អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ី​វិល​​បន្ត​​អំពាវ​នាវ​​ឲ្យ​​គណ​បក្ស​​នយោបាយ​​ធំៗ​​ទាំងពីរ​​ជួប​​ចរចារគ្នា​​ជា​បន្ទាន់​​

បន្ទប់​ស្ថានការណ៍​ដែល​តំណាង​ឲ្យ​សង្គម​ស៊ីវិល​ជាង៤០ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​អំពាវនាវ​ឲ្យ​គណបក្ស​ន​យោ​យ​បាយដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ជួបចរចា​គ្នា​ជាបន្ទាន់ និង​ដោយ​អត់ធ្មត់​​ជាអតិបរមា​​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​នៅ​កម្ពុជា ក្រោយ​ការបោះឆ្នោត។ ជាការ​អំពាវនាវ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ការបញ្ចៀស​ការជាប់គាំង​នយោបាយ និង​ទប់ស្កាត់​ការ​ប្រទូស​រ៉ាយ​​គ្នា​​​ក្នុងសង្គម នាពេល​អនាគត​ខាងមុខ។

ក្រុមសង្គមស៊ីវិលថ្លែងនៅក្នុងសន្និសីទកាសែត អំពាវនាវអោយគណបក្ស​ជាប់ឆ្នោតទាំងពីរ​ជួបចរចារជាបន្ទាន់។
ក្រុមសង្គមស៊ីវិលថ្លែងនៅក្នុងសន្និសីទកាសែត អំពាវនាវអោយគណបក្ស​ជាប់ឆ្នោតទាំងពីរ​ជួបចរចារជាបន្ទាន់។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការអំពាវនាវ​ឲ្យ​មានការ​ជួបប្រជុំ​រវាង​អ្នកនយោបាយ​កំពូល ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​ដោយ​សន្តិវិធី​ឲ្យ​បាន​ឆាប់​នេះ​ បាន​ធ្វើឡើង​ក្រោយពី​អង្គកា​រ​សង្គម​ស៊ីវិល​ទាំងអស់នោះ​យល់ឃើញថា ស្ថាន​ការ​ណ៏​នយោបាយ​នៅក្រោយ​ការបោះឆ្នោត​ មាន​សភាព​កាន់តែ​តានតឹង និង​ស្មុគស្មាញ​កាន់តែច្រើនឡើងៗ ខណៈដែល​ការជួប​ចរចា​រវាង​តំណាង​គណបក្ស​នយោបាយ​​ដែល​ឈ្នះឆ្នោត​ទាំង​ពីរ បាន​ជួប​បរាជ័យ​យ៉ាងតិច​ចំនួន​បី​លើក​រួចមកហើយ​នោះ។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី០២ ខែកញ្ញា​នះ លោក ធន សា​រ៉ា​យ ប្រធាន​គណៈកម្មាធិការ​នាយក​ខុមហ្វ្រែល ថ្លែង​អំពាវនាវ​ថា យើង​សូម​ឲ្យ​មានការ​ជួបប្រជុំគ្នា​ជាបន្ទាន់​រវាង​ថ្នាក់ដឹកនាំ​នយោបាយ​កំពូល ​នៃ​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​ឲ្យ​បាន​ឆាប់​ដែល​អាចធ្វើ​ទៅបាន ដែល​នេះ​ជា​ជម្រើស​ប្រសើរ​បំផុត សម្រាប់​ដោះស្រាយ​បញ្ហានយោបាយ​ដែល​កំពុង​បន្ត​ឡើងក​ម្តៅ និង​មាន​ភាព​តានតឹង​នៅពេលនេះ។

លោក ធន់ សា​រ៉ា​យ បាន​បន្ត​អំពាវនាវ​ថា នៅពេលនេះ គួរ​អ្នកនយោបាយ​មាន​ភាព​អត់ធ្មត់ ដោយ​បន្ថយកម្តៅ​វោហា​ស័ព្ទ​នយោបាយ ​ដែល​ងាយ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ការបន្ថយ​ការ​ចល័ត​ទ័ព និង​អាវុធ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច ការចរចា​គ្នា​ឲ្យ​បានជា​អតិបរមា ដោយ​យក​ប្រយោជន៍​ជាតិ​ជាធំ​ ខ្ពស់ជាង​ប្រ​យោ​ជ​ន៏​របស់​គណបក្ស​ខ្លួន។

ជាមួយគ្នា​នោះ​ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​គូសបញ្ជាក់ថា ការជួប​ចរចា​ណាមួយ​នោះ​ គួរ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ ដែល​អាចធ្វើ​ការសម្រេច​បានភ្លាមៗ ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កុំ​ឲ្យ​មានការ​អូសបន្លាយ​ពេល​វេលា​ឥត​ប្រ​យោ​ជ​ន៏​បន្តទៅទៀត។ ​លោក​បាន​បន្តថា ការបង្កើត​គណៈកម្មកា​រ​ត្រួតពិនិត្យ​លើ​ការបោះឆ្នោត មិនទាន់​ហួសពេល​នៅឡើយ​ទេ តែ​ទាមទារ​ឲ្យ​មាន​ការចរចា​ជាបន្ទាន់ ដោយ​កំណត់​ពី​របៀបវារៈ​នៃ​ការចរចា​ឲ្យ​បានច្បាស់លាស់​ប្រកបដោយ​សុ​ឆន្ទៈ​ពិតប្រាកដ​នោះ។

គួររំលឹកថា នា​រយៈពេល​ចុងក្រោយ​នេះ មេដឹកនាំ​គណបក្សនយោបាយ​ដែល​ឈ្នះឆ្នោត​ទាំងពីរ​បាន​សរសេរ​លិខិត​ឆ្លើយឆ្លង​គ្នា​ជា​បន្តបន្ទាប់ រហូតដល់​មាន​ព្រះរាជសារ​អន្តរា​គម​ន៏​របស់​ព្រះមហាក្សត្រ ដោយ​អំពាវនាវ​ឲ្យ​គណបក្សនយោបាយ​ទាំងពីរ​ធ្វើការ​ដោះស្រាយ​បញ្ហា​ជាតិ ដោយ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ