អានតួអត្ថបទ
កម្ពុជា

អត្រា​ជំងឺ​គ្រុន​ឈាម​ធ្លាក់​ចុះ ​ប៉ុន្តែស្ថិត​​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​

មជ្ឈ​មណ្ឌល​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ា​ស៊ីត​​សាស្ត្រ ​និង ​បាណក​​សាស្ត្រ​​បាន​ប្រកាស​​ឲ្យ​​ដឹង​ថា ​អត្រា​​នៃ​​ជំងឺ​គ្រុន​ឈាម​​នៅ​​កម្ពុជា ​បាន​​ធ្លាក់​ចុះ​​គួរ​​ឲ្យ​​កត់​សម្គាល់​​ក្នុង​អំឡុង​២៨​ស​ប្តា​​ហ៏​ ដើម​ឆ្នាំ​២០១៤ ​នេះ​​បើ​​ធៀប​​នឹង​​ឆ្នាំ​មុន​។ ​យ៉ាងណា​ក៏ដោយ ​​អ្នក​ជំនាញ​​បាន​​អំពាវ​នាវ​​ដល់​សហគមន៍​​និង​​ប្រជាជន​​ទូទៅ​​ឲ្យ​​មាន​ការ​ប្រុង​ប្រយ័ត្ន​​ក្នុង​ការ​​ការពារ​​ខ្លួន​ឯង ​និង​​សមាជិក​​នៅ​ក្នុង​​គ្រួសារ​​ឲ្យ​​ជៀស​​ផុត​ពី​​ជំងឺ​គ្រុន​ឈាម​ ។

រូប​សំណាក​មូសខ្លា ដែល​ត្រូវ​បាន​តាំង​បង្ហាញ ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម ។
រូប​សំណាក​មូសខ្លា ដែល​ត្រូវ​បាន​តាំង​បង្ហាញ ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម ។ © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

ក្នុង​​រយៈពេល២៨សប្តាហ៍​ដើមឆ្នាំ២០១៤ នេះ មាន​អ្នក​កើត​ជំងឺគ្រុនឈាម​ប្រមាណ១០០០ករណី ក្នុងនោះ​ចំនួន​អ្នក​ស្លាប់មាន៩ ករណី។ តួលេខ​នេះ​បាន​បង្ហាញថា ករណី​ជំងឺគ្រុនឈាម​បាន​ថយចុះ ៨៥% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៅ​ដើមឆ្នាំ២០១៣ ដែលមាន រហូតដល់​ទៅ ៩០០០ករណី ក្នុងនោះ​មាន​អ្នកស្លាប់​រហូតដល់ ២៨នាក់។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រ។

និន្នាការ​ដែល​គួរ​ឲ្យ​កត់សម្គាល់ចំពោះ​ករណី​គ្រុនឈាម​នៅ​ដើមឆ្នាំ២០១៤នេះ​គឺ​អ្នក​កើត​ជំងឺ​ជា​មនុស្សពេញវ័យ​គិត​ចាប់ពី​អាយុ ១៥ឆ្នាំ​ឡើងទៅ​មាន​ចំនួន៥% និង​អ្នក​ដែលមាន​អាយុ​ចាប់ពី ៥ទៅ១៥ឆ្នាំមាន ៦៧% នៃ​ករណី​គ្រុនឈាម​សរុប។ បើទោះជា​ភាគរយ​នៃ​មនុស្សពេញវ័យ​មាន​តិចជាង​កុមារ​ក៏ដោយ ប៉ុន្តែ អត្រា​អ្នកស្លាប់​របស់​មនុស្សពេញវ័យ​បាន​កើនឡើង​ខ្ពស់ ដោយសារ​អ្នកជំងឺ​និង​អ្នក​ព្យាបាល​សេវាកម្ម​ឯកជន​ខ្លះ មិនបាន​ចាប់អារម្មណ៍។ ពួកគេ​ច្រើនតែ​គិតថា​នេះ​ជា​ជំងឺ​ផ្សេងទៀត ហើយក៏​ពន្យារ​ទុក​ឲ្យ​អ្នកជំងឺ​ឈានដល់​សភាព​ធ្ងន់ធ្ងរ​សង្គ្រោះ​លែង​បាន​ទើប​បញ្ជូនមក​មន្ទីរពេទ្យ។

បើតាម​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក មកដល់នឹង​ពេលនេះ ពិភពលោក​មិនទាន់មាន​វ៉ាក់សាំង​ការពារ ឬ​ឱសថ​ប្រឆាំងនឹង​វីរុស​គ្រុនឈាម​ទេ ប៉ុន្តែ អ្វីដែល​សំខាន់​គឺ​ស្ថិត​លើ​ការព្យាបាល​សម្រន់​រោគសញ្ញា​ប៉ុណ្ណោះ។ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល៖ « កម្ពុជា​ជា​ប្រទេស​ទី១ នៃ​តំបន់​អាស៊ីអាគ្នេយ៍​ដែលជារឿយៗតែង​ផ្ទុះ​ការ​រាតត្បាត​នៃ​ជំងឺគ្រុនឈាម ហើយ​នៅ​ឆ្នាំ​មុននេះ មាន​ផ្ទុះ​នៅ​សិង្ហបូរី ថៃ​និង ឡាវ និង​នៅ​ដើមឆ្នាំ​នេះ កំពុងតែ​ផ្ទុះ​ការ​រាតត្បាត​នៅ​ប្រទេស​ម៉ាឡេស៊ី»។ 

ឯកសារ​ដដែល​បន្តថា អ្នក​ផ្ទុក​វីរុស​គ្រុនឈាម​មួយចំនួន​ដែល​មិនទាន់​ចេញ​ជា​រោគសញ្ញា អាច​ឆ្លងដែន​យ៉ាង​ងាយ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ហើយក៏​ចម្ហ​លង​ជំងឺ​នេះ​បាន​យ៉ាង​ឆាប់រហ័ស។

ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ថា កិច្ចការពារ​ដ៏​ល្អ​បំផុត គឺ​ការលុបបំបាត់​ជំរក​មួ​ស​ខ្លា និង​បញ្ជូន​អ្នកជំងឺ ជាពិសេស​កុមារ​ក្តៅខ្លួន ទៅ​មន្ទីរ​ទេ​ព្យ​ឲ្យ​បាន​ទាន់ពេល។ អ្នកជំនាញ​ក៏បាន​អំពាវនាវ​ដល់​គ្រួសារនីមួយៗ ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ រួមទាំង​បណ្តាញ​សារ​ព​ត័​ត៌មាន​ផង​ឲ្យ​ចូលរួម​ជំរុញ​សកម្មភាព​ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​ជំងឺគ្រុនឈាម​រាតត្បាត​ដល់​ប្រជាជន​កម្ពុជា និង​ជាពិសេស​គឺ​កុមារ​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ