អានតួអត្ថបទ
ស៊ីរី

ពិភពលោក​បែរ​ខ្នង​ដាក់​​សង្គ្រាម​ស៊ីវីល​នៅ​ស៊ីរី​ដែល​សម្លាប់​មនុស្ស​ជិត​ ២០ម៉ឺន​នាក់

យោង​តាម​តួលេខ​ចុងក្រោយ​របស់​អគ្គស្នងការ​ជាន់ខ្ពស់​ការពារ​សិទ្ធមនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ សង្គ្រាម​​ស៊ីវីល​​នៅ​​ស៊ីរី​​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១១ បាន​សម្លាប់​មនុស្ស​​ជាង​១៩​ម៉ឺន​​នាក់​។ ចំនួន​មនុស្ស​ស្លាប់​ដ៏​សន្ធឹក​សន្ធាប់​បែប​នេះ​ក៏​ពិត​មែន ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ហាក់​ព្រងើយ​កន្តើយ មិន​អើពើ​ជួយ​ស្វែងរក​ដំណោះស្រាយ​ណាមួយ​ ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​ការ​កាប់​សម្លាប់​យ៉ាង​សេរី ទៅ​លើ​ប្រជាជន​ស្លូត​ត្រង់ ទាល់​តែ​សោះ។

ប្រជាជន​សែង​អ្នក​របួស​​ដោយសា​គ្រាប់​ផ្ទុះ​ក្នុង​ក្រុង​ឌូម៉ា ភាគ​ខាងកើត​ក្រុង​ដាម៉ាស ​រដ្ឋធានី​ស៊ីរី​ កាលពីថ្ងៃ ១៩ កក្កដា ២០១៤
ប្រជាជន​សែង​អ្នក​របួស​​ដោយសា​គ្រាប់​ផ្ទុះ​ក្នុង​ក្រុង​ឌូម៉ា ភាគ​ខាងកើត​ក្រុង​ដាម៉ាស ​រដ្ឋធានី​ស៊ីរី​ កាលពីថ្ងៃ ១៩ កក្កដា ២០១៤ REUTERS/Yousef Albostany
ផ្សាយពាណិជ្ជកម្ម

"មួយសែន ប្រាំបួនម៉ឺន មួយពាន់នាក់" នេះ​ជា​តួលេខ​ចុងក្រោយ​នៃ​ចំនួន​អ្នកស្លាប់ នៅ​ក្នុង​ប្រទេស​ស៊ីរី ដោយសា​តែ​សង្គ្រាម​ស៊ីវីល​អស់​រយៈពេល​ជាង​បីឆ្នាំ​មក​នេះ។ មាន​ន័យ​ថា មួយ​ថ្ងៃៗ មាន​អ្នក​ស្លាប់​​ចំនួន​១៨០​នាក់។ តួលេខ​នេះ បាន​កើនឡើង​មួយ​ទ្វេ​ជាពីរ​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ។ អ្នក​នាំ​ពាក្យ​ឲ្យ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា​ មនុស្ស​ស្លាប់​ច្រើន​ដល់​ថ្នាក់​នេះ​មែន​ពិត តែ​សហគមន៍​អន្តរជាតិ​ហាក់​មិន​យក​ភ្នែក​មើល និង​ត្រចៀក​ស្តាប់​ទាល់​តែ​សោះ។ លោក​បន្ត ថា​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​សហគមន៍​អន្តរជាតិ​គ្មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី​ទេ ទុក​ប្រជាពលរដ្ឋ​ស៊ីរី​ឲ្យ​រងទុក្ខ​វេទនា។

 
ដូចគ្នា​ដែរ លោកស្រី នាវី ភីល័យ អគ្គស្នងការ​នៃ​ឧត្តម​ស្នងការ​ការពារ​សិទ្ធិមនុស្ស​របស់ អង្គការ​សហប្រជាជាតិ បាន​ថ្លែង​រិះគន់​ថា គ្មាន​នរណា​អើពើ​នឹង​ចំនួន​មនុស្ស​ស្លាប់​នៅ​ស៊ីរី​ទាល់​តែសោះ។ លោកស្រី​បន្ថែម​ថា បច្ចុប្បន្ន​នេះ ប្រជាជន​ស៊ីរី​រាប់លាន​នាក់ រស់​ក្នុង​ភាព​ក្រីក្រ​ តោកយ៉ាក​ជាទីបំផុត ដោយសា​តែ​សង្គ្រាម ហើយ​ក្នុង​នោះ​ យ៉ាង​ហោចណាស់​ ៩លាន​នាក់ ដែល​ត្រូវ​ភៀសខ្លួន​ចោល​ផ្ទះសម្បែង​ ដោយសា​តែ​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ជីហាត។

សូម​រំលឹក​ថា នៅ​ស៊ីរីមាន​ផ្ទុះ​ការបះបោរ​ប្រឆាំង​នឹង​របប​លោក បាឆា អាល់អាសាដ កាល​ពី​ខែ​មិនា ឆ្នាំ២០១១។ អ្នក​ប្រឆាំង​មាន​ពីរ​ក្រុម ទីមួយ​ជា​ពួក​ឧទ្ទាម​បះបោរ និង​ក្រុម​មួយទៀត​ជា​ពួកជីហាត​អ៊ីស្លាម​និយមជ្រុល។ ពួក​នេះ​ត្រូវ​គេ​ដឹង​ថា​ ជា​ក្រុមផ្តាច់ការ ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ទៅ​លើ​ប្រជាជន​ស្លូតត្រង់។ បច្ចុប្បន្ន​ក្រុម​ជីហាត​នេះ បាន​គ្រប់គ្រង​ដែនដី​ស៊ីរី​មួយ​ភាគ​ធំ ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​វាយលុក​ កាន់កាប់​ដែនដី​មួយ​ចំណែក​ធំ​ទៀត​នៅ​អ៊ីរ៉ាក់។ គោល​បំណង​របស់​ពួក​នេះ គឺ​ប្រមែល​ប្រមូល​កាន់កាប់​ទឹកដី​ក្នុង​តំបន់​នោះ បង្កើត​ជា​រដ្ឋ​អ៊ីស្លាម​ផ្តាច់ការ​មួយ។

កន្លង​មក​ស្ថាប័ន​អន្តរជាតិ​បាន​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ការ​រក​ដំណោះស្រាយ​នៅ​ស៊ីរី ដោយសា រុស្ស៊ី​ និង​សហរដ្ឋ​អេមេរិក ខ្វែង​គំនិត​គ្នា។ រុស្ស៊ី​គាំទ្រ​រដ្ឋាភិបាល​លោក បាឆា អាល់អាសាដ ឯ​ចំណែក​អាមេរិក​វិញ គាំទ្រ​ពួក​ឧទ្ទាម។ ក្នុង​ពេល​ដែល​ប្រទេស​ធំៗ រវល់​តែ​ប្រកែក​គ្នា ប្រជាជន​ស៊ីរី​ជិត​២០ម៉ឺន​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​គ្មាន​នរណា​ចេញមុខ​មក​ទទួល​ខុសត្រូវ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ