អានតួអត្ថបទ
ហុងកុង-ចិន

មេ​ដឹកនាំ​ហុងកុង​ថា ក្រុម​បាតុករ​ប្រឹង​យ៉ាងណា​ក៏​គ្មាន​សង្ឃឹម​ដែរ

បន្ទាប់​ពី​រដ្ឋាភិបាល​ហុងកុង​បាន​លប់ចោល​ ការ​ចរចារ​គ្នា​ជាមួយ​ក្រុម​បាតុករ​ប្រជា​ធិបតេយ្យ ហ្វូង​បាតុករ​បាន​ធ្វើ​ការ​ជួបជុំ​គ្នា​ជា​ថ្មី ឡើងវិញ​ដើម្បី​បន្ត​ការ​តវ៉ា។ លោក ឡឹង ឈុនយីង មេ​ដឹកនាំ​រដ្ឋាភិបាល​ហុងកុង បាន​និយាយ​ថា ទោះបី​ជា​ក្រុម​បាតុករ​ប្រឹងប្រែង​យ៉ាង​ណា ក៏​ពួក​គេ​ គ្មាន​សង្ឃឹម​ថា​អាច​ធ្វើឲ្យ​ក្រុង​ប៉េកាំង​ ផ្លាស់ប្តូរ​ចិត្ត​បាន​ឡើយ ហើយ​មួយ​វិញ​ទៀត លោក​នឹង​មិន​ចុះចេញ​ពី​តំណែង​ ជា​ដាច់ខាត។

លោក ឡឹង ឈុនយីង ប្រមុខ​​ដឹកនាំ​​រដ្ឋាភិបាល​​ហុងកុង
លោក ឡឹង ឈុនយីង ប្រមុខ​​ដឹកនាំ​​រដ្ឋាភិបាល​​ហុងកុង REUTERS/Bobby Yip/Files
ផ្សាយពាណិជ្ជកម្ម

លោក​ឡឹង ឈុនយីង មេ​ដឹកនាំ​រដ្ឋាភិបាល​ហុងកុង​បច្ចុប្បន្ន បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​ នៃ​ការ​រិះគន់​របស់​ក្រុម​បាតុករ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ហុងកុង។ ក្រុម​បាតុករ បាន​ចោទ​លោក​ថា ជា​កូនអុក​របស់​ប៉េកាំង ដែល​ធ្វើ​អ្វី​តាម​តែ​គណៈបក្ស​កុម្មុយនិស្ត​ចិន​បញ្ជា។ លើស​ពី​នេះ មេ​ដឹកនាំ​រូប​នេះ មាន​រឿង​អាស្រូវ​ថា​បាន​ទទួល​លុយ​ជាច្រើន​លាន​ដុល្លារ​ ពី​ក្រុមហ៊ុន​អូស្រ្តាលី​មួយ ដើម្បី​បាន​ការ​អនុញ្ញាត​ឲ្យ​បើក​ផ្លូវ​រកស៊ី​នៅ​ហុងកុង។

មិន​ត្រឹម​តែ​មិន​បាន​ចេញ​មុខ​មក​បំភ្លឺ ទាក់ទិន​ទៅ​នឹង​រឿង​អាស្រូវ​នេះ ផ្ទុយ​ទៅ​វិញ លោក ឡឹង ឈុនយីង បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​នឹង​មិន​ចុះចេញ​ពី​តំណែង​ជា​ដាច់​ខាត  ហើយបើ​ទោះ​ជា​ក្រុម​បាតុករ​ប្រឹងប្រែង​បន្ត​ធ្វើ​បាតុកម្ម​យ៉ាងណា​ក៏​ដោយ ក៏​ពួកគេ​គ្មាន​ថ្ងៃ​ អាច​ធ្វើឲ្យ​ក្រុង​ប៉េកាំង​ ផ្លាស់ប្តូរ​ការ​សម្រេច​ចិត្ត​បាន​ឡើយ។ លោកឡឹង បាន​បន្ត​ថា បើសិន​ជា​ក្រុម​បាតុករ​ដាក់​លក្ខខណ្ឌ ឲ្យមាន​ការ​បោះឆ្នោត​ដោយ​សេរី​នៅហុងកុង តែ​លក្ខខណ្ឌ​ទាំងនោះ​ វា​បាន​ជាន់ឈ្លី​គោលការណ៍​គ្រិះ​របស់​ចិន នោះ​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនិស្ត​ប៉េកាំង គ្មាន​ថ្ងៃ​យល់​ព្រម​ឡើយ។

សូម​រំលឹក​ថា អាជ្ញាធរ​តំណាង​រដ្ឋាភិបាល​ហុងកុង បាន​លប់ចោល​នូវ​គំរោង​ជួប​ចរចារ​គ្នា​ជាមួយ​ក្រុម​បាតុករ ដោយ​បាន​ចោទ​ប្រកាន់​ថា ក្រុម​បាតុករ​គ្មាន​ចេតនា រំសាយ​ការ​ធ្វើ​បាតុកម្ម ព្រោះ​ពួក​គេ​នៅ​តែ​អំពាវនាវ ឲ្យ​មនុស្ស​ម្នា​មក​ចូល​រួម។ ថ្លែង​ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍ លោក​ឡឹង ឈុនយីង បាន​បន្ថែម​ថា នគរបាល​ហុងកុង នៅ​មិនទាន់​បាន​ប្រើ​កម្លាំង​ដើម្បី​រំសាយ​ការ​តាំងទី​របស់​ក្រុម​បាតុករ​ទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញាធរ​អស់​ការ​អត់ធ្មត់ លោក​ថា អាជ្ញាធរ​នឹង​ប្រើ​ធម៌ក្តៅ ដើម្បី​បញ្ចប់​បាតុកម្ម។ ទោះ​បី​ជា​យ៉ាងណា ក្រុម​បាតុករ ដែល​ភាគច្រើន​ជា​សិស្ស​និស្សិត ដែល​មាន​គ្នា​ជា​ច្រើន​ពាន់​នាក់ បាន​បន្ត​វិល​ត្រលប់​ទៅ​ទី​កន្លែង​តវ៉ា​ជា​ថ្មី ហើយ​បាន​ប្តេជ្ញា​ថា​ ពួក​គេ​មិន​រួញ​រា នឹង​ការ​គំរាម​កំហែង​ជា​ដាច់​ខាត ហើយ​ថា ការ​តវ៉ា​នឹង​រីក​កាន់តែ​ធំ​ឡើងៗ  បើសិន​អាជ្ញាធរ​ប្រើប្រាស់​កម្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ