អានតួអត្ថបទ
កម្ពុជា

ស្រូវ​ខ្មែរ​អាច​ឡើងថ្លៃ​ដោយសារ​នយោបាយ​ថ្មី​របស់​ប្រទេស​ថៃ

នៅ​ក្នុង​ប្រទេស​ថៃ គណបក្ស​ជាប់​ឆ្នោត​ថ្មី​គ្រោង​នឹង​បង្កើន​តម្លៃ​ស្រូវ​ជូន​កសិករ​ថៃ។ ប៉ុន្តែ​សមាគម​នាំ​អង្ករ​ចេញ​របស់​​ថៃ​បាន​និយាយ​ថា ការ​បង្កើន​ថ្លៃ​ស្រូវ​នៅ​ក្នុង​ប្រទេស​ថៃ​នឹង​ជំរុញ​អោយ​ពួកគេ​ទិញ​ស្រូវ​ពី​ប្រទេស​កម្ពុជា វៀតណាម ​និង​ភូមា​ទៅវិញ។ តើ​នយោបាយ​ថ្មី​របស់​ថៃ​មាន​ផល​ប៉ះពាល់​យ៉ាង​ដូចម្តេច​ខ្លះ​មក​ដល់​តម្លៃ​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា?

រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​នាំអង្ករ​ចេញ​ឲ្យ​បាន​១លាន​តោន នៅ​ឆ្នាំ​២០១៥
រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​នាំអង្ករ​ចេញ​ឲ្យ​បាន​១លាន​តោន នៅ​ឆ្នាំ​២០១៥ © អ៊ឹម​ ណាវិន
ផ្សាយពាណិជ្ជកម្ម

ឈ្មួញ​រកស៊ី​នាំ​អង្ករ​ចេញ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ផ្តល់​ទស្សនៈ​ផ្សេង​ៗ​គ្នា ​ជុំវិញ​នយោបាយ​ថ្មី​របស់​គណបក្ស​លោក ស្រី យីង ឡាក់ អនាគត​នាយក​រដ្ឋ​មន្ត្រី​ស្រី​ទីមួយ​ នៃ​ព្រះរាជាណាចក្រ​ថៃ។ គណបក្ស​​​ជាប់​ឆ្នោត​ថ្មី​​ ដែល​ដឹកនាំ​ដោយ​លោក​ស្រី យីង ឡាក់ តែ​មាន​ស្រមោល​លោក ថាក់ស៊ីន នៅ​ពីក្រោយ​នោះ មាន​គម្រោង​ដំឡើង​តម្លៃ​ស្រូវ​ជូន​កសិករ​ថៃ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។ ប៉ុន្តែ​គម្រោង​នេះ​ហាក់បីដូច​ជា​ធ្វើ​អោយ​សមាគម​នាំ​អង្ករ​ចេញ​របស់​ថៃ​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ ដោយសារ​ការ​ដំឡើង​ថ្លៃ​នេះ​នឹង​ធ្វើ​អោយ​តម្លៃ​ដើម​ សម្រាប់​នាំ​អង្ករ​ចេញ​ឡើង​ថ្លៃ ហើយ​​វា​ប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ​នាំ​អង្ករ​ចេញ។

សមាគម​នាំ​អង្ករ​ចេញ​នៃ​ប្រទេស​ថៃ​បាន​និយាយ​នៅ​ក្នុង​កាសែត​ជាភាសា​​អង់គ្លេស​របស់​ថៃ​ថា ពួកគេ​នឹង​បង្វែរ​​ទៅ​ទិញ​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម​ និង​ប្រទេស​ភូមា​វិញ ព្រោះ​ នៅ​ទី​នោះ ​តម្លៃ​អាច​ថោកជាង​នៅ​ក្នុង​ប្រទេស​ថៃ។

លោក អ៊ុត រ៉េន អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​នាំចេញ​អង្ករ​កម្ពុជា​ Mega Green Cambodia បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា នយោបាយ​ថ្មី​របស់​ប្រទេស​ថៃ​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ច្រើន​ជូន​ដល់​កសិករ​ខ្មែរ​ ពីព្រោះ​ថា​ នៅ​ពេល​ដែល​ឈ្មួញ​ថៃ​មក​ទិញ​ស្រូវ​ពី​កម្ពុជា កសិករ​ខ្មែរ​អាច​លក់​ស្រូវ​បាន​ក្នុង​តម្លៃ​កាន់​តែ​ថ្លៃ។

គម្រោង​ទិញ​ស្រូវ​របស់​ថៃ​នៅ​ពេល​នេះ​មិន​មែន​ជា​រឿង​ថ្មី​ស្រឡាង​នោះ​ទេ​។ តាមពិត​ បើ​ទោះ​បី​ជា​មិន​មាន​នយោបាយ​ថ្មី​របស់​ថៃ​ក៏​ដោយ ​ក៏​ឈ្មួញ​ថៃ​ និង​ឈ្មួញ​វៀតណាម​ នា​ពេល​កន្លង​មក​ នាំ​គ្នា​ចូល​មក​ទិញ​ស្រូវ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​កិន​ចេញ​ជា​អង្ករ​លក់​ទៅ​អោយ​ទីផ្សារ​អន្តរជាតិ​របស់​គេ​ដែរ។ ប៉ុន្តែ​គ្រាន់​តែ​ថា នយោបាយ​ថ្មី​របស់​ថៃ​នេះ​អាច​ជំរុញ​អោយ​ឈ្មួញ​ថៃ​ទិញ​ស្រូវ​ពី​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

ការ​បង្កើន​ការ​ទិញ​ស្រូវ​ពី​ប្រទេស​កម្ពុជា ​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​កសិករ​ខ្មែរ​ ពីព្រោះ​ថា កសិករ​ខ្មែរ​អាច​ទារ​តម្លៃ​ឡើង​បាន​ រវាង​ឈ្មួញ​ជនជាតិ​វៀតណាម​ ជនជាតិ​ថៃ ​និង​ជនជាតិ​ខ្មែរ។ ប៉ុន្តែ​ឈ្មួញ​ជនជាតិ​ខ្មែរ​មួយ​ចំនួន​ ដែល​ទិញ​ស្រូវ​ដើម្បី​កិន​ចេញ​ជា​អង្ករ​លក់​ទៅ​ទីផ្សារ​បរទេស​ដែរ​នោះ​ នឹង​អាច​ប្រឈម​នឹង​បញ្ហា​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង។ ឈ្មួញ​នាំ​អង្ករ​ចេញ​ខ្មែរ​មួយ​ចំនួន​នឹង​ត្រូវ​បង្ខំចិត្ត​បង្កើន​តម្លៃ​អង្ករ​នា​ពេល​អនាគត ដែល​​អាច​ប៉ះពាល់​ដល់​ការ​នាំ​អង្ករ​ចេញ​របស់​ខ្មែរ​ដែរ។

នយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​កំណត់​ថា​នឹង​ត្រូវ​នាំ​អង្ករ​ចេញ​អោយ​បាន​១​លាន​តោន នៅ​ឆ្នាំ​២០១៥​ខាងមុខនេះ។ ប៉ុន្តែ​សម្រាប់​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១១​នេះ ប្រទេស​កម្ពុជា​ទើប​នាំ​អង្ករ​ចេញ​បាន​៦​ម៉ឺន​តោន​ប៉ុណ្ណោះ។ បើ​យោង​តាម​ល្បឿន​នេះ គម្រោង​១​លាន​តោន នៅ​ឆ្នាំ​២០១៥​ របស់​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ទទួល​​បរាជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ