អានតួអត្ថបទ
កម្ពុជា

ជន​រងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម អះ​អាង​ថា​មាន​សម្ពាធ​ច្បាប់​នៅ​តុលាការ​

ជន​រងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី បាន​ប្រកាស​ថា ខ្លួន និង​មេធាវី ទទួល​សម្ពាធ​ច្បាប់ បាត់បង់​ឱកាស មិន​អាច​និយាយ​ស្តី លើក​បង្ហាញ​ពី​ការ​ឈឺចាប់​បាន​ឡើយ។ តាម​ជន​រងគ្រោះ សម្ពាធ​ច្បាប់​នៅ​តុលាការ​ខ្មែរក្រហម ធ្វើ​ឡើង​ដោយ​មេធាវី​នាំ​មុខ បរទេស ដែល​បាន​ប្រើ​វិធី វាស់​ដី​ឲ្យ​ដើរ តាមរយៈ​ការ​ហាមឃាត់ មិន​ឲ្យ​មេធាវី​របស់​ជន​រងគ្រោះ លើក​យក​បញ្ហា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ មក​និយាយ​ក្នុង​សាលាក្តី​ឡើយ។

ជន​រងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម អះ​អាង​ថា​មាន​សម្ពាធ​ច្បាប់​នៅ​តុលាការ​។
ជន​រងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម អះ​អាង​ថា​មាន​សម្ពាធ​ច្បាប់​នៅ​តុលាការ​។ RFI/លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

តំណាង​ឲ្យ​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម ជាដើម​បណ្តឹងរដ្ឋប្បវេណី ២០ រូប ហើយ​មាន ៨ រូប ជា​ខ្មែរ រស់នៅ​ប្រទេស​បារាំង លោក ឆាយ ហុក​ផេង ជា​ចៅក្រម​នៅ​ប្រទេស​បារាំង បាន​ថ្លែង​សារទុក្ខ​ចំពោះ​មុខ​អ្នកកាសែត កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី១វិច្ឆិកា​នេះ។ លោក ឆាយ ហុក​ផេង បាន​អះអាងថា មេធាវី​នាំមុខ​បរទេស បាន​ហាមឃាត់ មិន​ឲ្យ​មេធាវី​របស់​ជនរងគ្រោះ ជាដើម​បណ្តឹងរដ្ឋប្បវេណី លើកយក​បញ្ហា​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ មក​និយាយ​ក្នុង​សាលាក្តី កាល​ពី​ថ្ងៃ​ទី​១៦​តុលា។

 
មេធាវី​នាំមុខ មាន​ពីររូប ជាតិ និង​បរទេស ដើម្បី​គ្រប់គ្រង​លើ​ក្រុម​មេធាវី​ជាតិ និង​បរទេស ដែល​ការពារ​ជនរងគ្រោះ។ ការហាមឃាត់​របស់​មេ​ធា​វី​នាំមុខ​បរទេស​ដូច្នេះ ត្រូវបាន​លោក ឆាយ ហុក​ផេង ដែលជា​ចៅក្រម នៅ​ប្រទេស​បារាំង ចាត់ទុកថា ជា​អំពើ​ផ្តាច់ការ និង​ហ៊ុំព័ទ្ធ​សិទ្ធិ​របស់លោក ជា​ជនរងគ្រោះ។

ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ក្នុង​របប​ខ្មែរក្រហម ត្រូវបាន​លោក ឆាយ ហុក​ផេង លើកឡើងថា បានកើត​ឡើងលើ​ប្រជាជន​ថ្មី ឬ​ប្រជាជន ១៧មេសា ដែល​រង​ការជម្លៀស​ដោយ​បង្ខំ មិន​ត្រឹមតែ​កើត​ឡើងលើ​ប្រជាជន​ចាម វៀតណាម និង​ខ្មែរ​កម្ពុជា​ក្រោម ដូច​តុលាការ​បានកំណត់​នោះទេ។

ចំណែក​លោក​មេធាវី ហុង គឹម​សួន ដែល​ការពារ​ក្តី​ជនរងគ្រោះ រួមទាំង​ការពារ​ក្រុម​លោក ឆាយ ហុក​ផេង បាន​ត្អូញត្អែរ​ពី​ការ​រឹតត្បិត តាមរយៈ​ការគ្រប់គ្រង​ពី​មេធាវី​នាំមុខ នៅ​សាលាក្តី។ តាម​លោក​មេធាវី រាល់​ឯកសារ​ភស្តុតាង និង​ការឡើង​ថ្លែងការណ៍ ជាដើម ត្រូវតែមាន​ការអនុញ្ញាត យល់ព្រម​ពី​មេធាវី​នាំមុខ។

មេធាវី​នាំមុខ​នៅ​សាលាក្តី​ខ្មែរក្រហម មិនអាច​ទាក់ទង​បានទេ នៅថ្ងៃនេះ។ ប៉ុន្តែ​ការកំរិត​ដែន​កំណ​ត់នៃ​ការនិយាយស្តី​របស់​ក្រុម​មេធាវី​ការពារ​ជនរងគ្រោះ និង​ការយល់ព្រម​លើ​សំណើ​ឯកសារ ដាក់​ទៅកាន់​សាលាក្តី ជាដើម​នោះ គឺ​មេធាវី​នាំមុខ អនុវត្ត​តាមច្បាប់ និង​សេចក្តីណែនាំ​របស់​ចៅក្រម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ