តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​ ចំនួន​៥​រូប ​និង​​សកម្មជន​​មួយ​រូប ​តុលាការ​​សាលា​ដំបូង​​រាជធានី​​ភ្នំ​ព​ញ​ ក៏​បាន​​ចេញ​​ដីកា​​កោះ​ហៅ​​លោក ​កឹម ​សុខា ប្រធាន​ស្តី​ទី​​គណបក្ស​​ស​ង្គ្រោះ​​ជាតិ​​ទៅ​​សាកសួរ​​ដែរ​។ ​លោក ​យឹម ​សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​​ហៅ​​ដីកា​​នេះ​​ថា​​ ជាការសម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​។

លោក ​កឹម ​សុខា ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ​១៦ ​កក្កដា ​ឆ្នាំ ​២០១៤​។​
លោក ​កឹម ​សុខា ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ​១៦ ​កក្កដា ​ឆ្នាំ ​២០១៤​។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ ម្សិលមិញ បានចេញ​ដីកាកោះហៅ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យចូល​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​អ្នកដឹកនាំ​គណបក្សប្រឆាំង។ ដីកា​កោះ​នេះ​ត្រូវបាន​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​ កឹម សុខា​ត្រូវបាន​តុលាការ​តម្រូវឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី ២៥ កក្កដា​ខាងមុខនេះ។

ដោយឡែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១៧ កក្កដា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក កឹម​ សុខា បាន​បើ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​របស់ខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ​ផងដែរ។

សូមបញ្ជាក់​ជូន​ថា កិច្ចប្រជុំ​នេះ គឺធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្តីសម្រេច​ដាក់ពន្ធនាគារ​នូវ​សមាជិកសភា​ចំនួន៥រូប រួមទាំង​សកម្មជន​គណបក្ស​មួយរូប។ លោក យឹម ​សុវណ្ណ​ ​បញ្ជាក់ថា ជា​កិច្ចប្រជុំ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មកពី​តាម​បណ្តា​ខេត្ត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​គណបក្ស។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី១៦ កក្កដា​ម្សិលមិញ ក៏បាន​ចេញ​បញ្ជា​ឲ្យអាជ្ញាធរខេត្ត​រាជធានី ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​សកម្ម​ភាព​ញុះញង់​អុចអា​លប​ង្ក​ឲ្យ​មាន​​អំពើហិង្សា​ដែល​ជ្រក​ក្រោមរូបភាព​នៃ​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម កូដកម្ម និង​ការតវ៉ា​នានា។

ក្រៅពីនោះ សេចក្តីជូនដំណឹង​ដែលមាន​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ក្រោម​សមត្ថកិច្ច​របស់ខ្លួន អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យចូល​រួម​ថែរក្សា​សន្តិភាព និង​សន្តិសុខ​នៅតាម​មូលដ្ឋាន​ខេត្តនីមួយៗផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ