អានតួអត្ថបទ
កម្ពុជា

តុលាការ​លើក​ថ្ងៃ​បើក​សវនាការ​ក្រុម​លោក​ វន​ ពៅ​ ទៅ​ថ្ងៃ​ទី​​២៥​ មេសា​

សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​លើក​ថ្ងៃ​បើក​​សវនា​ការជំនុំជម្រះ​ករណី​ក្រុម​លោក វន ពៅ ដែល​កំពុង​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្តកំពង់ចាម​ ទៅ​បើក​ជំនុំ​ជ​ម្រះ​នៅ​ថ្ងៃទី ២៥​មេសា​វិញ។ ការលើក​ថ្ងៃ​បើក​សវនាការ​នេះ តុលាការ​បាន​លើក​ហេតុផល​​ថា​ដោយសារតែ​ថ្ងៃទី១៨មេសា ​កៀក​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ពេក។ នេះ​បើតាម​ការឲ្យដឹង​របស់ លោក អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ លីកាដូ ដែល​បាន​តាមដាន​សំណុំ​រឿងនេះ​យ៉ាង​ដិតដល់។

លោក ​វន​ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
លោក ​វន​ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ©IDEA
ផ្សាយពាណិជ្ជកម្ម

សវនាការ​សំណុំរឿង​លោក វន ពៅ និង​អ្នកជាប់ចោទ​ទាំង​២០​នាក់​ផ្សេងទៀត ​ដែល​គ្រោង​បើក​ធ្វើ​នៅ​ថ្ងៃទី១៨មេសា​នោះ​ត្រូវបាន​លើក​ពេល​ទៅ​ថ្ងៃទី ២៥ មេសា​វិញ។ នេះ​បើ​យោងតាម​លោក អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ លីកាដូ ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក ថ្ងៃ​សុក្រ ទី១១មេសា នេះ។ លោក វន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សកម្មជន​ដីធ្លី និង​កម្មករ​ផ្សេងទៀតសរុប២១នាក់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្តកំពង់ចាម និង​កំពុង​រង់ចាំ​ការបើក​សវនា​ការ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ។

បើ​យោងតាម​លោក អំ សំអាត មូលហេតុ​ដែល​តុលា​ការលើក​ពេល​បើក​សវនា​ការ​នេះ គឺ ដោយសារ​​ថ្ងៃទី ១៨ មេសា​កៀក​ថ្ងៃបុណ្យ​ចូលឆ្នាំ​ពេក ដូច្នេះ តុលាការ​ក៏​សម្រេច​រំកិល​សវនាការ​​ ​​ទៅ​ថ្ងៃទី ២៥ មេសា​វិញ។

សង្គម​ស៊ីវិល​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សាលាដំបូង​រាជធានី​នឹង​ដោះលែង​លោក វន ពៅ និង អ្នក​ជាប់ឃុំ​ផ្សេងទៀត ​បន្ទាប់ពី​បើក​សវនា​ការ​នៅពេល​ខាងមុខនេះ ពីព្រោះ​ពួកគេ​មិនមាន​ទោស​​ដូច​​ដែល​អាជ្ញាធរបាន​ចោទប្រកាន់​នោះឡើយ។

ថ្ងៃ​សុក្រ​ទី ១១មេសា​នេះដែរ អង្គការ​លីកាដូ​បាន​នាំយក​ម្ហូបអាហារ និង​នំចំនីផ្សេងៗទៅ​ចែក​ជូន​​ក្រុម​លោក វន ពៅ និង អ្នក​កំពុង​ជាប់​ឃុំ​ផ្សេងទៀតសរុបប្រមាណ ១៦០០ នាក់​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្តកំពង់ចាម។ ជា​អំណោយ​ដែល​អង្គការ លីកាដូ អះអាងថា ធ្វើឡើង​សម្រាប់​អបអរ​សាទរ​​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ សម្រាប់​អ្នក​ដែល​កំពុង​ជាប់ឃុំ។ នេះ​បើតាម លោក អំ សំអាត ដដែល។

សូមបញ្ជាក់ថា លោក វន ពៅ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពីដើម​ខែមករា​កន្ល​ង​ទៅ នៅក្នុង​ការប៉ះទង្គិច​គ្នា​មួយ រវាង​ក្រុមកម្មករ និង​កងកម្លាំង​ទ័ព​ឆ័​ត្រ​យោង៩១១ នៅ​រោងចក្រ​យ៉ាកជីង។ លោក​ត្រូវបាន​បញ្ជូនទៅ​កាន់​ពន្ធ​នាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្តកំពង់ចាម ជាមួយនឹង​មនុស្ស២២នាក់​ផ្សេងទៀត ក៏ប៉ុន្តែ​ក្រោយមក មនុស្ស​ពីរ​នាក់​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ។ លោក វន ពៅ ក៏ធ្លាប់​ត្រូវបាន​តុលាការ​ទាំង​សាលាដំបូង​រាជធានី និង​សាលាឧទ្ធរណ៍​បាន​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​ជា​បន្តបន្ទាប់​ ​ក្រោម​ហេតុផលផ្សេងៗគ្នា​ ​នាពេល​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ