អានតួអត្ថបទ
ហុងកុង

ចលនា​និស្សិត​បដិសេធ​លែង​ចរចា​ជាមួយរដ្ឋាភិបាល​ហុងកុង ក្រោយ​អំពើ​ហិង្សា​លើ​បាតុករ​

ចលនា​បាតុកម្ម នៅ​ហុងកុង​បានឈាន​ចូល​ដល់​ដំណាក់​កាល​ថ្មី កាន់​តែ​តាន​តឹង។​ នៅ​យប់​ថ្ងៃ​សុក្រ​ទៅ ៣ តុលា ជា​លើក​ទី​មួយ​ ក្រោយ​ការ​បង្ក្រាប​របស់​ប៉ូលិស​លើ​បាតុករ ការ​ប៉ះទង្គិច​ហិង្សា​មួយ​ថ្មី​ទៀត​បាន​ផ្ទុះ​ឡើង​រវាងហ្វូង​និស្សិត​​ អ្ន​ក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ និង​​បណ្តាជន​ហុងកុង​ដែល​មិន​សប្បាយ​ចិត្ត​នឹង​ចលនា​បាតុកម្ម​និស្សិត។ ចលនា​និស្សិត​បាន​ចោទ​ប្រកាន់​ក្រុង​ប៉េកាំង​ថា​ជា​អ្នក​រៀប​ចំ​ប្រើ​មនុស្ស​​​ពី​ចម្ងាយ​​ឱ្យ​មក​បញ្ចេះ​​​​អំពើ​ហិង្សា​ និង​បាន​បដិសេធ​លែង​ធ្វើ​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​​ហុងកុង។

និស្សិត​នៅហុងកុង បន្ត​កាន់​កាប់​ផ្លូវ​និង​មជ្ឈមណ្ឌល​កណ្តាល​ក្រុង​
និស្សិត​នៅហុងកុង បន្ត​កាន់​កាប់​ផ្លូវ​និង​មជ្ឈមណ្ឌល​កណ្តាល​ក្រុង​ RFI/Heike Schmidt
ផ្សាយពាណិជ្ជកម្ម

 

បាតុករ​និស្សិត​នៅ​តែ​បន្ត​​បោះជំរំ​ កាន់កាប់​ទីតាំងផ្លូវ​ថ្នល់​​សំខាន់ៗ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​ទៀត​ និង​កំពុង​ចោទ​សួរ​ខ្លួន​ឯង​ថា​តើ​ក្រុម​មនុស្ស​ពាក់​មុខ​ បង្ក​អំពើ​ហិង្សាកាលពី យប់​​ ជា​នរណា ?! មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ អាយុ​ខ្ទង់​ហា ក្រុម​មនុស្ស​បិទ​មុខ​​បាន​ស្រែក​បណ្តេញ​ គប់​ដប រុះ​ជំរំ​តង់​ និង​បាន​ប្រើ​កម្លាំង​​មក​លើ​​ក្រុម​និស្សិត ... រហូត​ដល់​តែ​មាន​អន្តរាគមន៍​ពី​ប៉ូលិស។ មាន​មនុស្ស​១៩នាក់​ត្រូវ​ចាប់​ខ្លួន និង​អ្នក​របួស​ជាង​ដប់​នាក់។

ហេតុការណ៍ចម្លែក​ដែល​បាន​ជំរុញ​ឱ្យ​មេ​ដឹកនាំ​ចលនា​និស្សិត​ បង្ខំ​ចិត្ត​កាត់​ផ្តាច់​​ការ​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ហុងកុង​។ ​សម្រាប់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ គេ​មាន​សាក្សី​ច្រើន​អាច​​​ចោទ​ប្រកាន់​បាន​ថា​រដ្ឋាភិបាល​ហុងកុង និង​ប៉េកាំង ​ជា​អ្នក​រៀប​ចំ ញុះញង់​ឱ្យ​មាន​ឆាកឈុត​ហិង្សាដោយ​​បាន​ប្រើ​ពួក​Mafia មក​បំបែក​ហ្វូង​បាតុករ។ ក្រុមMafia រកស៊ី​ជួញ​ដូរ​អាភៀន​ ពេស្យចារ លាង​លុយ តែ​មក​ដល់​ហុងកុង​​បាន​ធ្វើ​វិនិយោគកាន់​តែ​ច្រើនឡើងៗ​ក្នុង​វិស័យ​អចលនទ្រព្យ​និង​​ហិរញ្ញវត្ថុ។​ អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International បាន​ថ្កោល​ទោស​ភាព​ស្ពឹក​ស្រពន់​របស់​​​​ក្រុម​ប៉ូលិសដែល​​បាន​​ចេញ​បង្ក្រាប​យ៉ាង​ស្លូត​បូត​បំផុត​ បណ្តោយ​ទុក​ឱ្យ​ជន​បិទ​មុខ​បំផ្លិច​បំផ្លាញ​និង​ធ្វើ​បាប​និស្សិត​ក្មេង​ស្រេចចិត្ត។

ប៉ុន្តែ​អាជ្ញាធរ​ហុងកុង​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ និង​បាន​អះអាង​ថា​គ្មាន​ទំនាក់​ទំនង​ ឬ​ខ្ចី​ដៃ​ពួក​​Mafiaចិន​ ដើម្បី​មក​បំបែក​បាតុករ​ឡើយ។ ចំណែក​ខាង​ប៉េកាំង​វិញ ក្រៅ​ពី​ការ​បិទ​ខ្ទប់​ ហាមឃាត់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ អស់​មួយ​សប្តាហ៍​មិន​ឱ្យ​បរិយាយ​អំពី​ហេតុការណ៍​បាតុកម្ម​នៅ​ហុងកុង របប​កុម្មុយនិស្ត​បាន​ចេញ​បំពង​ឃោសនា​នយោបាយ ទម្លាក់​កំហុស​​លើ​ចលនា​បាតុកម្ម​ លើក​ឡើង​អំពី​ផលវិបាក​ដែល​បង្ក​ឡើយ​ដោយ​ចលនា​​​និស្សិត​ ទៅ​លើ​សេដ្ឋកិច្ច​ហុងកុង ៖ សាលា​រៀន​បិទ មធ្យោបាយ​ធ្វើ​ដំណើរ​រអាក់រអួល ចំនួន​ទេសចរ​ធ្លាក់​ចុះ​ ភាគហ៊ុន​បាត់​តម្លៃ ប្រជាជន​មិន​សប្បាយចិត្ត​ អនាគត​ហុងកុង​កំពុង​រង​ការ​គំរាម​កំហែងយ៉ាង​ខ្លាំង​។
គ្រប់​សារព័ត៌មាន​ផ្លូវការ​ចិន ចាប់​ផ្តើម​បំផុស​ព័ត៌មាន​ថា​ចលនានិស្សិត​ហុងកុង​ ចម្លង​​ទ្រឹស្តី​ពីបរទេស​ ចង់​ទាមទារ​ឯករាជ្យ​ឱ្យ​ហុងកុង។ ពាក្យ​ចចាម​អារាម​​មួយ​ទៀត​ដែល​គ្មាន​ចុះផ្សាយ​ក្នុង​ទំព័រ​កាសែត​ចិន នោះ​គឺ​សង្គ្រាម​បក្ស​ពួក​។ ដោយខ្លាច​​រង​ផល​ប៉ះពាល់​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ​ មេដឹកនាំ​ចិន​ពុករលួយ​ខ្លះ​ទំនង​ជា​ចង់​ឃើញ​ហុងកុង​រង្គោះរង្គើ​ ជះ​ឥទ្ធិពល​ដល់​ចិនដីគោក ពោល​គឺ​កាត់​បន្ថយ​អំណាច​របស់​រដ្ឋាភិបាល​កណ្តាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ