អានតួអត្ថបទ
ភូមា

អគ្គិភ័យ​នៅ​សាលា​អ៊ីស្លាម ៖ គ្រោះ​ចៃដន្យ ឬ ចេតនា​​ហិង្សា​សហគមន៍ ?

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៣ នាក់ ភាគ​ច្រើន​ជា​កុមារ នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​គ្រោះ​អគ្គិភ័យ​​ឆេះ​សាលា​អ៊ីស្លាម​មួយ នៅ​ក្រុង​រ៉ង់ហ្គូន ! ក្តី​ព្រួយ​បារម្ភ​កាន់​តែ​រីក​ធំធាត់​សម្រាប់​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ទោះ​បី​អាជ្ញាធរ​បាន​ធានាអះអាង​ថា​ឧប្បត្តិហេតុ​ចៃដន្យ​ក៏​ដោយ ព្រោះ​ហេតុការណ៍​នេះ​ប្រព្រឹត្ត​នៅ​ក្នុង​បរិបទ​ដែល​ភូមា​កំពុង​ពើប​ប្រទះ​នឹង​អំពើ​ហិង្សា​សាសនា​​រវាង​ក្រុម​អ្នក​កាន់​ពុទ្ធ​សាសនា និង​អ៊ីស្លាម។

សាលា​អ៊ីស្លាម​នៅទីក្រុង​រ៉ង់ហ្គូន​ដែល​រង​អគ្គិភ័យ​ ថ្ងៃទី​២​មេសា ២០១៣
សាលា​អ៊ីស្លាម​នៅទីក្រុង​រ៉ង់ហ្គូន​ដែល​រង​អគ្គិភ័យ​ ថ្ងៃទី​២​មេសា ២០១៣ © Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ភូមា បាន​ប្រកាស​អំពាវនាវ​ភ្លាមៗ​មិនឱ្យ​បណ្តា​ជន​ជឿ​ពាក្យ​ “ចចាម​អារាម” ​ផ្សព្វផ្សាយ​ក្នុង​ប្រព័ន្ធ​សង្គម Facebook ហើយ​ប៉ូលិស​ជាតិ​​បាន​បក​ស្រាយ​ពន្យល់​តាម​បណ្តាញ​អ៊ីនធឺណែត​ថា គ្រោះ​អគ្គិភ័យ​ឆេះ​សាលា​​​អ៊ីស្លាម ព្រលឹមអុល​ព្រឹកមិញ បណ្តាល​មក​ពី​បញ្ហា​អគ្គីសនី។ នេះ​បើ​យោង​តាម​លទ្ធផល​អង្កេត​របស់​ប៉ូលិស​សង្កាត់។

 
តំណាង​សហគមន៍​អ៊ីស្លាម បាន​ចូល​ជួប​អាជ្ញាធរ​ក្រុង​ នៅ​ព្រឹកមិញ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​អង្កេត​ស៊ីជម្រៅ ថាពិត​ជា​ឧប្បត្តិហេតុ ឬ​ជា​បទ​ឧក្រិដ្ឋកម្ម​ចេតនា ព្រោះ​បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​មើល​ក្មេង​ នៅ​ពេល​រត់​គេច​ភ្លើង​ កូនសិស្ស​និង​គ្រូ​ខ្លះ​​រអិល​លើ​វត្ថុ​រាវ​ដែល​មាន​ក្លិននិង​សណ្ឋាន ​ដូច​ប្រេង​សាំង ឬ​ម៉ាហ្សូត។

អំពើ​ហិង្សា​ជាតិ​សាសន៍​រវាង​ក្រុម​អ្នក​កាន់​ពុទ្ធសាសនា និង​អ៊ីស្លាម បាន​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់ ដំបូង​នៅ​ថ្ងៃ​ទី ២០​មីនា នៅ​ក្រុង​ ម៉ីទិឡា ភាគ​កណ្តាល​ប្រទេស រួច​រាលដាល​ទៅ​ តំបន់​ផ្សេងៗ​ទៀត រហូត​ទាល់​តែ​ប្រើ​កម្លាំង​ទាហាន​គ្រប់គ្រង។ អំពើហិង្សា​នោះ​​បាន​សម្លាប់​ជីវិត​មនុស្ស អស់​សរុប​​៤៣​នាក់ និង​ផ្ទះ​សម្បែង​រាប់​សិប​ខ្នង​បាន​ក្លាយ​​គំនរ​ផេះ។ ក្នុង​​ស្ថានភាព​បែប​នេះ​ សហគមន៍​​អ្នក​កាន់​សាសនា​អ៊ីស្លាមនៅ​រ៉ង់ហ្គូន មិន​អាច​អត់​ ​គិត​ ​ថា​អគ្គិភ័យ​នៅ​វេលា​ម៉ោង​បី​ទាប​ភ្លឺ​ព្រឹកមិញ​ ជា​អំពើ​ចេតនា​របស់​អ្នក​ជ្រុល​និយម​មួយ​ក្រុម​ណា​បាន​ឡើយ។

អតីត​រដ្ឋធានី​រ៉ងហ្គូន កំពុង​ព្រួយ​បារម្ភ​ខ្លាច​ជំងឺ​ហិង្សា​សាសនារាលដាល​មក​ដល់។ ចំណែក​រដ្ឋាភិបាល​ភូមា​ផ្ទាល់​ក៏​ទំនង​ជា​មិន​ស្រួល​ខ្លួន​ប៉ុន្មាន​ដែរ លោក​ប្រធានាធិបតី​ ថេន សេន បាន​ថ្លែង​កាលពី​ថ្ងៃព្រហស្បតិ៍​ម្តង​ និង​ថ្ងៃអាទិត្យ​ម្តង​ទៀត ថា​នឹង​ដាក់​ទោស​លើ​ក្រុម​ជ្រុល​និយម​ ប៉ុន្តែ​មិន​បាន​ដៅ​ចំ​ទៅ​លើ​ក្រុម​ណាមួយ​ឡើយ។ សូម​បញ្ជាក់​ថា អ៊ីស្លាម​និយម​ជ្រុ​ល​មាន​នៅ​គ្រប់​ទិសទី​លើ​ពិភពលោក ឯ​ក្រុម​ពុទ្ធសាសនា​និយមជ្រុល​ ត្រូវ​បាន​គេ​ស្គាល់​ថាមាន​ប្រវត្តិដើម​កំណើត​​នៅ​ភូមា​ ជាង​ប្រទេស​កាន់ពុទ្ធសាសនាផ្សេង​ទៀត​ក្នុង​តំបន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ