អានតួអត្ថបទ
កម្ពុជា

កូដកម្ម​អត់​អាហារ​របស់​ព្រះអង្គ​ម្ចាស់​ធម្មិកោ​ចប់​ហើយ តែ​ការ​តវ៉ា​កំពុង​បន្ត​ធ្វើ

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​បាន​សម្រេច​បញ្ចប់​កូដកម្ម​បង្អត់​អាហារ​ហើយ​កាលពី​យប់មិញ​ក្រោម​ហេតុផល​ថា​ អាជ្ញាធរ​សមត្ថកិច្ច​បាន​រំខាន​ភាព​ស្ងប់ស្ងាត់​របស់​ព្រះអង្គ។ ​ប៉ុន្តែ​ កសកម្មភាព​តវ៉ា​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​បន្ត។ ​ក្រុម​អ្នកគាំទ្រ​គណបក្ស​នេះ​បាន​ដង្ហែ​ញត្តិ​តវ៉ា​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នៅព្រឹក​ថ្ងៃសៅរ៍​នេះ​ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ពន្យារពេល​កិច្ច​ប្រជុំ​សភា​ដំបូង​ និង​គាំទ្រ​ការមិន​ចូល​ប្រជុំ​របស់​គណបក្ស​ប្រឆាំង។

ព្រះ​អង្គម្ចាស់​ធម្មិកោ
ព្រះ​អង្គម្ចាស់​ធម្មិកោ ©rfi
ផ្សាយពាណិជ្ជកម្ម

ទីបំផុត​ទៅ​ ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​បាន​សម្រេច​បញ្ចប់​កូដកម្ម​អត់​អាហារ​របស់​ខ្លួន​ហើយ។​ អតីត​លេខា​ផ្ទាល់​ព្រះមហាវីរក្សត្រ​ដែល​ឥឡូវ​ក្លាយ​ជា​មន្ត្រី​បក្ស​ប្រឆាំង​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ​កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​បាន​ចុះទៅ​រារាំង​ព្រះអង្គ ​កាល​ពី​វេលា​ម៉ោង ​១០​ និង​ ៣០​ នាទី​យប់។

ព្រះអង្គម្ចាស់ ​ធម្មិកោ ​ដែល​បាន​បេ្តជ្ញា​ថា​នឹង​បង្អត់​អាហារ​ដោយ​គ្មាន​ថ្ងៃ​កំណត់​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​បញ្ហា​បោះឆ្នោត​នោះ​ ក៏​បាន​សម្រេច​បញ្ចប់​កូដកម្ម​តាំង​ពីពេល​នោះ​ដែរ​ បន្ទាប់​ពី​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​រយៈពេល ​១២​ ម៉ោង។ ​ព្រះអង្គ​ពន្យល់ថា ​កូដកម្ម​អត់​អាហារ​ត្រូវ​ការភាព​ស្ងប់ស្ងាត់ ​ដូច្នេះ​បើ​គ្មាន​ភាព​ស្ងប់ស្ងាត់​តែបែរ​ទៅ​ជា​កើត​មាន​អំពើ​ហិង្សា​ទៅ​វិញ​នោះ ​កូដកម្ម​នោះ​ក៏​គ្មាន​ន័យ​ដែរ។ ​សមាជិក​រាជវង្ស​អង្គ​នេះបន្ត​ថា​ ព្រះអង្គ​កំពុង​រិះរក​វិធី​ផ្សេង​ដើម្បី​សម្តែង​មតិ​តវ៉ា​ដោយ​សន្តិវិធី។

យ៉ាងណា​ក៏ដោយ​ ការតវ៉ា​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​មិនទាន់​បញ្ចប់​ត្រឹម​នេះ​ទេ។​ ក្រុម​អ្នកគាំទ្រ​គណបក្ស​នេះ​បាន​ដង្ហែ​ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​នៅ​ឯ​មុខ​ព្រះបរមរាជវាំង។ ​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ​២០​ ម៉ឺន​នាក់ នោះ​មាន​ន័យ​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​ពន្យារ​ពេល​កោះប្រជុំ​សភា​ដំបូង ​និង​គាំទ្រ​ការមិន​ចូល​ប្រជុំ​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ។​  

ញត្តិ​របស់​អ្នកគាំទ្រ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។ ​លោក ​សម​ រង្ស៊ី​ បាន​ទូលថ្វាយ​ព្រះមហាក្សត្រ​ថា​ ដរាបណា​នៅ​មិនទាន់​មាន​ការស្រុះស្រួល​គ្នា​រវាង​គណបក្ស​ទាំងពីរ​ទេ​ គណបក្ស​សង្គ្រោះជាតិ​នឹង​មិន​ចូល​ប្រជុំ​ឡើយ។ ​មេដឹកនាំ​បក្ស​ប្រឆាំង​ក៏បាន​រម្លឹក​ព្រឹត្តិការណ៍​ឆ្នាំ ​២០០៣​ ដែល​ព្រះករុណា​ព្រះបរម​រតនៈ​កោដ្ឋ ​សម្តេច​ព្រះ​នរោត្តម ​សីហនុ ​មិន​ចូល​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ទេ​ ពីព្រោះ​តែ​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ។

រហូត​មក​ទល់​ពេល​នេះ ​គេ​នៅ​មិនទាន់​ឃើញ​មាន​ព្រះរាជសារ​ឆ្លើយ​តប​របស់​ព្រះមហាក្សត្រ​ទៅ​កាន់​លោក ​សម រង្ស៊ី ​វិញ​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​ រដ្ឋសភា​បាន​ត្រៀម​រួច​រាល់​ហើយ​សម្រាប់​ការបើក​សម័យ​ប្រជុំ​សភា​ដំបូង​ក្រោម​ព្រះរាជអធិបតីភាព​របស់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​២៣​កញ្ញា​នេះ​បើទោះបី​ជា​គណបក្ស​សង្គ្រោះជាតិ​តវ៉ា​យ៉ាង​ណា​ក៏ដោយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ