អានតួអត្ថបទ
ភូមា

អំពើ​ហិង្សា​ដ៏​ពុះកញ្ជ្រោល​រវាង​​សហគមន៍​ពុទ្ធសាសនា​និង​អ៊ីស្លាម​នៅ​ភូមា​

ជម្លោះ​រវាង​សហគមន៍​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​និង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម កាន់​តែ​រីក​រាល​ដាល​និង​មាន​លក្ខណៈ​យ៉ាងកាច​សាហាវ។ នៅ​ព្រឹក​មិញ​អំពើ​ហិង្សា​ប្រឈម​មុខ​​គ្នា​រវាង​សហគមន៍​សាសនា​ទាំង​ពីរ​នេះ​ បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត និង​បាន​​បណ្តាល​​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​​១០​នាក់​ នៅ​កណ្តាល​ប្រទេស​ភូមា។ អំពើ​ហិង្សា​នេះ​- បាន​ចាប់​ផ្ទុះ​​ឡើង​​ក្រោយពី​​មាន​ការ​ឈ្លោះ​ប្រកែក​ទាស់​ទែង​គ្នា​​នៅ​​ផ្សារ​មួយ​​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​​រវាង​អ្នក​លក់​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាមនិង​ក្រុម​អ្នក​ទិញ​កាន់​ព្រះពុទ្ធ​សាសនា-នេះ​បើ​យោង​តាម​​អ្នក​តំណាងរាស្រ្ត​ម្នាក់​នៃ​គណបក្ស​ប្រឆាំង​នៅ​ក្រុង​ Meiktila។

ជនជាតិភាគតិចរ៉ូហីងយ៉ាដែលភៀសចេញពីប្រទេស​ភូមា
ជនជាតិភាគតិចរ៉ូហីងយ៉ាដែលភៀសចេញពីប្រទេស​ភូមា REUTERS/Junaidi Hanafiah
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​ម្សិលមិញក្រោយពីមានអំពើហិង្សា​​ឈ្លោះ​ប្រកែកទាស់ទែង​គ្នាយ៉ាងខ្លាំងក្លាមួយ​​​នៅ​​​ផ្សារ​រវាងអ្នកលក់ជាអ្នកកាន់សាសនាអ៊ីស្លាម​និង​ក្រុមអ្នក​​ទិញ​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាស​នា​​​ អាជ្ញាធរ​ភូមា បាន​សម្រេចចិត្ត​​ដាក់​បំរាម​​គោចរ​ជា​បន្ទាន់​​ភ្លាម​នៅ​ក្រុង Meiktila ដែល​ស្ថិត​នៅ​ជិត​ តំបន់ Mandalay។

 មន្ត្រី​នគរ​បាល​ភូមា​ម្នាក់ ​បាន​ថ្លែង​ប្រាប់​ដល់​ទី​ភ្នាក់ងារព័ត៌មាន​បារាំង AFP ថា « ការ​​ដាក់​បម្រាម​គោចរ​​ដែលនៅតែ​បន្តជាធរមាន ចាប់ពី​តាំងពី​ម៉ោង​២០​ ​យប់​រហូត​ដល់​ម៉ោង​​៥​ព្រឹក​នេះ​ គឺ​​​ដោយហេតុ​តែ​​ស្ថានការណ៍​នៅក្នុងតំបន់ ​ធ្លាក់​ចុះដុនដាប​​និង​នៅ​​​ពុំ​ទាន់មាន​ភាព​ប្រក្រតីនៅ​ឡើយទេ។

អំពើ​ហិង្សា​ម្សិល​មិញ​នេះ ​បាន​សម្លាប់​​មនុស្ស​​ពីរ​នាក់​ក្នុង​នោះក៏​មាន​ព្រះសង្ឃ​មួយ​អង្គដែរ និង​បាន​​បណ្តាល​ឲ្យ​វិហារ​សាសនា​អ៊ីស្លាម​៣​កន្លែង​ត្រូវវិនាស​​អន្តរាយ។ គេនៅតែ​ពុំទាន់​មាន​​តួ​លេខ​​ជា​ផ្លូវការណ៍ណាមួយនៅឡើយទេ​នៅ​​​​ថ្ងៃ​ព្រហស្បតិ៍​២១​មីនា​នេះ។ លោក Win Htein អ្នក​តំណាងរាស្ត្រ​នៃ​បក្ស​ប្រឆាំង​ភូមារបស់​លោក​ស្រី​ស៊ូជី បាន​ថ្លែង​​បញ្ជាក់​ថា ​គឺ​ជា​ភាព​តានតឹង​មួយ​​​រវាង​សហគមន៍​សាសនានៅក្រុង​ Meiktila ​នេះ ដែល​មាន​ប្រជាជនរស់នៅចំនួន​៨​ម៉ឺន​នាក់​ក្នុងនោះ៣​ម៉ឺននាក់ ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាមនិងបាន​រួម​រស់​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត​មក​ទល់​ពេលនេះ។

ឧប្បត្តិហេតុ​ទាំង​​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​មួយដែល​ទំនាក់​ទំនង​រវាង​សហគមន៍​​ពុទ្ធសាសនា​និង​សហគមន៍​អ៊ីស្លាម កំពុងតែមាន​ភាព​តាន​តឹងយ៉ាង​ខ្លាំង​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ខែ​​ចុង​ក្រោយ​នេះ។ ដោយអំពើ​ហិង្សា​ដ៏​សែន​សាហាវ ២​លើករវាង​សហគមន៍​​ពុទ្ធសាសនា​នៅ​រដ្ឋរ៉ាគីន​និង​សហគមន៍​សាសនា​អ៊ីស្លាម​ដែល​ជា​ជន​ជាតិ​ភាគ​តិច Rohingyas បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច ១៨០​នាក់​និង​មានជនភៀសខ្លួន​ជាង ១១ម៉ឺន​៥០០០​នាក់​នៅឆ្នាំ​២០១២​ក្នុង​រដ្ឋរ៉ាគីន​នៅភាគខាងលិចប្រទេសភូមា។

សូមបញ្ជាក់ថា ​ជន​ភៀស​ខ្លួន​តាម​ទូក ​រ៉ូហីងយ៉ា​ ​​ទាំង​ហ្វូង​ៗ បាននាំគ្នា​ចូល​មក​តាំង​ទី​លំនៅ​​ក្នុង​​ប្រទេស​ភូមា​​ដែល​ជា​ប្រទេស​មួយ ចាត់​ទុក​ព្រះពុទ្ធ​សាសនា​ជាវប្បធម៌​ជាតិ​របស់​ខ្លួន។
ម្យ៉ាងទៀត  រដ្ឋ​រ៉ាគីន មិនដែល​​ទទួល​ស្គាល់​ជន​ភាគតិចរ៉ូហីងយ៉ាឡើយ​ ដែល​មាន​គ្នា​ ៨០ ម៉ឺន​នាក់​រស់នៅ​​​ផ្តុំ​គ្នា​យ៉ាងណែនណាន់តាន់តាប់​នៅ​រដ្ឋរ៉ាគីន​។ ជំនាន់​​របបសឹកភូមា​ ​ជន​ភាគតិច​រ៉ូហីងយ៉ា ត្រូវ​បាន​បង្ក្រាប​អស់​រយៈ​ពេល​ជា​ច្រើន​​ទស្សវត្តន៍និងឥឡូវនេះ​ ​​​នៅ​តែ​ត្រូវ​បាន​ប្រជា​ជន​​ភូមា​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស ​ចាត់​ទុក ជា​ជន​អន្តោ​ប្រវេស្តន៍​ខុស​ច្បាប់ដដែល​។

ប្រជាជនភូមា ដែល​សុទ្ធ​សឹង​តែ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ​មិន​ដែល​លាក់​លាមអ្វី ឡើយ នូវ​កំហឹង​គំគួន​​ខ្លាំងរបស់​ខ្លួន​ទៅលើ​សហគមន៍​រ៉ូហីងយ៉ានេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ