អានតួអត្ថបទ
ចិន-ហ្វីលីពីន-សហភាពអឺរ៉ុប

ប្រធានាធិបតី​​ហ្វីលីពីន​​ធ្វើ​​ទស្សនកិច្ច​​នៅ​​អឺរ៉ុប​​រក​​បង្អែក ដើម្បី​​តតាំង​​ជាមួយ​​ចិន

ប្រធានាធិបតី​ហ្វីលីពីន លោក អាគីណូ បាន​ចាប់ផ្តើម​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ចាប់ពី​ថ្ងៃ​សៅរ៍​ ទី ១៣ កញ្ញា។ ក្រៅ​អំពី​គម្រោង រឹត​ចំណង​សាមគ្គីភាព និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ហ្វីលីពីន និង​ប្រទេស​មួយ​ចំនូន​ក្នុង​សហភាព​អឺរ៉ុប ប្រធានាធិបតី​ហ្វីលីពីន មាន​គម្រោង​ស្វែងរក​ការ​គាំទ្រ​ពី​ប្រទេស​អឺរ៉ុប ក្នុង​ការ​តទល់​ជាមួយ​ចិន ព្រោះថា​ចិន និង​ហ្វីលីពីន ដណ្តើម​គ្នា​កាន់កាប់​កោះ​មួយ​ចំនួន ស្ថិត​ក្នុង​តំបន់​ដែល​សំបូរ​ប្រេង​ក្នុង​បាត​សមុទ្រ។

លោក អាគីណូ ប្រធានាធិបតី​​ហ្វីលីពីន ថ្លែង​សន្ទរកថា នៅទី​បញ្ជាការកងទ័ព ក្នុងក្រុងម៉ានីល កាល​ពី​ខែ​សីហា ឆ្នាំ ២០១៤
លោក អាគីណូ ប្រធានាធិបតី​​ហ្វីលីពីន ថ្លែង​សន្ទរកថា នៅទី​បញ្ជាការកងទ័ព ក្នុងក្រុងម៉ានីល កាល​ពី​ខែ​សីហា ឆ្នាំ ២០១៤ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​ហ្វីលីពីន អាគីណូ បាន​ចាប់ផ្តើម​ធ្វើ​ទស្សនកិច្ច​នៅ​អេស្ប៉ាញ កាល​ពី​ថ្ងៃ សៅរ៍ ទី១៣​ មុន​នឹង​បន្ត​ទស្សនកិច្ច​នេះ​ទៅ​ប៊ែលហ្ស៊ីក បារាំង និង​អាល្លឺម៉ង់។ គួរ​បញ្ជាក់​ថា ពីមុន ប្រទេស​នៅ​អឺរ៉ុប​យល់​ថា ហ្វីលីពីន​គ្រាន់តែ​ជា​កូនអុក​របស់​អាមេរិក គ្មាន​ប្រយោជន៍​ធំដំ​សម្រាប់​​គេ​ទេ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញ​មាន​ក្រុមហ៊ុន សហគ្រាស​អឺរ៉ុប​មួយ​ចំនួន បាន​ចេញ​ទៅ​បោះ​ទុន​រកស៊ី​នៅ​ហ្វីលីពីន។

 
ទន្ទឹម​នឹង​គោលដៅ​រឹត​ចំណង​មិត្តភាព និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប លោក​អាគីណូ មក​នេះ​ក្នុង​គោលដៅ​សំខាន់​មួយទៀត គឺ​ចង់​បាន​ការ​ជួយ​ទំនុក​បម្រុង​ផ្លូវ​ការទូត​ របស់​ប្រទេស​អឺរ៉ុប ដូច​ជា​បារាំង អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប ដើម្បី​តទល់​ជាមួយ​ចិន។ ហ្វីលីពីន ក៏​ដូចជា​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់ កំពុង​មាន​ជម្លោះ​ជាមួយ​ចិន ក្នុង​ការ​ដណ្តើម​គ្នា​កាន់កាប់​កោះ​មួយ​ចំនួន ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ នៅ​ក្រោម​បាត​សមុទ្រ​នៅ​តំបន់​នោះ សម្បូរ​ទៅ​ដោយ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​យ៉ាង​សន្ធឹកសន្ធាប់។

សូម​រំលឹក​ផង​ដែរ​ថា ហ្វីលីពីន មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ ប្រមាណ​ជា ៦​ភាគរយ​ ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​អ្នក​វិភាគ​សង្កេត​ឃើញ​ថា ផល​វិជ្ជមាន​សេដ្ឋកិច្ច​បាន​ទៅដល់​តែ​មនុស្ស​មួយ​ចំនួន​តូច ដែល​ជា​ពួក​អ្នកមាន​តែ​ប៉ុណ្ណោះ។ ប្រជាជន​ហ្វីលីពីន​ជាង​មួយភាគបី រស់នៅ​ក្នុង​ភាព​តោកយ៉ាក​ជា​ទីបំផុត។ អំពើ​ពុករលួយ​ស៊ីរូង​ គឺជា​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​ធ្វើឲ្យ​ការ​បែងចែក​ការ​រីកចំរើន​សេដ្ឋកិច្ច​គ្មាន​សមភាព។ មួយ​វិញ​ទៀត ការ​អនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ នៅ​មាន​ភាព​ផុយស្រួយ​នៅ​ឡើយ។ ថ្នាក់​ដឹក​នាំ ក៏​ដូចជា​អ្នក​មាន​អំណាច សុទ្ធសឹង​តែ​ចេញ​ពី​ត្រកូល​អ្នកមាន​នៅ​ហ្វីលីពីន ហើយ​បក្ស​ពួក និង​គ្រូសារ​និយម​ជា​ដំបៅ​ ដែល​មាន​ក្នុង​សង្គម​ហ្វីលីពីន​ព្យាបាលមិនបាន។ តួយ៉ាង​ លោក ប្រធានាធិបតី អាគីណូ​ នេះ​ផ្ទាល់​តែម្តង គឺ​ជា​មនុស្ស​ដែល​មក​ពី​ត្រកូល​អ្នកមាន​ស្តុកស្តម្ភ។ ដើម្បី​អាច​បន្ត ​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ ឆ្នាំ២០១៦ លោក​អាគីណា ថា​នឹង​ធ្វើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ។ ស្តាប់​ទៅ គាត់​ចង់​កាត់កង តម្រឹម​រដ្ឋធម្មនុញ្ញ​ដូច​ជា​កាត់​ខោអាវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ