អានតួអត្ថបទ
ចិន-អាមេរិក

អាមេរិក និង​ចិន​នឹង​ជៀស​មិន​ផុត​ពី​ការប្រជែងគ្នា​ក្នុង​រឿង​បង្កើត​តំបន់​ដោះដូរ​សេរី

នៅ​មុន​​ជំនួប​កំពូល​អង្គការ​APECបើក​ធ្វើ នៅថ្ងៃ​ចន្ទ នៅទីក្រុង​ប៉េកាំង ចិន និង​អាមេរិក បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​​ការខ្វែង​គំនិត​គ្នា។ កាលពីថ្ងៃ​អាទិត្យ មន្រ្តី​ជាន់ខ្ពស់​របស់​អាមេរិក​ម្នាក់បាន​អះអាង​ថា គម្រោង​បង្កើត​តំបន់ដោះដូរ​សេរី​ដែល​​ចិន​ស្នើ​ឲ្យ​លើក​ទៅ​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​APECនោះ គ្រាន់តែ​គំនិត​សម្រាប់​អនាគត​វែង​ទៅមុខ ប៉ុន្តែ វា​នឹង​មិនអាច​ចេញរូបរាង​ដើម្បី​ទៅ​​ប្រកួត​ប្រជែង​នឹង​គម្រោងអន្តរប៉ាស៊ីហ្វិក​​ដែល​អាមេរិក​បាន​បង្កើត​ឡើង​​រួចហើយ​នោះទេ។  

ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅក្នុង​កិច្ចប្រជុំ​ដែល​បើក​ធ្វើ​មួយ​ថ្ងៃ​មុន​ជំនួប​កំពូល​APEC នៅទីក្រុង​ប៉េកាំង
ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅក្នុង​កិច្ចប្រជុំ​ដែល​បើក​ធ្វើ​មួយ​ថ្ងៃ​មុន​ជំនួប​កំពូល​APEC នៅទីក្រុង​ប៉េកាំង ©REUTERS/Wang Zhao/Pool
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទីពីរ ចិន​មិន​ខ្លាច​​នឹង​ធ្វើ​នយោបាយ​ដើម្បី​ប្រជែង​យ៉ាង​ចំៗ​ជាមួយ​សហរដ្ឋ​អាមេរិក។ កាលពីថ្ងៃ​សៅរ៍ ទីក្រុង​ប៉េកាំង​បាន​ស្នើ​គម្រោង​បង្កើត​តំបន់​ដោះដូរ​សេដ្ឋកិច្ច​ពិសេស​ក្នុង​តំបន់អាស៊ី​ប៉ាស៊ីហ្វិក ទៅ​ឲ្យ​តំណាង​ប្រទេស​ទាំង​២១​របស់​អង្គការAPEC​បោះឆ្នោត​គាំទ្រ។ ទាំង​ឈ្មោះ និង​ទិសដៅ​របស់​គម្រោង​ស្នើ​ដោយ​ប្រទេស​​ចិន​ គឺ​ដូចគ្នា​សឹង​ទាំងស្រុង ទៅ​នឹង​តំបន់​ដោះដូរពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក ​ដែល​អាមេរិកដឹកនាំ។

 
​នៅក្នុង​គម្រោង​ដោះដូរ​ពាណិជ្ជកម្ម​សេរី ឬ ដៃគូ​អន្តរ-ប៉ាស៊ីហ្វិក Partenariat Trans-Pacifique (TPP)​ ដែល​អាមេរិក​ជា​អ្នកផ្តួច​ផ្តើម​គំនិត មាន​ចូលរួម​ពី​ប្រទេស​ចំនួន ១២​ ដែល​ជា​សមាជិក​របស់​អង្គការ​APEC ដូចជា​ជប៉ុន អូស្ត្រាលី វៀតណាម​ជា​ដើម ប៉ុន្តែ គ្មាន​ចិន​នោះទេ។ កាលពី​ខែ​កញ្ញា​ឆ្នាំមុន ទីក្រុង​ប៉េកាំង​ធ្លាប់បាន​បង្ហាញ​ចេតនា​ចង់​ចូលរួម​នៅក្នុង​គម្រោង​ដោះដូរ​ពាណិជ្ជកម្ម​ ដៃគូរ​អន្តរប៉ាស៊ីហ្វិករបស់​អាមេរិកដែរ ប៉ុន្តែ ដោយសារ​តែ​ត្រូវ​គោរព​លក្ខខណ្ឌ​ច្រើនពេក ប៉េកាំង​បាន​សម្រេច​​ដកឃ្លា​មកវិញ។ ម្យ៉ាង​ដោយ​មើលឃើញថា អាមេរិក​តាមរយៈ គម្រោងដៃគូ​អន្តរប៉ាស៊ីហ្វិក ចង់​បោះយុថ្កា​ ដណ្តើម​ចំណែក​សេដ្ឋកិច្ច​របស់ចិន​នៅក្នុង​តំបន់ ចិន​បាន​សម្រេច​ងាក​ទៅ​បង្កើត​គម្រោង​ថ្មី​មួយ ដែល​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា នឹង​ដើរតួ​ជា​​គូប្រជែង ដើម្បី​​អូសទាញប្រទេស​ដៃគូ​របស់​​​​អាមេរិក។

សូមបញ្ជាក់ថា នៅក្នុង​​សេចក្តី​ប្រកាស​ដែល​ជា​អត្ថបទព្រាង​នៅឡើយ និង​​​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​បាន​ទទួល ​កាលពីថ្ងៃ​អាទិត្យ រដ្ឋាភិបាល​ចិន​មាន​បំណង​ចង់​ឲ្យ​កិច្ច​ប្រជុំ​លើក​យកគម្រោង​បង្កើត​តំបន់​ដោះដូរ​សេរី​របស់ខ្លួន ​ទៅសិក្សាលម្អិត។ ប៉ុន្តែ សំណើនេះ​ត្រូវ​អាមេរិក​ប្រឆាំង ដោយ​ហេតុផលថា តាមទម្លាប់ ប្រសិន​បើគេ​សិក្សា​ទៅគម្រោង នោះ​មាន​ន័យ​ថា គេ​អាច​​ឈានទៅដល់​ការចរចា​បង្កើត​​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរីមួយ។

តាម មន្រ្តីតំណាង​​ពាណិជ្ជកម្មអាមេរិក គម្រោង​របស់​ចិន នឹង​មិន​ត្រូវ​គេ​លើក​យក​ទៅ​សរសេរ​នៅក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ​APEC​ ដែល​គេ​ត្រូវបញ្ចេញ​ឲ្យ​ឃើញ​នៅ​ថ្ងៃ​បិទបញ្ចប់​នៃ​ជំនួប​កំពូល​នៅថ្ងៃ​អង្គារ​ទេ ព្រោះ​វា​ជា​គម្រោងទៅ​ថ្ងៃ​​អនាគត សម្រាប់​អភិវឌ្ឍ​ក្នុង​​តំបន់។ សម្រាប់មន្រ្តី​អាមេរិកខាងលើ នៅក្នុង​អំឡុងពេលនេះ គេគួរ​ផ្តោត​ពិភាក្សា​ទៅលើ​​​គម្រោង​បង្កើតតំបន់​ពាណិជ្ជកម្ម​ អន្តរប៉ាស៊ីហ្វិក​របស់​អាមេរិក ដែល​ជា​គម្រោងកំពុង​​មាន​ស្រាប់​រួចហើយនោះ៕ ​

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ