អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស៊ីរី ជា​ជង្រុក​ស្តុក​អាវុធគីមី​ដ៏​សំខាន់​មួយ និង​មាន​ប្រសិទ្ធិភាព​នៅ​ក្នុង​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ស៊ីរី អ្វី​ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​កំពុង​ព្រួយបារម្ភ និង​បញ្ចេញ​ប្រតិកម្ម​ខ្លំាង​នោះ គឺ​ការ​ប្រើ​អាវុធគីមី។ រហូត​មក​ដល់​សព្វថ្ងៃ និង​ឲ្យ​តែ​មាន​ការ​ផ្ទុះ​ចេញ​នូវ​ការ​ប្រើអាវុធគីមី​ម្តងៗ រដ្ឋាភិបាល និង​ក្រុមប្រឆំាង​តែងតែ​បាន​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញ ទៅមក។ តើ​វត្តមាន​អាវុធគីមី​នៅ​ស៊ីរី​បាន​ចាប់​កំណើត​យ៉ាង​ដូចម្តេច និង​ថា​តើ​មាន​ប្រទេស​ណា​ខ្លះ​ដែល​បាន​ជួយ​បណ្តុះបណ្តាល​ស៊ីរី​ឲ្យ​ចេះ​ផលិតអាវុធគីមី ?

រូបថត​លោក​ប្រធានាធិបតី​ស៊ីរី អាសាដ
រូបថត​លោក​ប្រធានាធិបតី​ស៊ីរី អាសាដ REUTERS/Khaled al-Hariri/Files
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​ដំបូង​នៅ​ដើម​ទសវត្ស​ឆ្នំា ៨០ បន្ទាប់​ពី​ប្រទេស​ស៊ីរី​បាន​ចាញ់​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ចំនួន ៣លើក​បន្តបន្ទាប់​គ្នា គឺ​ឆ្នំា ១៩៦៧ ១៩៧៣ និង​ម្តង​ទៀត​ក្នុង​ឆ្នំា ១៩៨២។ គឺ​ចាប់​ពី​ពេល​នោះ​ហើយ​ដែល​ស៊ីរី​បាន​ផ្តើម​អភិវឌ្ឍ​កម្មវិធី​អាវុធ​គីមី​ស្ងាត់ៗ​ដោយ​លើក​យក​ហេតុផល​ថា អ៊ីស្រាអែល​ក៏​បាន​លួច​ធ្វើ​ការ​អភិវឌ្ឍន៍​គ្រាប់បែក​បរមាណូ​ដែរ។ ទីក្រុង​ដាម៉ាស​បាន​ពន្យល់​បក​ស្រាយ​ថា ខ្លួន​មិន​អាច​បោះបង់​ចោល​នូវ​កម្មវិធី​អាវុធគីមី​របស់​ខ្លួន​បាន​ទេ ដរាប​ណា​អ៊ីស្រាអែល​នៅ​តែ​ជា​ប្រទេស​គំរាមកំហែង​សន្តិសុខ​ចំពោះ​ខ្លួន​នោះ។ ស៊ីរី​បាន​ចាប់​ផ្តើម​ផលិត​អាវុធគីមី​ដោយ​ខ្លួន​ឯង​ក្នុង​ឆ្នំា ១៩៧១ នៅ​មជ្ឈមណ្ឌល​សិក្សា និង​ស្រាវជ្រាវ​ក្នុង​ទីក្រុង​ដាម៉ាស។ សព្វថ្ងៃ មជ្ឈមណ្ឌល​នេះ​ជា​អ្នកគ្រប់គ្រង​កម្មវិធី​អាវុធគីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។

នៅ​ពេល​ចាប់​ផ្តើម​ផលិត​អាវុធគីមី​លើកដំបូង ទីក្រុង​ដាម៉ាស​អត់ស្គាល់​បច្ចេកវិជ្ជា និង​ក៏​គ្មាន​ចំណេះដឹង​ផ្នែក​វិទ្យាសាស្រ្ត​អ្វី​ដើម្បី​ផលិតអាវុធគីមី​ឲ្យ​បាន​ជោគជ័យ​ដែរ។ តែ​ជំនួយ​ពី​ប្រទេស​ជិតខាង ក៏​ដូច​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប​បាន​អនុញ្ញាត​ឲ្យ​ស៊ីរី​ក្លាយ​ជា​ប្រទេស​ដែល​អាច​ផលិត​អាវុធគីមី​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​ដែល​មាន​បរិមាណស្តុក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ពិភពលោក។ បទពិសោធន៍ និង​សមត្ថភាព​នៃ​ការ​ផលិត​អាវុធគីមី​ដែល​ស៊ីរី​មាន​បច្ចុប្បន្ន គឺ​បាន​មក​ពី​ជំនួយ​របស់​អ្នកដទៃ​តែ​ម្តង។

យោង​តាម​មជ្ឈមណ្ឌល​សិក្សា​ផ្នែក​សន្តិសុខ​អន្តរជាតិ និង​គ្រប់គ្រង​គ្រឿងសព្វាវុធ​ឲ្យ​ដឹង​ថា អេហ្ស៊ីប គឺ​ជា​ប្រទេសទី១​​ដែល​បាន​លក់​សមាសភាពគមី​ទៅ​ឲ្យ​ស៊ីរី មុន​សង្រ្គាម Kippour ក្នុង​ឆ្នំា ១៩៧៣។ តែ​តំាង​ពី​ទសវត្ស​ឆ្នំា ៨០ មក ទីក្រុង​ដាម៉ាស​ក៏​បាន​ផ្តើម​អភិវឌ្ឍ​កម្មវិធី​អាវុធគីមី​ដោយ​ខ្លួន​ឯង និង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សហភាពសូវៀត អ៊ីរ៉ង់ ចិន និង​ប្រទេស​កូរ៉េខាងជើង។ ស៊ីរី​មាន​ទីតំាង​ផលិត​អាវុធគីមី​មិន​តិច​ជាង ៤កន្លែង​ទេ។ យោង​តាម​ក្រុមហ៊ុន Global Security មាន​សមាសភាព​គីមី​ភាគច្រើន​ត្រូវ​បាន​ស៊ីរី​នំា​ចូល​ពី​ប្រទេស​អឺរ៉ុប ដូច​យ៉ាង​ហូឡង់ ស្វីស បារំាង អូទ្រីស និង​អាល្លឺម៉ង់។ ពី​ប្រទេស​បារំាង ទីក្រុង​ដាម៉ាស​បាន​ទិញ​ផលិតផល​ថ្នំាពេទ្យ​មួយ​ចំនួន​ដែល​អាច​យក​ទៅ​ផ្សំ​ធ្វើ​ជា​អាវុធគីមី​បាន នេះ​បើ​យោង​តាម​ក្រុមហ៊ុន Global Security។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​ស៊ីរី​ក៏​បាន​នំា​ចូល​នូវ​ផលិតផល​គីមី​មួយ​ចំនួន​ដែល​អាច​ប្រើ​បាន​នៅ​ក្នុង​វិស័យ​កសិកម្ម​ផង និង​ផ្សំ​ធ្វើ​ជា​អាវុធគីមី​គ្រប់​ប្រភេទ​ផង។

គឺ​ទើប​តែ​នៅ​ក្រោយ​ឆ្នំា ១៩៨៥ ទេ ដែល​ការ​នំា​ចូល​សមាសភាពគីមី​មាន​ការ​លំបាក​ខ្លំាង ក្រោយ​ពី​អង្គការ Australia Group បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​ការ​ពង្រឹង​លើ​ការ​នំា​ចេញ​ផលិតផល​គីមី។ អង្គការ Australia Group ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន ៤០ ដើម្បី​ប្រយុទ្ធប្រឆំាង​នឹង​ការ​សាយភាយ​សារធាតុ​គីមី ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​ប្រើ​អាវុធគីមី​ប្រឆំាង​ជនជាតិ Kurde ក្នុង​ប្រទេស​អ៊ីរ៉ាក់។ តំាង​ពី​ពេល​នោះ​មក និង​ដើម្បី​អាច​បន្ត​ការ​អភិវឌ្ឍន៍​កម្មវិធី​អាវុធគីមី​របស់​ខ្លួន ទីក្រុង​ដាម៉ាស​ក៏​បាន​ងាក​ទៅ​រក​តែ​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លិច​ពីរ​ប្រទេស គឺ​រុស្ស៊ី និង​អ៊ីរ៉ង់។

យោង​តាម​ក្រុម​អ្នកឯកទេស​យោធា ស៊ីរី​ច្រើន​ស្តុក​សារធាតុគីមី​របស់​ខ្លួន​ក្រោម​ទ្រង់ទ្រាយ​ជា​វត្ថុរាវ​នៅ​ក្រោមដី​យ៉ាង​ជ្រៅ និង​ដោយ​មាន​សន្តិសុខ​យ៉ាង​ត្រឹមត្រូវ​នៅ​តាម​មូលដ្ឋាន​យោធា​សំខាន់ៗ​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​ស្តុកទុក​នៅ​ក្នុង​រូងព្រៃភ្នំ​ដាច់​ស្រយាល​ដែរ។ តាម​ក្រុមអ្នកឯកទេស​យោធា​ដដែល ស៊ីរី​បាន​យក​សារធាតុគីមី​ទៅ​ដាក់​នៅ​ក្នុង​ក្បាលគ្រាប់មីស៊ីលអន្តរទ្វីប ឬមួយ​ក៏​នៅ​ក្នុង​ក្បាលគ្រាប់កំាភ្លើងត្បាល់​ជា​ដើម។ មាន​សារធាតុគីមី​ជា​ច្រើន​ប្រភេទ​ដែល​ស៊ីរី​បាន​ផលិត ក្រោម​រូបភាព​ជា​ឧស្ម័នគីមី តែ​អ្វី​ដែល​គ្រប់គ្នា​បាន​និយាយ និង​បាន​ឮ​មក​ដល់​ពេល​នេះ​នោះ គឺ​ការ​ប្រើ​ឧស្ម័នសារ៉ាង « Gaz sarin) ពី​សំណាក់​ទាហាន​ស៊ីរី​វាយប្រហារ​លើ​ក្រុមប្រឆំាង។ ឧស្ម័នសារ៉ាង គឺ​ជា​ឧស្ម័នពុលខ្លំាង និង​ដែល​មាន​ប្រតិកម្មផ្ទាល់​យ៉ាង​សាហាវ​លើ​ប្រព័ន្ធសរសែប្រសាទ​របស់​មនុស្ស ក៏​ដូច​ជា​សត្វ។

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​មិន​ទាន់​អាច​ដឹង​បាន​ទេ​ថា តើ​ស៊ីរី​មាន​ស្តុកបរមាណ​អាវុធគីមី​ប៉ុន្មាន​តោន​នោះ ហើយ​រហូត​មក​ដល់​ពេល​នេះ​ទៀត ក៏​ក្រុម​ប្រទេសលោកខាងលិច​ដែល​មាន​អាមេរិក​ជា​មេខ្លោង ក៏​នៅ​តែ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា របបក្រុង​ដាម៉ាស​ជា​អ្នក​ប្រើ​អាវុធគីមី​សម្លាប់​ពលរដ្ឋខ្លួន។ តែ​ទីក្រុង​ដាម៉ាស​ធ្លាប់​បាន​បញ្ជាក់​ម្តងហើយ ម្តង​ទៀត​ថា ខ្លួន​ប្រើ​អាវុធគីមី​តែ​ក្នុង​ករណី​ណា​ដែល​មាន​ការ​ឈ្លានពាន​ពី​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​ប្រើ​ដើម្បី​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​ទេ។ អ្វី​ដែល​បស្ចិមលោក​ហ៊ាន​អះអាង​នៅ​ពេល​នេះ​នោះ​គឺ​ថា ស៊ីរី គឺ​ជា​ជង្រុក​ស្តុកអាវុធគីមី​មួយ​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់​នៅ​ក្នុង​ពិភពលោក។ តែ​ទីក្រុង​ដាម៉ាស​ធ្លាប់​បាន​បញ្ជាក់​ម្តងហើយ ម្តង​ទៀត​ថា ខ្លួន​ប្រើ​អាវុធគីមី​តែ​ក្នុង​ករណី​ណា​ដែល​មាន​ការ​ឈ្លានពាន​ពី​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​ប្រើ​ដើម្បី​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​ទេ។

គួរ​រម្លឹកជូន​ថា ស៊ីរី​មិន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញាអន្តរជាតិ​ស្តីពី​ការ​ហាម​ប្រើ​អាវុធគីមី​ទេ តែ​បាន​គំាទ្រ​ការ​ហាម​មិន​ឲ្យ​ប្រើ​អាវុធ​ប្រល័យលោក​នៅ​តំបន់ដើមបូព៌ា។ ចំណែក​ប្រទេស​អ៊ីស្រាអែល​វិញ ទីក្រុង​ហ៊្សេរុយសាឡិម​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញាអន្តរជាតិ​ស្តីពី​ការ​ហាម​ប្រើ​អាវុធគីមី តែ​នៅ​មិន​ទាន់​បាន​ឲ្យ​សច្ចាប័ន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ