លោកសម រង្ស៊ីចូលរួមឃោសនារកសំឡេងឆ្នោតពីចម្ងាយ

មេដឹកនាំបក្សប្រឆាំងលោកសម រង្ស៊ីដែលកំពុងនិរទេសខ្លួននៅឯប្រទេសបារាំងបានដោយសារតែរឿងក្តីជាច្រើននោះ ក៏បានចូលរួមឃោសនារកសំឡេងឆ្នោតឲ្យគណបក្សរបស់ខ្លួនដែរ។ក្នុងសារជាវីដេអូដែលផ្សាយនៅលើគេទំព័រគណបក្សរបស់ខ្លួន លោកសម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបេក្ខជនមេឃុំ និងចៅសង្កាត់គណបក្សសម រង្ស៊ីដើម្បីផ្លាស់ប្តូរនៅថ្នាក់មូលដ្ឋាន។
ទោះបីជាមិនអាចវិលត្រឡប់ចូលស្រុកបានក៏លោក សម រង្ស៊ី នៅតែអាចឃោសនារកសំឡេងឆ្នោតពីចម្ងាយបានដែរ។ មេដឹកនាំបក្សប្រឆាំងដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារច្រើនជាង១០ឆ្នាំក្នុងសំណុំរឿងជាច្រើននោះបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់គ្នាចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៣មិថុនាខាងមុខនេះ។
បើទោះបីរដ្ឋសភាបានលុបឈ្មោះលោកចេញពីបញ្ជីអ្នកតំណាងរាស្ត្រជាច្រើនខែហើយក៏ដោយ និងបើទោះបីជាមន្ត្រីគណបក្សកាន់អំណាចហៅរូបលោកថាជាទណ្ឌិតក៏ដោយ ក៏លោកសម រង្ស៊ី នៅតែចាត់ទុករូបលោកជាតំណាងរាស្ត្រជាប់ឆ្នោតដដែលហើយលោកបានអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតជ្រើសរើសបេក្ខជនមេឃុំ និងចៅសង្កាត់របស់គណបក្សសម រង្ស៊ីដើម្បីការផ្លាស់ប្តូរ។ លោកសម រង្ស៊ីសន្យាថា មេឃុំគណបក្សរបស់លោកនឹងការពារផលប្រយោជន៍ប្រជាពលរដ្ឋឲ្យផុតពីការបំពានដីធ្លី និងអយុត្តិធម៌សង្គមផ្សេងៗទៀត។
សូមបញ្ជាក់ថា នេះជាថ្ងៃទី៥ហើយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតដែលមានរយៈពេល១៥ថ្ងៃសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣មិថុនាខាងមុខ។ គណបក្សនយោបាយចំនួន១០កំពុងតែធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតទៅតាមលទ្ធភាពរៀងៗខ្លួន។ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចត្រូវគេកត់សម្គាល់ឃើញថាបានធ្វើសកម្មភាពគគ្រឹកគគ្រេងជាងគេ។ ប៉ុន្តែ ក៏មានការចោទប្រកាន់ច្រើនជាងគេដែរថា គណបក្សនេះបានប្រើប្រាស់ធនធានរបស់រដ្ឋដើម្បីឃោសនា។
នៅក្នុងអំឡុងពេលនៃការឃោសនានេះ មេគណបក្សទាំអស់ដែលចូលរួមប្រកួតប្រជែងសុទ្ធតែបានចុះធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោយដោយផ្ទាល់រាប់ទាំងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ជារាជវង្ស និងលោកសម រង្ស៊ីដែលនៅឯក្រៅប្រទេសផង។ ប៉ុន្តែ មេដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងបីដែលកំពុងកាន់កាប់តំណែងកំពូលរបស់ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលមិនបានចេញមុខឃោសនាទេ។ ការចេញមុខជាសាធារណៈមួយក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីសន្តិសុខស្បៀងកាលពីថ្ងៃចន្ទម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយការពារខ្លួនថា លោកមិនយកឱកាសនេះដើម្បីឃោសនារកសំឡេងឆ្នោតទេ។
ប៉ុន្តែ មេដឹកនាំបក្សប្រឆាំងវិញកំពុងខិតខំយ៉ាងខ្លាំងដើម្បីស្វែងរកការគាំទ្រពីប្រជាជនម្ចាស់ឆ្នោត។ លោកសម រង្ស៊ី បានសន្យាពីចម្ងាយថា គណបក្សរបស់លោកនឹងធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជាសម្រាប់ការបោះឆ្នោតឃុំសង្កាត់ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាឆ្នាំ២០១៣ខាងមុខ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ (2)
យើងនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នា
ដើម្បីសន្តិភាព ការអភិវឌ្ឈប្រកបដោយតំលាភាព យុត្តិធម៌នៅក្នុងសង្គម សូមបងប្អូនទាំងអស់គ្នាទៅបោះឆ្នោតទាំងអស់គ្នានៅ 03 មិថុនា
2012 ការទៅបោះឆ្នោតមានន័យថាយើងបានគិតពីប្រទេសជាតិរបស់យើង
បើគាំទ្រនូវសារខាងលើ សូមមេត្តា យកទូរស័ព្ទ សរសេរ ពាក្យ Ivoteon3june ដកឃ្លាPP03 (តែមួយ Space) ដូចនេះ Ivoteon3june PP03 រួចផ្ញើរទៅកាន់ លេខ7222។ សូមអគុណ!
មានអារម្មណ៍ថាប៉ែនបូណានេះពិតជា
មានអារម្មណ៍ថាប៉ែនបូណានេះពិតជាអ្នកនាំពាក្យដ៏ពូកែបំផុតរបស់គណបក្សប្រជាជនមែន ពូកែទាំងនិយាយនិងទាំងវិភាគបែបលើកតំកើងគណបក្សប្រជាជននិងទាំងប្រមាថគណបក្សដ៏ទៃទាំងសំឡេងមួយៗ ហើយថ្នមៗ។ បើគាត់ចេញពីRFIហើយទៅបំរើបក្សប្រជាជនដូចជាមានអនាគតចំពោះគាត់ជាង ព្រោះអីគាត់ទោះជាយ៉ាងណាក៏នៅចាត់ទុកថាជាអ្នកស្នេហាជាតិម្នាក់ដែរ គ្រាន់តែខួរក្បាលរបស់គាត់អត់សមធ្វើជាអ្នកសារព័តមាន។
ប្រតិកម្មជុំវិញអត្ថបទនេះ