អានតួអត្ថបទ
កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រាប់​រដ្ឋ​មន្ត្រី​ ឲ្យ​ចូល​រដ្ឋសភា​ ឆ្លើយ​សំណួរ​របស់​អ្នក​តំណាង​រាស្ត្រ​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ដល់​រដ្ឋមន្ត្រី ឲ្យ​ចូល​រដ្ឋ​សភា ដើម្បី​ឆ្លើយ​នូវ​រាល់​សំណួរ​របស់​អ្នក​តំណាងរាស្ត្រ។ ជា​ការ​លើក​ឡើង ដែល​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង បាន​ដាក់​លិខិត ៣ ច្បាប់ ដើម្បី​កោះ​អញ្ជើញ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​លោក ឌិត មន្ទីរ ប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាវិន័យនៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រមដើម្បី​ចូល​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​មាត់ ជុំវិញ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន របស់​ប៉ូលិស តុលាការ និង​ការ​រុក​រក​រ៉ែ ព្រមទាំង​ការ​សាងសង់​វារី​អគ្គិសនី​ជា​ដើម។

ការ​ប្រជុំ​សភា​ជាតិ​កម្ពុជា (រូបថត​ ៖ សភាជាតិ)
ការ​ប្រជុំ​សភា​ជាតិ​កម្ពុជា (រូបថត​ ៖ សភាជាតិ)
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​ជជែក​ដេញ​ដោល គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ឲ្យ​បាន​ច្រើន នៅ​ក្នុង​រដ្ឋសភា ហើយ​សមាជិក​រដ្ឋាភិបាល ពិសេស​រដ្ឋមន្ត្រី ក៏​គួរ​តែ​ទៅ​កាន់​រដ្ឋសភា ដើម្បី​ឆ្លើយ​តប​ចំពោះ​​រាល់​សំណួរ​របស់​អ្នក​តំណាងរាស្ត្រ។ នេះ​បើ​តាម​លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន បាន​សរសេរ​ជា​ភាសា​អង់គ្លេស ហើយ​បង្ហោះ​ក្នុង Facebook របស់​លោក​ នៅ​ព្រឹកមិញ។​

 

ការ​លើកឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចុះ​ហត្ថលេខា លើ​លិខិត​អញ្ជើញ​ចំនួន​បីច្បាប់ ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​អនុញ្ញាត​ឲ្យ​លោក ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អញ្ជើញ​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដើម្បី​ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​​នៅ​ក្នុង​រដ្ឋសភា ជុំវិញ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន ក្នុង​រឿង​ផ្តល់​អត្តសញ្ញាណប័ណ្ណ ការ​ធ្វើ​លិខិតឆ្លង​ដែន​​ជូន​ពលករ​ខ្មែរ អំពើ​ពុករលួយ​ក្នុង​វិស័យ​​ចរាចរណ៍ និង​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍ ព្រម​ទាំង​ការផ្តល់​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ និង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី ជាដើម។​

ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ក៏​បាន​ដាក់​លិខិត​ដាច់​ដោយឡែក​មួយ​ទៀត ​ជូន​​លោក ឌិត មន្ទីរ ប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​វិន័យ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដើម្បី​ស្នើ​អញ្ជើញ​លោក ឲ្យ​មក​រដ្ឋសភា ​ឆ្លើយ​បំភ្លឺ​ពី​តួ​នាទី ក្នុង​ការ​ដាក់​វិន័យ​លើ​ចៅក្រម​មួយចំនួន ដែល​ប្រើប្រាស់​ស្ថាប័ន​តុលាការ ដើម្បី​កាត់​សេចក្តី​លម្អៀង​បម្រើ​បក្ស និង​ពុក​រលួយ។​

លិខិត​របស់​អ្នក​តំណាងរាស្ត្រ​ទាំងនោះ ត្រូវ​បាន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ចុះ​ហត្ថលេខា បញ្ជូន​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌិត មុន្ទីរ កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១២។ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​ការ​កំណត់​ពេល​វេលា ដើម្បី​ឲ្យ​រដ្ឋមន្ត្រី និង​ប្រធាន​តុលាការ​កំពូល ចូល​ឆ្លើយ​បំភ្លឺ ទៅ​នឹង​រាល់​សំណួរ​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ឡើយ​​ទេ។

ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី នៅ​ព្រឹកមិញ រដ្ឋាភិបាល​ក៏​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី វិសោធនកម្ម​មាត្រា​៩ និង​មាត្រា​១០ នៃ​ច្បាប់​ស្តី​ពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សេចក្តី​ព្រាង​ព្រះ​រាជក្រឹត្យ ស្តី​ពី ការ​ផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ សេចក្តី​ព្រាង​អនុក្រឹត្យ ស្តី​ពី​ក្រម​សីលធម៌​ឆ្មប។

នៅ​ព្រឹកមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ណែនាំ​ឲ្យ​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​រដ្ឋបាល និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិភាក្សា​កែ​សម្រួល​តម្លើង​បៀវត្ស​​ជូន​មន្ត្រី​រាជការ​ ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ “ឃ” ​ឲ្យ​បាន​ខ្ពស់​ជាង​សព្វ​ថ្ងៃ​ ដើម្បី​កាត់​បន្ថយ​គម្លាត​ជាមួយ​បៀវត្ស​មន្ត្រី​រាជការ​ក្នុង​ក្របខ័ណ្ឌ “ក” ឲ្យ​បាន​តិច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ