អានតួអត្ថបទ
កម្ពុជា

អង្គការ​ជនពិការ​កម្ពុជា​ជំរុញ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​

ដោយ​មើល​ឃើញ​​ពី​​បញ្ហា​​ប្រឈម​​របស់​​ជន​ពិការ​​កម្ពុ​ជា​​ក្នុង​អំឡុង​ពេល​​នៃ​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ​ម្តង​ៗ ​អង្គការ​​តំណាង​​ជន​ពិការ​​កម្ពុជា​​នៅ​​ព្រឹក​​ថ្ងៃ​ទី​០​១ ​សីហា​​នេះ ​បាន​​បើ​​ក​សិក្ខា​​សាលា​​នៅ​​សណ្ឋាគារ​​ហ៊ី​ម៉ា​វ៉ា​រី ​ដើម្បី​​ប្រមូល​​នូវ​អនុ​សាសន៍​​សម្រាប់​​កំណែ​ទម្រង់ ​ច្បាប់​​ស្តី​ពី​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ ​ដើម្បី​​ដាក់​បញ្ចូល​​ការ​ចូល​រួម​​របស់​​ជន​​ពិការ​។​

សិក្ខាសាលារបស់ជនពិការនៅថ្ងៃទី 01 សីហា ឆ្នាំ ២០១៤។
សិក្ខាសាលារបស់ជនពិការនៅថ្ងៃទី 01 សីហា ឆ្នាំ ២០១៤។ RFI
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅក្នុង​សិក្ខាសាលា​នៅ​ព្រឹក​មិញ​នេះ លោក ងិន សៅ​រ័ត្ន នាយក​ប្រ​ត្តិ​ប​ត្តិ អង្គការ​ជនពិការ​កម្ពុជា​បាន​លើកឡើងថា កន្លងមក​ជនពិការ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន រាល់ពេល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រម្តង។ បញ្ហា​ទាំងនោះ​រួមមាន នីតិវិធី​នៃ​ការបោះឆ្នោត​នៅមាន​បញ្ហា ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដូចជា​ផ្លូវចេញចូល​របស់​ជនពិកា​រ​នៅមានកម្រិត ខ្វះ​ការលើកទឹកចិត្ត​ពី​គ្រួសារ ការចុះឈ្មោះ​បោះឆ្នោត​ពី​សំណាក់​ជនពិការ​នៅមាន​ការរើសអើង​ជាដើម។

លោក ម៉ាំង គឹម​លាប ដែលជា​ជនពិការភ្នែក ចូលរួម​កាលពី​ព្រឹក​មិញ​នេះ បានលើកឡើង​ពី​ថា លោក​ទទួលរង​នូវ​ការ​រើស​អើយ​ពី​សំណាក់​ជន​ដទៃ​ពេល​ឃើញ​លោក​ទៅ​បោះឆ្នោត កង្វះ​ការយកចិត្ត​ដាក់​ពី​មន្ត្រី​នៅ​ការិយាល័យ​បោះឆ្នោត និង​ការប្រតិបត្តិ​មិនបាន​ត្រឹមត្រូវ​របស់​មន្ត្រី​មួយចំនួន​នៅ​មណ្ឌលបោះឆ្នោត​ជាអាទិ៍។

ជាមួយគ្នានេះ លោក សុ​កុលៈ ទី​ប៉ោ តំណាង​មកពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ឲ្យ​ដឹងថា កន្លងមក គ.ជ.ប តែ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ជនពិការ ដោយបាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ធានា​សម្រួល​ដល់​ជនពិការ។

ទោះជា​យ៉ាងណា លោក​ក៏បាន​សម្តែង​ការសោកស្តាយ​ចំពោះ​បញ្ហា​នានា​ដែល​ជនពិការ​បានលើកឡើង។ លោក​ទទួលស្គាល់ថា ការអនុវត្ត​ជាក់ស្តែង​នៅមាន​ការខ្វះចន្លោះ បើទោះបី​ជាមាន​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ ហើយ​លោ​កស​ង្ឈឹ​ម​ថា គជប ថ្មី​នឹង​យកចិត្តទុកដាក់​លើ​នីតិវិធី បទបញ្ជាថ្មីៗជាដើម។

ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​ជនពិការ​កម្ពុជា ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី០១ សីហា​នេះ បានផ្តល់​ជា​អនុសាសន៍​រួម​ចំនួន៨ចំណុច​ផងដែរ ក្រោយពី​បានធ្វើ​ស​ក្ខា​សាលា​ថ្នាក់ជាតិ​ទូទាំង២៥រាជធានី​ខេត្ត។ អនុសាសន៍​ទាំងនោះ​រួមមាន ជំរុញ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដូចជា​មាត្រា​ទី១៣ថ្មី មាត្រា​ទី១៦ថ្មី មាត្រា​ទី៤៩ថ្មី និង​មាត្រា​មួយចំនួនទៀត។

ជាងនេះទៅទៀត ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ពី​សឺ​មី​ដាក់​សន្លឹកឆ្នោត ដែលមាន​គុណភាព​សម្រាប់​ជនពិការភ្នែក​ទាំងសងខាង​ឲ្យ​បាន​ទូលាយ រាល់​ការ​រិ​យា​ល័យ​បោះឆ្នោត​ត្រូវមាន​ជម្រាល​សម្រាប់​ជនពិការ​ជិះរ​ទះ មិនត្រូវ​អនុ​ញ្ញា​ត្តិ​ឲ្យ​អ្នកណា​ផ្សេង​គូ​ល​សន្លឹកឆ្នោត​ជំនួស​ជនពិការ លុះត្រាតែ​មានការ​ស្នើសុំ​និង​ព្រមព្រៀងគ្នា បន្ថែម​តារាង​បញ្ជាក់​ពី​ប្រភេទ​ពិការភាព​ទៅក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ជាដើម។

សូម​រម្លឹក​ដែរ​ថា ជនពិការ​ទូទាំងប្រទេស​កម្ពុជា មាន​ចំនួន​ជាង១០% ពោលគឺ​ជាង១លាន៤សែន​នាក់។ នេះ​បើ​យោងតាម​លោក ងិ​ន សៅ​រ័ត្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ