អានតួអត្ថបទ
កម្ពុជា

អង្គការតម្លាភាព​បង្ហាញ​ពី​ស្ថានភាព​មិន​ប្រក្រតីមួយ​ចំនួន​​​ក្នុង​​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

ក្នុងរយៈពេល​យុទ្ធនាការ​ប្រមាណ​ជាង​២៥​ថ្ងៃ​កន្លង​មក​នេះ អង្គការ​តម្លាភាព​បាន​សង្កេត​ឃើញ​ថា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុនៗ មួយ​ចំនួន និង​ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​​បោះឆ្នោត ដែល ជា​ហេតុ​ធ្វើ​ឱ្យ​អង្គការ​ខាងលើ​មាន​ការព្រួយបារម្ភ​ក្នុង​ការប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី។

អង្គការ​តម្លាភាព​កម្ពុជា​​ផ្សព្វផ្សាយ​នៅថ្ងៃទី១ធ្នូ​ឆ្នាំ២០១១​ចំណាត់​ថ្នាក់​កម្ពុជា​ផ្នែក​អំពើ​ពុក​រលួយ
អង្គការ​តម្លាភាព​កម្ពុជា​​ផ្សព្វផ្សាយ​នៅថ្ងៃទី១ធ្នូ​ឆ្នាំ២០១១​ចំណាត់​ថ្នាក់​កម្ពុជា​ផ្នែក​អំពើ​ពុក​រលួយ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

អង្គការ​តម្លាភាព​កម្ពុជា​បាន​សំដែង​ការព្រួយ​បារម្ភ​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ជុំវិញ​យុទ្ទនាការ​ឃោសនា​បោះឆ្នោត និង​រឿង​លោក សម រង្ស៊ី មិនមាន​សិទ្ធិ​ចុះ​ឈ្មោះ និង​ឈរ​ឈ្មោះ​បោះឆ្នោត​បាន។

នៅ​ក្នុងសេចក្ដី​ថ្លែងការណ៍​មួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​​ទី​២៣ កក្កដា​នេះ បាន​បង្ហាញ​ថា​ស្ថានភាព​ក្នុង​កំឡុង​យុទ្ធនាការ​បោះឆ្នោត​ក្នុង​កំឡុង​ពេលជាង​៤​សប្តាហ៍​កន្លង​មក​នេះ បាន​បង្ហាញ​ថា មាន​ភាព​មិន​ប្រក្រតី​ចំនួន​២ ដែល​អង្គការ​បាន​ចាត់ទុក​ថា​ជា​ការគំរាមកំហែង​ផ្នែក​នយោបាយ​នៅ​តែ​បន្ត​ជា​បញ្ហា​ប្រឈម​មុខ។

កាលពីថ្ងៃទី៥ កក្កដា​មាន​ការបាញ់​កាំភ្លើង​ឡើង​ទៅ​លើ​មួយ​ដោយ​មន្ត្រី​យោធា ទៅ​លើ​ក្បួន​ដង្ហែ​​របស់​គណបក្ស​ប្រឆាំង​ក្នុង​រាជធានី​ភ្នំពេញ។ ហើយ​កាលពី​ថ្ងៃ​ទី​២០ កក្កដា​កន្លង​ទៅ មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​ត្រូវ​បាន​គេ​ចោទ​ថា​បាន​បាញ់​ទៅ​លើ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី។

ជាង​នេះ​ទៅ​ទៀត អង្គការ​ខាងលើ​បាន​លើក​ឡើងបន្ត​ថា ភាព​​មិន​ប្រក្រតី​បាន​កើតឡើង​មាន​មួយ​ចំនួន​ទៀត​ដែរ ដូចជា​ការ​រក​មិន​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ការទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ពី​សំណាក់​មន្ត្រី​បក្ស​នយោបាយ​ផ្សេងៗ អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ មន្ត្រី​សាធារណៈ​ឃោសនា​បោះឆ្នោត​ក្នុង​ម៉ោង​ការងារ ការប្រើប្រាស់​សម្បត្តិ​រដ្ឋ ការ​បំផ្លាញ​ស្លាក​គណបក្ស និង​ការរំខាន​ដល់​យុទ្ធនាការ​បោះឆ្នោត​ជាដើម។

នៅក្នុងនោះដែរ​អង្គការ​តម្លាភាព​កម្ពុជា ក៏បាន​លើក​ឡើង​ដែរ​ថា មាន​ការ​លំអៀង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សំណាក់ ស្ថានីយ៍​ទូរទស្សន៍​ឯកជន​មួយ​ចំនួន ទាក់ទង​នឹង​ការ​រាយការណ៍​ព័ត៌មាន​សម្រាប់​យុទ្ធនាការ​ឃោសនា​រក​សន្លឹក​ឆ្នោត។ ដោយ​គេ​បាន​រក​ឃើញថា​មាន​ការ​ការ​ផ្សាយ​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

អង្គការ​តម្លាភាព បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​និង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ.ជ.ប. ផ្ដល់​ការ​ធានា​ថា​វិទ្យុ FM ក្នុង​ស្រុក​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​នូវ​ព័ត៌មាន​របស់​ទាក់ទង​​នឹង​ការបោះឆ្នោត​របស់​វិទ្យុ​បរទេស​មួយ​ចំនួន ផង​ដែរ។

ក្នុងសេចក្តីថ្លែង​ការណ៍​ដដែល អង្គការ​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ឱ្យអនុវត្ត​​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធិភាព ជៀស​វាង​រាល់​អំពើ​ហិង្សា​នានា ដែល​អាច​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត។ ដោយ​លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​យល់ថា​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​ទេ ក្នុង​ដំណើរការ​បោះឆ្នោត​បែប​លទ្ធិ​ប្រជាធិបតេយ្យ លើកលែង​តែ​ការ​គូស​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ