អានតួអត្ថបទ
អ៊ុយក្រែន

លោក​អាសេនី៖​អ៊ុយក្រែននឹង​​​​មិន​យល់ព្រម​​ប្រគល់​​ដី​​ឲ្យ​រុស្ស៊ី​​ជា​ដាច់ខាត​ សូម្បី​​១​សង់ទីម៉ែត្រ​​ក្តី​

នៅ​ថ្ងៃ​អាទិត្យ ទី៩ មីនា លោក​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន​ អាសេនី (Arseni) បាន​ថ្លែង​ថា អ៊ុយក្រែន​នឹង​មិន​យល់ព្រម​ប្រគល់​ដី​ឲ្យ​រុស្ស៊ី​ជា​ដាច់​ខាត សូម្បី​តែ ១សង់ទីម៉ែត្រ​ក៏​គ្មាន​ដែរ។ ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​អ៊ុយក្រែន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​តំបន់​ស្វ័យត​គ្រីមេ​របស់​អ៊ុយក្រែន​ត្រូវ​បាន​កងទ័ព​រុស្ស៊ី​ចូល​កាន់កាប់​តំាង​ពី​ដំណាច់​ខែ​កុម្ភៈ​កន្លង​ទៅ។ លោក​អាសេនី​ដែល​គ្រោង​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​ដើម្បី​និយាយ​ពី​វិបត្តិអ៊ុយក្រែន ពិសេស​ដែនដី​គ្រីមេ​ដែល​រុស្ស៊ី​កំពុង​ទន្ទ្រាន​យក។

លោក​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន​យូក្រេនៀន អាសេនី (Ukrainien Arseni)
លោក​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន​យូក្រេនៀន អាសេនី (Ukrainien Arseni) REUTERS/Laurent Dubrule
ផ្សាយពាណិជ្ជកម្ម

« គឺ​ជា​ទឹកដី​របស់​យើង​ដែល​យើង​នឹង​មិន​ប្រគល់​ឲ្យ​ជា​ដាច់ខាត សូម្បី​តែ​១សង់ទីម៉ែត្រ​ក៏​ដោយ​ក្តី។ ចូរ​ប្រទេស​រុស្ស៊ី និង​ប្រធានាធិបតី​ពូទីន​យល់​ឲ្យ​បាន​ច្បាស់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ុយក្រែន​អាសេនី (Arseni) ក្នុង​ឱកាស​ពិធី​ប្រារព្ធ​ខួបកំណើត​ទី ២០០ឆ្នំា​របស់​កវី​អ៊ុយក្រែន​ដ៏​ល្បី​ឈ្មោះ​ម្នាក់ គឺ​លោក តារាស ឆឺវឆេនកូ (Taras Chevtchenko) ដែល​ជា​និមិត្តរូប​នៃ​ឯករាជ្យភាព​ប្រទេស​អ៊ុយក្រែន។ លោក​អាសេនី​បាន​គូស​បញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​ទីក្រុង​គៀវ​នឹង​ព្យាយាម​ដោះស្រាយ​វិបត្តិ​តាម​ផ្លូវ​នយោបាយ និង​ការទូត

សម្រាប់​លោក​អាសេនី អ៊ុយក្រែន​បាន និង​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្រ្ត​មួយ​តំាង​ពី​ខ្លួន​បាន​ទទួល​ឯករាជ្យ​មក។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ុយក្រែន​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​សហរដ្ឋអាមេរិក និង​ប្រទេស​អង់គ្លេស​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដែល​អាច​ធ្វើ​បាន ដើម្បី​ជួយ​រក្សា​ការពារ​ឯករាជ្យភាព​របស់​អ៊ុយក្រែន។ យោង​តាម​លោក​អាសេនី គឺ​អាមេរិក និង​អង់គ្លេស​នេះ​ហើយ​ដែល​បាន​ចេញ​មុខ​ធានា​រ៉ាប់រង​នូវ​បូរណភាព​ដែនដី​អ៊ុយក្រែន នៅ​ពេល​ដែល​អតីត​រដ្ឋសហភាពសូវៀត​មួយ​នេះ​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ឆ្នំា ១៩៩៤។

ចំណែក​លោក​ប្រធានាធិបតី​ស្តីទី​អ៊ុយក្រែន​អូឡិចសង់ ទួរឈីនូវ (Olexandre Tourtchinov) បាន​គូសបញ្ជាក់​ថា ពាក្យ​មួយ​ឃ្លា​ដ៏​ល្បីល្បាញ​របស់​កវី តារាស ឆឺវឆេនកូ (Taras Chevtchenko) ដែល​ថា « ចូរ​អ្នក​ក្រោក​ឡើង​តស៊ូ អ្នក​ប្រាកដ​ជា​បាន​ទទួល​ជោគជ័យ » បាន​ក្លាយ​ជា​ពាក្យ​ស្លោក​របស់​រដ្ឋអំណាច​ថ្មី​នៃ​សម័យ​អ៊ុយក្រែន​បច្ចុប្បន្ន។ គឺ​កវី​តារាស ឆឺវឆេនកូ (Taras Chevtchenko) រូប​នេះ​ឯង​ដែល​កាល​ពី​សតវត្សទី១៩ បាន​បរិហារ​ពី​ទង្វើ​ជិះជាន់​សង្កត់សង្កិន​របស់​រស្ស៊ី​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន។

នៅ​ក្នុង​ឱកាស​ពិធី​ប្រារព្ធ​ខួបកំណើត​ទី ២០០ឆ្នំា​របស់​កវី​អ៊ុយក្រែន​តារាស ឆឺវឆេនកូ (Taras Chevtchenko) នា​ថ្ងៃ​អាទិត្យ​ម្សិលមិញ មាន​ប្រជាជន​អ៊ុយក្រែន​រាប់ពាន់​នាក់​បាន​ជួបជុំ​គ្នា​នៅ​ពី​មុខ​រូបសំណាក​លោក​តារាស ឆឺវឆេនកូ ដោយ​បាន​នំា​គ្នា​ច្រៀង​ភ្លេង​ជាតិ ព្រម​ទំាង​ធ្វើ​ការ​ស្មឹងស្មាធ​​រយៈពេល ១នាទី​ដើម្បី​គោរព​វិញ្ញាណក្ខន្ទ​ចំពោះ​ជនរងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ប្រឆំាង​លោក​ប្រធានាធិបតី​អ៊ុយក្រែន​លំអៀង​ខាង​រុស្ស៊ី វិកទ័រ អ៊ីយ៉ានូកូវិច​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ក្បួនបាតុកម្ម​របស់​ក្រុមអ្នកគំាទ្រ និង​អ្នកស្រឡាញ់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Donetsk៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ