អានតួអត្ថបទ
អាមេរិក

សហរដ្ឋ​អាមេរិក​នឹង​បើក​ស្ថានទូត​របស់​ខ្លួន នា​ថ្ងៃ​អាទិត្យ​នេះ នៅ​មជ្ឈិម​បូព៌ា​ឡើង​វិញ លើក​លែង​តែ​នៅ​យេមែន

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ ទី​៩​ខែ​សីហា​ថា ខ្លួន​នឹង​បើក​ស្ថានទូត​និង​កុងស៊ុល​អាមេរិក​ទាំង​ឡាយ​ឡើង​វិញ លើក​លែង​តែ​នៅ​យេមែន។ សេចក្ដី​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អាមេរិក​ប៉ាន់​ប្រមាណ​ឡើង​វិញ ពី​ការ​គម្រាម​កំហែង​ធ្វើ​ភេរវកម្ម​របស់​ក្រុម​អាល់កៃដា​។

កង​កម្លាំង​សន្តិសុខ​ការពារ​ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​ក្រុង ឡាហ័រ ប្រទេស​ប៉ាគីស្ថាន ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៣
កង​កម្លាំង​សន្តិសុខ​ការពារ​ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​ក្រុង ឡាហ័រ ប្រទេស​ប៉ាគីស្ថាន ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៣ REUTERS/Mohsin Raza
ផ្សាយពាណិជ្ជកម្ម

 

ក្រោយ​ពី​​​ពិនិត្យ​ពិច័យយ៉ាង​ម៉ត់ចត់​ លើ​ការ​គម្រាម​កំហែង​ធ្វើ​ភេរវកម្ម​របស់​ក្រុម​អាល់កៃដា សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សុក្រ ទី​៩​ខែ​សីហា បាន​ប្រកាស​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ស្ថានទូតចំនួន​១៩​ដែល​ខ្លួន​បាន​បិទ​តាំង​ពី​សប្ដាហ៍​មុន មាន​ស្ថានទូត​ចំនួន​១៨​នឹង​​បើក​ធ្វើ​ការ​ឡើង​វិញ នៅ​ថ្ងៃ​អាទិត្យ ទី​១១​ខែ​សីហា លើក​លែង​តែ​ស្ថានទូត​នៅ​ប្រទេស​យេម៉ែន​។

តាម​រយៈ​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ស្ថិតិ​សង្គម​អាមេរិក លោក​ស្រី Jen Psaki ឲ្យ​ដឹង​ថា ក្រៅ​ពី​ស្ថានទូត​នៅ​ប្រទេស​យេម៉ែន ស្ថាន​កុងស៊ុល​អាមេរិក នៅ​ក្រុង​ឡាហ័រ ​ភាគ​ខាង​កើត​ប៉ាគីស្ថាន នឹង​នៅ​តែ​បិទ​ទ្វារជា​​បន្ត​ទៀត។ អ្នក​នាំពាក្យ​រូប​នេះ បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ការ​ឃ្លាំ​មើល​​ពី​ការ​គម្រាម​កំហែង​ធ្វើ​ភេរវកម្ម​របស់​ក្រុម​អាល់កៃដា មុន​នឹង​សម្រេច​ចិត្ត​បើក​ស្ថាន​ទូត​នៅ​ប្រទេស​យេម៉ែន និង​ស្ថាន​កុងស៊ុល​នៅ​ក្រុង​ឡាហ័រ ប្រទេស​ប៉ាគីស្ថាន​ឡើង​វិញ។

បន្ទាប់​ពី​ទទួល​បាន​ការ​គម្រាម​កំហែង​ភេរវកម្ម​ជា​ច្រើន​ដែល​អាច​យក​ជា​ការ​បាន ពី​សំណាក់​ក្រុម​ឧទ្ទាម​អាល់កៃដា​មក អាមេរិក​បាន​សម្រេច​ចិត្ត​បិទ​ស្ថានទូត​និង​កុងស៊ុល ជាង២0​កន្លែង ចាប់​តាំង​ពី​ថ្ងៃ​ទី​៤​ខែ​សីហា​មក។  

សេចក្ដី​សម្រេច​របស់​អាមេរិក បិទ​ទ្វារ​ស្ថានទូត​និង​ស្ថានកុងស៊ុល​នេះ បាន​ជះ​ឥទ្ធិពល​ពាស​ពេញ​ពិភព​អារ៉ាប់ និង​បាន​លាត​សន្ធឹង​ទៅ​ដល់​ផ្នែក​ខ្លះ​នៃ​ឧបទ្វីប​អាហ្វ្រិក​ថែម​ទៀត​ផង។ បណ្ដា​បស្ចិម​ប្រទេស​ដូច​ជា បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ក៏​បាន​ប្រកាស​បិទ​ទ្វារ​ស្ថានទូត​របស់​ខ្លួន នៅ​ទីក្រុង​សាណា ប្រទេស​យេម៉ែន​ផង​ដែរ។ ដោយ​ឡែក កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន កាណាដា ក៏​បាន​សម្រេច​ចិត្ត​បិទ​ស្ថានទូត​របស់​ខ្លួន នៅ​បង់ក្លាដែស ដូច​គ្នា​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ