អានតួអត្ថបទ
កម្ពុជា

សង្គម​​ស៊ីវិល​​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា​​ចូល​​ជា​​សមាជិក​​ទី​៦៤​នៃ​​ប្រទេស ​OGP​

អង្គការ​​សង្គម​​ស៊ីវិល​​ចំនួន​៥ ​ដែល​​ធ្វើ​ការ​​លើ​​បញ្ហា​​សង្គម​ប្រកប​ដោយ​​សមភាព​ តម្លាភាព ​និង​​គណនេយ្យភាព​ បាន​​បើក​​ធ្វើ​​សិក្ខា​សាលា​​មួយ​​នៅ​ឯ​​សណ្ឋាគា ​Sunway ​នៅ​​ថ្ងៃ​ទី​១៦​តុលា​នេះ ​​ដើម្បី​​ពិភាក្សា​​ទៅ​លើ​​ប្រធាន​បទ​ ភាព​ជា​​ដៃ​គូ​​រដ្ឋាភិបាល​​បើក​ទូលាយ​ហៅ​​កាត់​​ថា ​OGP​។ OGP​ គឺ​ជា​​ឧបករណ៍​​ថ្មី​​មួយ​ដែល​​ទើប​តែ​បង្កើត​ឡើង​​នៅ​​ឆ្នាំ​២០១១ ​ដើម្បី​​ជំរុញ​​ឲ្យ​​ប្រទេស​​នៅ​ក្នុង​​ពិភពលោក​ អនុវត្តន៍​​ការងារ​​របស់​ខ្លួន​​ប្រកប​ដោយ​​តម្លាភាព ​គណនេយ្យភាព ​ចំពោះ​​ប្រជា​ពលរដ្ឋ​ និង​​គ្រប់​​គូ​ភាគី​។

អង្គការ​​​សង្គម​​​ស៊ីវិល​​​​​៥​ បាន​​​បើក​​​ធ្វើ​​​សិក្ខា​​សាលា​​​​​ស្តីពី ភាព​​ជា​​​ដៃ​​គូ​​​រដ្ឋា​ភិបាល​ នៅ​​​​សណ្ឋាគារ​ ​Sunway ​​នៅ​​​ថ្ងៃ​​ទី​​១៦​​តុលា​ ​​
អង្គការ​​​សង្គម​​​ស៊ីវិល​​​​​៥​ បាន​​​បើក​​​ធ្វើ​​​សិក្ខា​​សាលា​​​​​ស្តីពី ភាព​​ជា​​​ដៃ​​គូ​​​រដ្ឋា​ភិបាល​ នៅ​​​​សណ្ឋាគារ​ ​Sunway ​​នៅ​​​ថ្ងៃ​​ទី​​១៦​​តុលា​ ​​ RFI@សហការី
ផ្សាយពាណិជ្ជកម្ម

ភាពជា​ដៃគូ​រដ្ឋាភិបាល​បើកទូលាយ ហៅ​កាត់​ថា OGP (Open Government Partnership) គឺជា​ឧបករណ៍​ថ្មី​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ២០១១ ដោយ​ប្រទេស​ចំនួន៨ ក្នុងនោះ​ក៏មាន​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន២ចូលរួម​ផងដែរ នោះ​គឺ​ប្រទេស​ឥ​ណ្ឌូនេ​ស៊ី និង​ប្រទេស​ហ្វីលីពីន។

បច្ចុប្បន្ន OGP មាន​ប្រទេស​ជា​សមាជិក​ចំនួន៦៣ ហើយ​ប្រទេស​បារាំង​គឺជា​សមាជិក​ចុងក្រោយ។ ចំណែកឯ​ប្រទេស​កម្ពុជា​វិញ នៅ​មិនទាន់បាន​ចូលរួម​នៅក្នុង​ប្រទេស OGP នេះ​នៅឡើយ​ទេ។ ហេតុ​ដូច្នេះហើយ ទើប​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ចំនួន៥ ដែលមាន​បក្សសម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​រាប់សិប​ទៀត បាន​ជួប​ពិភាក្សាគ្នា​រយៈពេល​ពី​រ​ថ្ងៃ នៅក្នុង​ទីក្រុង​ភ្នំពេញ ចាប់ពី​ថ្ងៃទី១៦តុលា​នេះ ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យចូល​ជា​សមាជិក​នៅក្នុង​ប្រទេស OGP នេះ។

លោក សឿង សារឿន នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា(CCC) ដែល​ដឹកនាំ​កិច្ចពិភាក្សា​នេះ នៅឯ​សណ្ឋាគា Sunway បានបង្ហាញ​ពី​សារៈសំខាន់​មួយចំនួន នៅពេលដែល​ប្រទេស​កម្ពុជា​ក្លាយជា​សមាជិក​នៃ​ប្រទេសភាពជា​ដៃគូ​រដ្ឋាភិបាល​បើកទូលាយ OGP នេះ ដូចជា​ការរក្សា​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ក៏​ដូចជា​ភាពជឿ​ទុកចិត្ត​របស់​ស​មា​ជិ​ក​រដ្ឋាភិបាល ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត និង​អ្នកវិនិយោគទុន​បរទេស ជាដើម។

ដើម្បី​ក្លាយជា​សមាជិក​នៃ​ប្រទេស ភាពជា​ដៃគូ​រដ្ឋាភិបាល​បើកទូលាយ OGP រដ្ឋាភិបាល​នៃ​ប្រទេសនីមួយៗ ត្រូវមាន​លក្ខណៈវិនិច្ឆ័យ​ចំនួន៤ ទី១ ត្រូវមាន​តម្លាភាព​ខាង​ថវិកា ទី២ ការបើកចំហរ​ផ្នែក​ព័ត៌មាន ទី៣ ការប្រកាស​ព្រ​ទ្យ​សម្បត្តិ​ជា​សាធារណៈ និង​ទី៤ គឺ​ការបើក​ទូលាយ​ឲ្យប្រជាជន និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​នៅក្នុង​ការពិភាក្សា​និង​ការសម្រេចចិត្តផ្សេងៗ។

ជាមួយនឹង​លក្ខណៈវិនិច្ឆ័យ​ទាំង៤នេះ លោក សឿង សារឿន មាន​ជំនឿ​ចិត្ត​ថា កម្ពុជា​នឹង​អាច​ក្លាយជា​សមាជិក​ទី៦៤ឫ៦៥នៃ​ប្រទេស OGP ក្នុងពេលឆាប់ៗខាងមុខនេះ ដោយយោង​ទៅលើ​អ្វីដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្ហាញ​ការកែទម្រង់​យ៉ាង​ស៊ី​ជម្រៅ​នៅក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី៥នេះ។

បើតាម​លោក សឿង សារឿន នៅ​ថ្ងៃ​ចុងក្រោយ​នៃ​សិក្ខាសាលា​រយៈពេល២ថ្ងៃនេះ នឹងមាន​ការអញ្ជើញ​ចូលរួម​បិទ​ដោយ​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ៕      
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ